ឯកឧត្តម ផាន់ វណ្ណរ័ត្ន បង្ហាញមោទនភាពចំពោះការប្រឹងប្រែងយ៉ាងខ្លាំង របស់កីឡាករ កីឡាការិនីតេក្វាន់ដូ ITF កម្ពុជា
AKP ភ្នំពេញ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥--ឯកឧត្តម ផាន់ វណ្ណរ័ត្ន បានបង្ហាញមោទនភាពណាស់ ដែលកីឡាករ កីឡាការិនីមកពីសមាគម-ក្លឹបនានាប្រឹងប្រែងហ្វឹកហាត់ និងចូលរួមប្រកួតកីឡាតេក្វាន់ដូ ជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥ ហើយអ្វីដែលពិសេសគឺការខិតខំលះបង់កម្លាំកាយចិត្ត ការជំរុញលើកទឹកចិត្តយ៉ាងខ្លាំងក្លាពីឯកឧត្តមប្រធាន កែវ រ៉េមី ក្នុងរយៈពេលជាង ១០ឆ្នាំមកនេះ ដែលធ្វើឱ្យប្រភេទកីឡាតេក្វាន់ដូ ITF កម្ពុជាកាន់តែរីកចម្រើន ដោយមិនត្រឹមតែកម្រិតថ្នាក់ជាតិប៉ុណ្ណោះទេ ប៉ុន្តែនៅកម្រិតអន្តរជាតិ និងកម្រិតពិភពលោក ក៏កីឡាកម្ពុជាមួយនេះរីកចម្រើនផងដែរ តាមរយៈការឈ្នះមេដាយជាបន្តបន្ទាប់។

នេះជាការគូសបញ្ជាក់របស់ឯកឧត្តម ផាន់ វណ្ណរ័ត្ន អនុប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា តំណាងឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា ក្នុងឱកាសបិទការប្រកួតថ្នាក់ជាតិ ដែលបានបិទបញ្ចប់ដោយជោគជ័យ កាលពីល្ងាចថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ នៅសាលសាកលវិទ្យាល័យភូមិន្ទភ្នំពេញ រាជធានីភ្នំពេញ។

ឯកឧត្តមអនុប្រធានបានកត់សម្គាល់ថា ការប្រកួតថ្នាក់ជាតិឆ្នាំនេះមានលក្ខណៈល្អប្រសើរជាងឆ្នាំមុន ដោយសារតែពួកគាត់បានហ្វឹកហាត់បានល្អ ជាពិសេសទើបនឹងចូលរួមប្រកួ ក្នុងនាមជាធ្វើម្ចាស់ផ្ទះ ជើងឯកអាស៊ីអាគ្នេយ៍ ៦ខែមុនកន្លងទៅនេះ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានកោតសរសើរចំពោះអាជ្ញាកណ្តាល ចៅក្រម ដែលចូលរួមកាត់សេចក្តីប្រកបដោយតម្លាភាព យុត្តិធម៌ ដែលធ្វើឱ្យសមាគម-ក្លឹបសប្បាយរីករាយទាំងអស់គ្នា។

ជាគោលដៅបន្ទាប់របស់សហព័ន្ធត្រូវបានឯកឧត្តម ផាន់ វណ្ណរ័ត្ន សង្កត់ធ្ងន់ថា ប្រភេទកីឡាតេក្វាន់ដូ ITF កម្ពុជានឹងត្រៀមចូលរួមប្រកួតអន្តរជាតិ នៅប្រទេសម៉ាឡេស៊ី និងមុងហ្គោលី នាឆ្នាំ២០២៦ខាងមុខ រួមទាំងគោលដៅឆ្ពោះទៅឆ្នាំ២០២៨ខាងមុខ ប្រហែលអាចធ្វើនៅកម្ពុជាជាដើមនោះ ក៏សហព័ន្ធក៏រៀបចំវិញ្ញាសាថ្នាលយុវជនច្រើន ក្នុងការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះ ដើម្បីផលិតធនធានយុវជនឱ្យបានកាន់តែច្រើន ពោលគ្រប់កម្រិតអាយុតែម្តងចាប់ពីកម្រិតវ័យ១២-១៣ឆ្នាំឡើងទៅ។

បើតាមឯកឧត្តម បួន ហ៊ីងសុធីយ៉ា អគ្គលេខាធិការ សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជាបានបញ្ជាក់ជូនថា ការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥បានដំណើរការរយៈពេល៣ថ្ងៃ ដោយមានកីឡាករ កីឡាការិនីចូលរួមចំនួន ១៥៨នាក់ ក្នុងនោះមានកីឡាការិនី ៦៥នាក់ និងកីឡាករចំនួន ៩៣នាក់ គ្រូបង្វឹក១៦ នាក់ និងគណៈប្រតិភូ១៦នាក់មកពីសមាគម-ក្លឹបចំនួន១៦។

ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ គណៈកម្មការបច្ចេកទេសនៃសហព័ន្ធបានរកឃើញជ័យលាភី រួមមាន៖ សមាគមកីឡាក្រសួងមហាផ្ទៃដណ្តើមបានចំណាត់ថ្នាក់លេខ១ ក្នុងចំណោមសមាគម-ក្លឹបសរុបចំនួន១៦ ដោយក្រសួងមហាផ្ទៃឈ្នះមេដាយសរុប ២៤គ្រឿង (មាស ១៤ ប្រាក់៨ សំរឹទ្ធ២) លេខ២ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឈ្នះមេដាយសរុប ១២គ្រឿង (មាស ៥ ប្រាក់៤ សំរឹទ្ធ ៣) ខណៈក្លឹបវីរភាពកីឡាខេត្តបន្ទាយមានជ័យ ឈរលេខ៣ ជាមួយមេដាយសរុប៦គ្រឿង មានមេដាយមាស ២ និងសំរឹទ្ធ៤គ្រឿង។ ក្រៅពីនេះក៏មានក្លឹបដណ្តើមបានមេដាយមាសម្នាក់១គ្រឿងចំនួន៥ក្លឹប និងក្លឹបផ្សេងៗទៀតទទួលបានមេដាយប្រាក់ និងសំរឹទ្ធ នៅឈរនៅចំណាត់ថ្នាក់បន្តបន្ទាប់ផងដែរ៕
ដោយ ហេង ណាលីន





