កម្មវិធី «អប់រំអូឡាំពិក និងសមភាពស្ត្រីក្នុងវិស័យកីឡា»
AKP ខេត្តព្រះសីហនុ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥--គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានរៀបចំកម្មវិធីអប់រំអូឡាំពិក និងសមភាពស្ត្រីក្នុងវិស័យកីឡា កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ ដោយមានការចូលរួមពីសិស្សានុសិស្សជានារីជាង ២០០នាក់ពីថ្នាក់ពី៧ ដល់ថ្នាក់ទី៩នៃអនុវិទ្យាល័យសម្ដេចឪ ខេត្តព្រះសីហនុ។

ឯកឧត្តម ប៊ុយ សុភ័ណ្ឌ ទីប្រឹក្សា NOCC និងជាគ្រូឧទ្ទេសប្រចាំកម្មវិធីនេះបានលើកឡើងថា វគ្គទី១នៃកម្មវិធីនេះ មានការចែករម្លែកពីគុណតម្លៃអូឡាំពិក ចលនាអូឡាំពិក និងប្រវត្តិកីឡាអូឡាំពិក បន្ទាប់មកយុវតីទាំងអស់ក៏បានចូលរួមហ្វឹកហាត់កីឡាវាយសី នៅក្លឹបកីឡាវាយសី SBC ក្នុងវិទ្យាល័យសម្ដេចឪ ដើម្បីជាការផ្សព្វផ្សាយយុទ្ធនាការយុវតីម្នាក់ លេងកីឡាមួយប្រភេទប្រចាំជីវិត។

យុវតីជាសិស្សានុសិស្សនៅវិទ្យាល័យសម្ដេចឪនឹងបានចូលរួមលេងកីឡាកាន់តែច្រើន ជាពិសេសកីឡាវាយសី ព្រោះស័ក្ដិសមនឹងនារី ដែលមិនបង្កជាបញ្ហាដល់រាងកាយ ដូចកីឡាមួយចំនួនទៀតឡើយ។ ជាមួយគ្នានេះ យុវតីទាំងអស់បានចូលរួមលេងកីឡាយ៉ាងផុសផុល ដែលជាសកម្មភាពល្អសម្រាប់សុខភាព។

ឯកឧត្តម ប៊ុយ សុភ័ណ្ឌ បន្ថែមថា កម្មវិធីសមភាពស្ត្រីក្នុងវិស័យកីឡា ស្ថិតក្រោមគម្រោង នៃ ក្រុមប្រឹក្សាអូឡាំពិកអាស៊ី ដើម្បីលើកកម្ពស់ស្រ្តីឱ្យបានដឹងពីការអប់រំគុណតម្លៃអូឡាំពិក ជំរុញស្ត្រីចូលរួមលេងកីឡា និងសមភាពយេនឌ័រក្នុងវិស័យកីឡា ដែលស្ត្រីមានសិទ្ធិចូលរួមលេងកីឡាដូចបុរសដែរ ដោយផ្ទុយពីអូឡាំពិកសម័យបុរាណ ដែលស្ត្រីមិនអាចលេងកីឡាបាន។

ក្នុងនាម NOCC ឯកឧត្តមក៏បានថ្លែងអំណរគុណដល់ទីលានវាយសី Sihanoukville badminton center (SBC) ស្ថិតនៅក្នុងអនុវិទ្យាល័យសម្ដេចឪ ខេត្តព្រះសីហនុ ដែលបានផ្ដល់ទីតាំងរៀបចំកម្មវិធីកីឡាសម្រាប់សិស្សានុសិស្សជា ២០០នាក់៕
ដោយ ហេង ណាលីន





