អាជ្ញាធរខេត្តកណ្តាល ប្រជាពលរដ្ឋ ព្រះសង្ឃ សិស្សានុសិស្ស ដាល់អំបុកជួយដល់វីរកងទ័ពជួរមុខ និងជនភៀសសឹក
AKP កណ្តាល ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ -- ក្នុងស្មារតីស្នេហាជាតិមាតុភូមិ រួមកម្លាំងសាមគ្គីជាតិ និងដើម្បីផ្ដល់កម្លាំងចិត្ត និងបង្ហាញពីការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ពទាំងអស់ដែលបានលះបង់កម្លាំងកាយចិត្តការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែន (កម្ពុជា-ថៃ) កាលពីរសៀលថ្ងៃ១២ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ អ៊ូ ធីតាពៅ ភរិយាឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល និងលោកជំទាវ ស៊្រុន ស្រីនាង អភិបាលរងខេត្ត ព្រមទាំងមន្ទីរជុំវិញខេត្ត និងអាជ្ញាធរស្រុកកៀនស្វាយ បានចូលរួមជាមួយប្រជាពលរដ្ឋ ព្រះសង្ឃ និងសិស្សានុសិស្ស ដាល់អំបុកសម្រាប់ផ្តល់ជូនដល់វីរកងទ័ពដែលកំពុងឈរជើងនៅជួរមុខ ក្នុងបរិវេណវត្តស្លាកែត ឃុំគគីរ ស្រុកកៀនស្វាយ ស្របតាមតាមពាក្យស្លោក «អំបុកស្រូវថ្មី វាយសត្រូវឈ្លានពាន» របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

លោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្ដាល បានបញ្ជាក់ថា រដ្ឋបាលខេត្តកណ្ដាល និងប្រជាពលរដ្ឋទាំងអស់បានរៀបចំព្រឹត្តិការណ៍ដាល់អំបុកនាពេលនេះ គឺមានគោលបំណងដើម្បីបញ្ជូនទៅជួយជាស្បៀងដល់វីរៈកងទ័ពនៅជួរមុខ និងជនភៀសសឹក ហើយកាលដាល់អំបុកនៅពេលនេះ គឺមិនត្រឹមតែជួយដល់វីរៈកងទ័ពប៉ុណ្ណោះទេ តែក៏បានបង្ហាញពីស្មារតីការរួបរួមសាមគ្គីភាពឯកភាពជាតិខ្មែរតែមួយ ហើយការដាល់អំបុកនេះដែរ គឺមិនមែនមានតែនៅក្នុងស្រុកកៀនស្វាយនេះទេ គឺរដ្ឋបាលខេត្តបានដាក់គោលដៅសម្រាប់គ្រប់ក្រុង-ស្រុកទាំង១៣ ដោយក្នុងមួយក្រុង-ស្រុកត្រូវត្រៀមអំបុកចំនួន ១តោន។

លោកជំទាវអភិបាលរងខេត្ត ក៏បានធ្វើការអំពាវនាវទៅដល់អាជីវករលក់ស្រូវ និងអ្នកលក់អំបុក សូមមេត្តាកុំយកឱកាសនេះក្នុងការដំឡើងថ្លៃ ពីព្រោះពេលនេះ គឺជាពេលវេលាដែលយើងទាំងអស់គ្នាត្រូវតែរួមគ្នាជួយដល់ជាតិ ដោយលោកជំទាវបានបញ្ជាក់ទៀតថា ក្រៅពីអំបុកសម្រាប់ជួយដល់កងទ័ព រដ្ឋបាលខេត្តក៏សូមធ្វើការអំពាវនាវទៅដល់សប្បុរសជននានា សូមមេត្តាបន្តជួយឧបត្ថម្ភតាមរយៈរដ្ឋបាលខេត្តក្តី រដ្ឋបាលក្រុង-ស្រុកក្ដី មានជាអង្ករ មី ត្រីខ ទឹក សម្ភារៈប្រើប្រាស់ ខោអាវ ថ្នាំពេទ្យជាដើម ទៅតាមលទ្ធភាពដើម្បីជួយដល់ជនភៀសសឹក ក៏ដូចជាវីរៈកងទ័ពនៅជួរមុខផងដែរ។

លោក មុត សារិទ្ធ មេឃុំគគីរ ស្រុកកៀនស្វាយ បានមានប្រសាសន៍ថា ការដាល់អំបុកគិតត្រឹមព្រឹកមិញនេះ គឺបានចំនួន ៣៥០គីឡូក្រាម ហើយយើងទាំងអស់គ្នាតាំងចិត្តនឹងប្ដេជ្ញាដាល់អំបុកឱ្យបានចំនួន ១តោនហើយ សម្រាប់ជួយដល់វីរៈកងទ័ព និងជនភៀសសឹក។ លោកបានធ្វើការអំពាវនាវទៅដល់ប្រជាពលរដ្ឋទាំងអស់ សូមបន្តជឿជាក់ និងគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា និងវារៈកងទ័ពជួរមុខ ចំពោះការដោះស្រាយ និងការទប់ទល់ជាមួយចោរឈ្លានពាន៕


ដោយ: ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





