រដ្ឋបាលខេត្តកំពង់ឆ្នាំងថ្លែងអំណរគុណដល់បងប្អូនឧបត្ថម្ភដល់បងៗកងទ័ពជួរមុខ និងជនភៀសសឹក
AKP កំពង់ឆ្នាំង ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ -- ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ ផាត សុផាន្នី-ស៊ុន សុវណ្ណារិទ្ធិ បានឈរជាប់ជាមួយក្រុមការងាររដ្ឋបាលខេត្ត ដើម្បីជួយសម្របសម្រួលទទួលគ្រឿងឧបភោគបរិភោគ និងសម្ភារៈពីសប្បុរសជនសម្រាប់ឧបត្ថម្ភដល់បងៗកងទ័ពជួរមុខ និងជនភៀសសឹកពីសង្គ្រាមឈ្លានពានរបស់ពួកសៀម នៅស្នាក់ការរដ្ឋបាលខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ដោយមានការនិមន្តចូលរួមពីព្រះធម្មវនវាសី ចន្ទ មុនី ព្រះសង្ឃាធិបតីវត្តចន្ទប្បជោត្តនារាម ហៅវត្តតាសុត លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង និងសប្បុរសជនជាច្រើននាក់ផងដែរ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ បានបង្ហាញយ៉ាងច្បាស់អំពីស្មារតីសាមគ្គីភាពជាធ្លុងមួយនៃមហាគ្រួសារខ្មែរតែមួយ និងការជួយគ្នាក្នុងគ្រាលំបាក ដែលបង្កឡើងពីទង្វើទុច្ចរិត និងមហិច្ចតាឈ្លានពានរបស់ថៃមកលើកម្ពុជាយើង។ រាជរដ្ឋភិបាលបានយកចិត្តទុកដាក់ក្នុងការរៀបចំទីជម្រកសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋភៀសសឹកចាកចេញពីភូមិឋានដ៏កក់ក្តៅរបស់ខ្លួន តែប្រែក្លាយជាទីតាំងផុយស្រួយ បណ្តាលមកពីសង្គ្រាមឈ្លានពានពីសំណាក់ប្រទេសថៃ ដើម្បីរំលោភយកទឹកដីកម្ពុជាយ៉ាងកំរោល។

ទន្ទឹមនឹងនេះដែរ ឯកឧត្ដមបានបន្តថា ប្រជាពលរដ្ឋដែលបានធ្វើដំណើរមកពីស្រុកកំណើត-ភ្នំពេញ-ទៅតាមបណ្ដាខេត្តនានា បានបង្ហាញអារម្មណ៍ពេញចិត្តយ៉ាងក្រៃលែង និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ដល់រថយន្តក្រុងឱ្យពួកគាត់ជិះវិលត្រឡប់មកដោយមិនបង់ប្រាក់ក្នុងឱកាសដែលពលរដ្ឋខ្មែរកំពង់ជួបការលំបាក និងស្បៀងអាហារ ដែលជាការរួមចំណែកជួយសម្រាលបន្ទុកដ៏ធ្ងន់ធ្ងររបស់បងប្អូនជនភៀសសឹកក្នុងដំណាក់កាលដ៏លំបាកនេះ។

ឯកឧត្ដមអភិបាលខេត្តបានថ្លែងអំណរគុណដល់បងប្អូន អ៊ំពូមីង តាយាយ ជាកម្លាំងគាំទ្រដ៏សកម្មនៃមហាគ្រួសារខ្មែរ ដែលបានខិតខំយ៉ាងសស្រាក់សស្រាំ និងប្រើប្រាស់គ្រប់មធ្យោបាយក្នុងការកៀរគរមូលនិធិទាំងថវិកា និងសម្ភារៈ ព្រមទាំងការផ្តល់កម្លាំងចិត្ តនិងសម្ភារៈផ្សេងៗជូនដល់វីរកងទ័ពជួរមុខ ជាពិសេសរៀបចំស្បៀងអាហារដោយសុទ្ធចិត្តតាមសទ្ធា តាមរយៈយន្តការផ្សេងៗគ្នា ដើម្បីផ្តល់ជូនបងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅ និងតម្រូវការប្រើប្រាស់ប្រចាំថ្ងៃផងដែរ។

សូមបញ្ជាក់ផងដែរឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ លោកជំទាវជំទាវ កែ ច័ន្ទមុនី និងព្រះធម្មវនវាសី ចន្ទ មុនី បានជួបសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូនបងប្អូនភៀសសឹកមកពីព្រំដែន និងគ្រួសារវីរកងទ័ពចំនួន ៣៩គ្រួសារ នៅឃុំពង្រ ស្រុករលាប្អៀរ៕




ដោយ: បៃ ស៊ីថុន





