ស្នងការនគរបាលខេត្តបន្ទាយមានជ័យចាត់តាំងក្រុមការងារចុះសួរសុខទុក្ខ និងនាំយកថវិកាឧបត្ថម្ភ ជូនដល់កម្លាំងនគរបាល ដែលកំពុងសម្រាកព្យាបាលរបួស
AKP បន្ទាយមានជ័យ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥-- ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ លោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចាត់តាំងក្រុមការងារមួយដឹកនាំដោយលោក ឧត្ដមសេនីយ៍ត្រី វ៉ាត ចន្ថា ស្នងការរង និងលោក ឧត្ដមសេនីយ៍ត្រី ប៊ុន ផេង ស្នងការរងផែនការងារអាវុធគ្រឿងផ្ទុះ រួមនឹងសហការី អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់កម្លាំងនគរបាលដែលរងរបួស។ គោលបំណង លើកទឹកចិត្ត និងបង្ហាញការយកចិត្តទុកដាក់ចំពោះកម្លាំងនគរបាលដែលបានពលីកម្លាំងកាយ ដើម្បីការពារបូរណភាពទឹកដី។

កម្លាំងនគរបាលសរុប៨រូប ដែលរងរបួសក្នុងពេលមានសង្គ្រាមរវាងកម្ពុជា-ថៃ បានឈ្លានពានទឹកដីក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យកំពុងព្យាបាលរបួសមាននៅ មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី១រូប មន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះ ៥រូប មន្ទីរពេទ្យនៅរាជធានី (ភ្នំពេញ) ២ រូប។ អំណោយដែលបាននាំយកទៅជូនរួមមាន ថវិកាសរុប ៨,០០០,០០០ (ប្រាំបីលាន) រៀល កន្ត្រកផ្លែឈើ៨កន្ត្រក។

ក្នុងឱកាសនោះ លោកឧត្ដមសេនីយ៍ត្រី វ៉ាត ចន្ថា បានពាំនាំនូវការសួរសុខទុក្ខយ៉ាងជ្រាលជ្រៅពីសំណាក់ លោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងបានថ្លែងនូវការកោតសរសើរចំពោះស្មារតីពលីកម្មរបស់កងកម្លាំងនគរបាលទាំងអស់។ “ក្នុងនាមថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្ត យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមជូនពរដល់កងកម្លាំងនគរបាលទាំង៨រូបឆាប់ជាសះស្បើយ និងឆាប់បានវិលត្រឡប់មកចូលរួមបម្រើការងារនៅអង្គភាពវិញ ដើម្បីបន្តរួមចំណែកការពារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈជូនជាតិមាតុភូមិ”។

លោកឧត្ដមសេនីយ៍ត្រី វ៉ាត ចន្ថា បានលើកឡើងថា ការចុះសួរសុខទុក្ខនេះគឺជាការបង្ហាញពីការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំនគរបាលជាតិ ចំពោះសុខទុក្ខរបស់កងកម្លាំង ដែលបានបំពេញភារកិច្ចយ៉ាងសកម្មក្នុងការថែរក្សាសន្តិសុខ និងការពារទឹកដី៕
ដោយ ឈុន សារ៉ាត





