ការប្រកួតកីឡាទោចក្រយានជើងឯកថ្នាក់ជាតិផ្សាភ្ជាប់ការកៀរគរមូលនិធិ ជូនដល់វីរកងទ័ព និងពលរដ្ឋភៀសសឹក
AKP ភ្នំពេញ ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៦--លោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធកីឡាទោចក្រយានកម្ពុជាបញ្ជាក់ថា នៅក្នុងឱកាសប្រកួតជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥ សហព័ន្ធបានផ្សាភ្ជាប់ការកៀរគរមូលនិធិ សម្ភារ ជូនដល់រដ្ឋបាលខេត្តឧត្តរមានជ័យ សម្រាប់ចែកជូនដល់វីរកងទ័ព និងជនភៀសសឹក។

គូសបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៦នេះ លោក នូ ចំរើន បន្ថែមថា នៅក្នុងការចុះឈ្មោះរបស់កីឡាករ កីឡការិនីម្នាក់ៗ បង់ថ្លៃ ៥ដុល្លារនឹងត្រូវដាក់បញ្ជូលក្នុងមូលនិធិសហព័ន្ធតែម្តង។ លោក នូ ចំរើន បន្ថែមថា ក្រៅពីថវិកាបង់ថ្លៃសិទ្ធិប្រកួតរបស់កីឡាករ កីឡាការិនី សហព័ន្ធនឹងកៀរគរបន្ថែមពីសប្បុរជននានា ដើម្បីបង្កើនថវិកា សម្ភារនានាសម្រាប់កិច្ចការសប្បុធម៌នេះ។ រាល់ឆ្នាំ ការប្រកួតជើងឯកថ្នាក់តែធ្វើនៅខេត្តផ្សេងៗ ប៉ុន្តែដោយសារស្ថានភាពលំបាកបែបនេះ ទើបសហព័ន្ធសម្រេចរៀបចំការប្រកួតជើងឯកថ្នាក់ជាតិនេះ នៅភ្នំពេញវិញ ក្នុងនោះវិញ្ញាកង់គួក ធ្វើនៅពហុកីឡដ្ឋានជាតិមរតកតេជោ និងកង់ភ្នំធ្វើនៅភ្នំបាសិទ្ធ។

សហព័ន្ធកីឡាទោចក្រយានកម្ពុជាគ្រោងរៀបចំការប្រកួតកីឡាទោចក្រយាន ជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥ ដែលគ្រោងធ្វើឡើងនាថ្ងៃទី០៦-០៨ ខែកុម្ភៈ ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញលើ៧វិញ្ញាសាទាំងកង់គួក និងកង់ភ្នំ។ ចំពោះវិញ្ញាសាប្រកួតផ្នែកកង់គួក រួមមាន៖ វិញ្ញាសាមានកង់គួកបុរសថ្នាល (Men Junior Criterium) អាយុ១៨ឆ្នាំចុះក្រោម, កង់គួកបុរសឈុតធំ (Men Elite Criterium) ចាប់ពីអាយុ១៩ឆ្នាំឡើងទៅ និងកង់គួកបុរស (Men Master Criterium) ចាប់ពីអាយុ ៤០ឆ្នាំឡើងទៅ។ ប្រភេទកង់គួកនេះត្រូវប្រកួតលើចម្ងាយ ៣០គីឡូម៉ែត្រ (១៥ជុំ) នៅក្នុងបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ ព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៦។

ចំពោះប្រភេទវិញ្ញាសាកង់ភ្នំ មានកង់ភ្នំបុរសថ្នាល (Men Junior MTB) អាយុ១៨ឆ្នាំចុះក្រោម, កង់ភ្នំបុរសឈុតធំ (Men Elite MTB) ចាប់ពីអាយុ១៩ឆ្នាំឡើងទៅ, កង់ភ្នំបុរស (Women MTB) ចាប់ពីអាយុ១៥ឆ្នាំឡើងទៅ និងវិញ្ញាសាកង់ភ្នំបុរស (Men Master BTB) ចាប់ពីអាយុ ៤០ឆ្នាំឡើងទៅ។ ប្រភេទកង់ភ្នំនេះត្រូវប្រកួតលើចម្ងាយផ្លូវ ១៨គីឡូម៉ែត្រ (១ជុំ ចម្ងាយ ១,៨គីឡូម៉ែត្រ ប្រកួតនៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅជើងភ្នំបាសិត។ ចំពោះការចុះឈ្មោះបន្តរហូតដល់ថ្ងៃទី៣០ ខែមករាឆ្នាំ២០២៦ ទើបបិទបញ្ជីនៃការចុះឈ្មោះ។

លោកអគ្គលេខាធិការសហព័ន្ធកីឡាទោចក្រយានកម្ពុជាបានជម្រាបជូនថា ក្រោមគម្រោងជំនួយឧបត្ថម្ភគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំការប្រកួតកីឡាទោចក្រយាន ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៦-០៨ ខែកុម្ភៈ ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ ជាមួយគ្នានៃព្រឹត្តិការណ៍ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិនេះ សហព័ន្ធបានអំពាវនាវដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានក្លឹប-សមាគម ក្រសួង ស្ថាប័ន រាជធានី-ខេត្ត និងកីឡាករ-កីឡាការិនីចូលរួមមូលនិធិគាំទ្រដល់ជនភៀសសឹក និងវីរកងទ័ពនៅព្រំដែន តាមរយៈ QR code របស់សហព័ន្ធ ដើម្បីស្តែងឱ្យឃើញពីវប្បធម៌ចែករំលែក និងមនោសញ្ចេចនាអាណិតស្រឡាញ់ ក្នុងគ្រាដ៏លំបាកនេះ។
បន្ថែមពីលើនេះ សហព័ន្ធក៏បានអំពាវនាវដល់បណ្តាក្រុមហ៊ុន ដៃគូឧបត្ថម្ភ និងសប្បុរសជនទាំងអស់ ដែលមានចំណាប់អារម្មណ៍ក្នុងការជួយឧបត្ថម្ភ នៃព្រឹត្តិការណ៍ប្រកួតនេះអាចទំនាក់ទំនងតាមរយៈលេខទូស័ព្ទ ឬតេលេក្រាម ០៨៩ ៦៤៣ ២៦៤ និង ០៨៦ ៦៨៤ ០១៥៕
ដោយ ហេង ណាលីន





