សមាគមកីឡាក្រសួងការពារជាតិគ្រងជើងឯកកីឡារាំជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥
AKP ភ្នំពេញ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥--សមាគមកីឡារាំក្រសួងការពារជាតិបានគ្រងដំណែងជើងឯក តាមរយៈការឈ្នះមេដាយមាស ប្រាក់ និងសំរឹទ្ធច្រើនជាងគេ រហូតដល់ ១៥គ្រឿង ក្នុងចំណោម១៥វិញ្ញាសា នៅក្នុងការប្រកួតកីឡារាំ ជ្រើសរើសជើងឯកថ្នាក់ជាតិ ដែលបានបិទបញ្ចប់ដោយជោគជ័យ កាលពីយប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ នៅសាលមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) រាជធានីភ្នំពេញ។

សមាគមកីឡារាំក្រសួងការពារជាតិ ដែលឈរលេខ១ ក្នុងចំណោម៥សមាគម គឺដណ្តើមបានមេដាយសរុប ១៥គ្រឿង ក្នុងនោះមាស ៧ ប្រាក់ ៣ និងសំរឹទ្ធ ៥។ ចំណាត់ថ្នាក់លេខ២ សមាគមកីឡាក្រសួងមហាផ្ទៃ មេដាយមាស ៥ ប្រាក់៦ និងសំរឹទ្ធ ៣ សរុប ១៤គ្រឿង ខណៈសមាគមកីឡាខេត្តបាត់ដំបង ឈ្នះមេដាយមាស ៣ ប្រាក់ ២ និងសំរឹទ្ធ២ សរុប ៧គ្រឿង ខណៈខេត្តកំពង់ចាម និងខេត្តកណ្តាល ឈរនៅលេខ៤ និងលេខ៥ ទទួលបានមេដាយប្រាក់ និងសំរឹទ្ធមួយចំនួន។

ថ្លែងក្នុងឱកាសបិទជាផ្លូវការ លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាប្រធានសហព័ន្ធកីឡារាំកម្ពុជាបានគូសបញ្ជាក់ថា ការរៀបចំប្រកួតកីឡារាំ ជើងឯកថ្នាក់ជាតិនេះបានធ្វើឡើង ក្នុងគោលបំណងត្រៀមលក្ខណៈចូលរួមប្រកួតកីឡាអន្តរជាតិនានា នៅពេលខាងមុខ និងផ្សព្វផ្សាយ ដើម្បីអភិវឌ្ឍន៍កីឡារាំកម្ពុជាឱ្យដូចបណ្តាលប្រទេសនានា រួមទាំងគោលដៅបង្កើតឱកាសឱ្យយុវវ័យបង្ហាញនូវជំនាញរាំអន្តរជាតិពិតប្រាកដ និងជំរុញលើកទឹកចិត្តឱ្យយុវវ័យចេះហ្វឹកហាត់ជាក្រុម ដើម្បីបញ្ចេញភាពស្រស់ស្អាត និងជំនាញរាំទំនើបទាន់សម័យ។

លោកជំទាវបន្ថែមថា បច្ចុប្បន្ននេះ សហព័ន្ធកីឡារាំកម្ពុជាកំពុងស្វែងរកដៃគូឧបត្ថម្ភ សម្រាប់ការអភិវឌ្ឍកីឡារាំឱ្យកាន់តែមានគុណផលកាន់តែល្អប្រសើរ ក៏ដូចជាផ្តល់នូវកិច្ចសហការក្នុងស្មារតីកីឡាជាតិ ក្នុងគោលដៅតែមួយ គឺស្វែងរកកិត្តិយសកិត្យានុភាពជាតិ និងឧត្តមភាពកីឡាជាតិក្រោមប្រធានបទ កីឡានាំមកនូវសន្តិភាព និងអភិវឌ្ឍន៍។ ជាមួយគ្នានេះ តាមរយៈកម្មវិធីរបស់សហព័ន្ធនឹងផ្តល់ឱកាសដល់យុវជន និងយុវនារី ដែលមានទេពកោសល្យ និងជំនាញរាំច្បាស់លាស់ឱ្យក្លាយជាកីឡាករ-កីឡាការិនីជាតិ ដើម្បីទទួលបានការហ្វឹកហាត់បន្ថែមពីសហព័ន្ធជាតិនិងអន្តរជាតិ។

បើតាមលោកស្រី ហង់ ស៊ីមន អគ្គលេខាធិការ សហព័ន្ធកីឡារាំកម្ពុជាបានជម្រាបជូនថា ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥នេះប្រើប្រាស់កញ្ចប់ថវិកាគាំទ្រពន្លឿនផែនការអភិវឌ្ឍន៍ប្រចាំឆ្នាំដល់សហព័ន្ធកីឡាជាតិរបស់ក្រសួងអប់រំ យុវជន និងកីឡា រួមទាំងការឧបត្ថម្ភគាំទ្របន្ថែមពីដៃគូអភិវឌ្ឍមួយចំនួនទៀត ដូចជាដៃគូសហការឧបត្ថម្ភ ក្រុមហ៊ុនវេសឡាញន៍គ្រុប ធនាគារអេស៊ីលីដា ធនាគារកាណាឌីយ៉ា នំស្រួយលីលី ទឹកបរិសុទ្ធប្រូវីដា និងសប្បុរសជនផងដែរ។ ជើងឯកថ្នាក់ជាតិឆ្នាំ២០២៥ មានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីចូលរួមសរុប ៦១នាក់ ដោយមានវិញ្ញាសារប្រកួតរាំអន្តរជាតិ Latin Dance (Ball room) និង Standard Dance មាន ១៥វិញ្ញាសា៕

ដោយ ហេង ណាលីន





