ឯកឧត្តម ជា វ៉ាន់ដេត ចុះជួបសួរសុខទុក្ខបងប្អូនជនភៀសសឹកនៅស្រុកស្រីស្នំ
AKP ភ្នំពេញថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០២៥–ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួង នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ បានចុះជួបសួរសុខទុក្ខនិងចែកអំណោយដោយផ្ទាល់ជូនបងប្អូនជនភៀសសឹកក្នុងស្មារតីតែមួយ ខ្មែរតែមួយ ដើម្បីរួមគ្នាជួយដល់បងប្អូនជនភៀសសឹកដែលរងគ្រោះ ដោយសារសង្គ្រាមឈ្លានពានយ៉ាងឃោរឃៅពីសំណាក់យោធាថៃ នៅ ស្រុកស្រីស្នំ ។

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនប្រជាពលរដ្ឋជនភៀសសឹក ។ ឯកឧត្តម អំពាវនាវឱ្យបន្តរួមគ្នាជាកម្លាំងសាមគ្គីជាតិដ៏រឹងមាំ ជាកម្លាំងជួរក្រោយ គាំទ្រវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន និងជឿជាក់លើរាជរដ្ឋាភិបាល ដែលមិនបោះបង់ប្រជាពលរដ្ឋណាមួយនោះទេ។

ជាមួយគ្នានោះ ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានថ្លែងនូវការកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត រដ្ឋបាលស្រុកក៏ដូចជា កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការជម្លៀសប្រជាពលរដ្ឋ ដែលរងគ្រោះក្នុងការឈ្លានពានពីប្រទេសថៃ មកកន្លែងមានសុវត្ថិភាព ព្រមទាំងបានរៀបចំកន្លែងស្នាក់នៅ ផ្គត់ផ្គង់អាហារ សម្ភារៈប្រើប្រាស់ និងថែរក្សាអនាម័យជូនប្រជាពលរដ្ឋ។

អំណោយសម្រាប់ប្រជាពលរដ្ឋទាំង ២ ៧៥០ គ្រួសាររួមមាន អង្ករ ចំនួន ៦៨ ៧៥០គីឡូក្រាម ត្រីខ ៥ ៥០០០ កំប៉ុង ថវិកា ២៧៥ លានរៀល សម្រាប់មួយគ្រួសារទទួលបានអង្ករ ២៥ គីឡូ ត្រីខ ២០កំប៉ុង ថវិកា ១០ ម៉ឺនរៀល។

កុមារ និងសិស្សានុសិស្សកូនចៅជនភៀសសឹក ក៏ទទួលបានអំណោយជាទឹកដោះគោ នំ របស់ក្មេងលេង និងថវិកា ២ម៉ឺនរៀល។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្ដល់ថវិកា ៤០ លានរៀលសម្រាប់ រដ្ឋបាលស្រុកស្រីស្នំ ដោះស្រាយតម្រូវការផ្ទាល់នៅទីតាំងស្នាក់នៅបណ្ដោះអាសន្ននេះផងដែរ ៕
ដោយ៖ ណយ នឿន (ប្រភព៖ក្រសួងប្រៃសណីយ៍)





