ក្រុមមន្ទីរអប់រំខេត្តកំពង់ស្ពឺវាយបកយកឈ្នះខេត្តព្រះសីហនុ វគ្គជម្រុះថ្នាក់ជាតិ ពានសម្តេចតេជោ ហ៊ុន សែន
AKP ភ្នំពេញ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥--ក្រុមមន្ទីរអប់រំខេត្តកំពង់ស្ពឺបានវាយបកយកឈ្នះក្រុមខេត្តព្រះសីហនុ ដោយលទ្ធផលកាត់សេចក្តី ៤-៣ នៅក្នុងការប្រកួតវគ្គជម្រុះថ្នាក់ជាតិ ពានរង្វាន់សម្តេចតេជោ ហ៊ុនសែន រដូវកាល ២០២៥-២០២៦ ដើម្បីស្វែងរក១ក្រុមជាមួយ៤ក្រុមថ្នាក់ខេត្តផ្សេងទៀត ឡើងទៅប្រកួតជម្រុះថ្នាក់ជាតិជាមួយ១១ក្រុមឈរជើងនៅលីគកំពូលកម្ពុជា។

នៅក្នងជំនួបនេះ ក្រុមខេត្តព្រះសីហនុបានបើកការនាំមុខ២គ្រាប់មុនលើក្រុមមន្ទីរអប់រំខេត្តកំពង់ស្ពឺ ដោយលទ្ធផល ២-០ នៅវគ្គទី១។ ប៉ុន្តែនៅវគ្គទី២ ក្រុមមន្ទីរអប់រំខេត្តកំពង់ស្ពឺបានប្រឹងប្រែងធ្វើសម្រចតាមស្មើបាន២គ្រាប់វិញ ២ទល់២ នៅត្រឹមនាទី៦៦ ហើយនៅនាទី៦៧ ក្រុមមន្ទីរអប់រំខេត្តកំពង់ស្ពឺធ្វើសម្រេចបាន១គ្រាប់បើកការនាំមុខវិញ ៣-២។ យ៉ាងណា នៅនាទី៧៩ ក្រុមខេត្តព្រះសីហនុរកបាន១គ្រាប់បន្ថែមតាមស្មើគ្នាវិញ ៣-៣ មុនបញ្ចប់ការប្រកួត៩០នាទី។ ឈានដល់វគ្គកាត់សេចក្តី គឺក្រុមមន្ទីរអប់រំខេត្តកំពង់ស្ពឺបានយកឈ្នះក្រុមខេត្តព្រះសីហនុ ៤-៣។

ដូច្នេះ ក្រុមក្រុមមន្ទីរអប់រំខេត្តកំពង់ស្ពឺនឹងត្រូវឡើងទៅប្រកួតចុងក្រោយជាមួយក្រុមបាត់ដំបងយូណាយធីត នាថ្ងៃទី៣០ ខែធ្នូ ឆ្នា២០២៥ នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ។ ក្រុមបាត់ដំបងយូណាយធីតបានកក់អី១ប្រកួតចុងក្រោយនេះ បន្ទាប់ពីគូប្រកួតរបស់ខ្លួន គឺក្រុមមន្ទីរអប់រំខេត្តកំពតបានដកខ្លួនពីការប្រកួត។

ការប្រកួតជម្រុះថ្នាក់ជាតិនេះ គឺមានបេក្ខភាព៤ក្រុមចូលរួម ដែលបានឆ្លងចូលវគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត កន្លងទៅ។ សម្រាប់បេក្ខភាព៥ក្រុមថ្នាក់ខេត្តនឹងត្រូវឡើងទៅប្រកួតថ្នាក់ជាតិជាមួយក្រុមទាំង១១នៃក្របខណ្ឌលីគកំពូលកម្ពុជា រដូវកាល ២០២៥-២០២៦ ដែលហៅថា ការប្រកួតថ្នាក់ជាតិ ឬវគ្គ១៦ក្រុមថ្នាក់ជាតិ គឺ៥ក្រុមបានពីថ្នាក់ខេត្តបូកនឹង១១ក្រុមក្នុងលីគកំពូលកម្ពុជា។
៤ក្រុមថ្នាក់ខេត្ត ដែលបានរកឃើញរួចរាល់ កាលពីចុងសប្តាហ៍កន្លងទៅនេះ រួមមាន៖ ក្រុមមន្ទីរអប់រំខេត្តកំពង់ចាម (ជើងឯក) ក្រុមឡាយអ៊ិនឃីង (ជើងឯករង) ក្រុមខេត្តត្បូងឃ្មុំ (ចំណាត់ថ្នាក់លេខ៣) និងក្រុមភ្នំពេញហ្គាឡាក់ស៊ី (ចំណាត់លេខ៤)។ ចំពោះបេក្ខភាពថ្នាក់ខេត្ត១ក្រុមទៀត គឺជាក្រុមឈ្នះរវាងក្រុមមន្ទីរអប់រំខេត្តកំពង់ស្ពឺ ឬក្រុមបាត់ដំបងយូណាយធីត ដែលត្រូវប្រកួតកាត់សេចក្តីជាមួយគ្នា នាថ្ងៃទី៣០ខែធ្នូ ខាងមុខ៕
ដោយ ហេង ណាលីន (រូបភាព៖ CNCC)





