ឯកឧត្តម កែ គឹមយ៉ាន បានជំរុញដល់ក្រុមការងារត្រូវបន្តជួយពលរដ្ឋភៀសសឹកតទៅទៀត និងបន្តរក្សាសាមគ្គីភាពជាមហាគ្រួសារខ្មែរតែមួយ ដើម្បីរួមគ្នាប្រឆាំងនឹងកងទ័ពឈ្លានពានថៃនេះ
AKPបន្ទាយមានជ័យថ្ងៃទី១៤ខែធ្នូឆ្នាំ២០២៥ – ឯកឧត្តម កែ គឹមយ៉ាន តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានផ្តាំផ្ញើដោយជំរុញដល់ក្រុមការងារទាំអស់ត្រូវបន្តយកចិត្តទុកដាក់ជួយដល់ប្រជាពលរដ្ឋភៀសសឹកតទៅទៀត និងបានអំពាវនាវសូមបន្តរក្សាសាមគ្គីភាពជាមហាគ្រួសារខ្មែរតែមួយ ដើម្បីរួមគ្នាប្រឆាំងនឹងកងទ័ពឈ្លានពានថៃមកលើដែនអធិតេយ្យភាពរបស់កម្ពុជាយើងនេះ។

ការថ្លែងយ៉ាងដូច្នេះក្នុងឱកាសឯកឧត្តម កែ គឹមយ៉ាន បានដឹកនាំប្រតិភូក្រុមការងារ រួមនិងអាជ្ញាធរដែនដី អញ្ជើញទៅសួរសុខទុក្ខនិងជួបពិភាក្សាជាមួយក្រុមការងារប្រចាំការជួយជនភៀសសឹកនៅមណ្ឌលបូរីចំការតាដោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យកាលពីរសៀលថ្ងៃសៅរ៍ ទី១៣ខែធ្នូឆ្នាំ២០២៥នេះ។

ជាមួយនេះ ឯកឧត្តម កែ គឹមយ៉ាន បានថ្លែងអំណរគុណដល់ក្រុមការងារ និងអ្នកពាក់ព័ន្ធទាំងអស់ ចំពោះការខិតខំជួយសម្របសម្រួលគ្រប់បែបយ៉ាងដោយមិនគិតពីនឿយហត់ ក្នុងពេលដែលប្រជាពលរដ្ឋមានទុក្ខលំបាក ទទួលរងនូវការឈ្លានពានពីកងទ័ពថៃ។
ឯកឧត្តម កែ គឹមយ៉ាន បានបន្តអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋទាំងអស់ សូមបន្តផ្តល់ការជឿជាក់យ៉ាងពេញទំហឹងលើ រាជរដ្ឋាភិបាល ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និង សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងការខិតខំប្រឹងប្រែងការពារ អធិបតេយ្យភាពទឹកដី និង ការពារសុខទុក្ខប្រជាពលរដ្ឋ ទូទាំងប្រទេស។

បន្ថែមពីនេះឯកឧត្តមបានក្រើនរម្លឹកដល់បងប្អូនពលរដ្ឋភៀសសឹកសូមរស់នៅក្នុងភាពសាមគ្គីគ្នាត្រូវចេះអត់ធ្មត់ស្តាប់តាមការណែនាំរបស់អាជ្ញាធរហើយត្រូវចេះថែរក្សាសុខភាពដោយការធ្វើអនាម័យឱ្តបានស្អាតជានិច្ច។
យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ គិតត្រឹមថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ នេះ ខេត្តបន្ទាយមានជ័យ មានជនភៀសសឹកកើនដល់ ៣៦.១៣០គ្រួសារ ស្មើនឹងមនុស្សសរុប ១២៤.៣០៥នាក់ ដែលកំពុងស្នាក់នៅតាមជំរំសុវត្ថិភាពជាច្រើនកន្លែង ដែលអាជ្ញាធរខេត្ត និងស្រុកបានរៀបចំជូន។ ជំរំទាំងនោះ ត្រូវបានផ្តល់អំណោយជាសម្ភារប្រើប្រាស់ និងស្បៀងអាហារជាបន្តបន្ទាប់ ដើម្បីធានាដល់ការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់៕
ដោយ៖ ឈុន សារ៉ាត





