ភ្នំពេញអន្តរជាតិអាគ័ត្លុង និងអាគ័ត្លុងជើងឯកប្រចាំសាលា ឆ្នាំ២០២៦ ទទួលបានកីឡាករ កីឡាការិនីខ្មែរ-បរទេសជាង ៤០០នាក់
AKP ភ្នំពេញ ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦--សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាគ្រោងរៀបចំការប្រកួតកីឡាភ្នំពេញអន្តរជាតិអាគ័ត្លុង និងការប្រកួតកីឡាអាគ័ត្លុងជើងឯកប្រចាំសាលា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយទទួលបានកីឡាករ កីឡាការិនីខ្មែរ-បរទេស គ្រប់វ័យសរុបជាង ៤០០នាក់។

លោក ងិន សុខបញ្ញា អគ្គលេខាធិការ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាបានគូសបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦នេះថា នេះជាព្រឹត្តិការណ៍ដ៏ធំមួយ ក្នុងចំណោមការប្រកួតមួយចំនួនទៀតរបស់សហព័ន្ធ ដើម្បីបន្តបំផុសឱ្យកីឡាករ កីឡាការិនីគ្រប់វ័យទាំងអស់ចាប់ពីវ័យកុមារអាយុ៦ឆ្នាំឡើង ដល់៤២ឆ្នាំឡើងបានចូលរួមលេងប្រភេទកីឡាអូឡាំពិកមួយនេះឱ្យកាន់តែផុសផុល ក៏ដូចជាស្វែងរកធនធានកីឡាករ កីឡាការិនីឆ្នើមៗប្រចាំឆ្នាំផងដែរ។

លោកអគ្គលេខាធិការបន្ថែមថា សម្រាប់ការចុះឈ្មោះចូលរួមប្រកួត មានកីឡាករ កីឡាការិនីសរុបជាង ៤០០នាក់ ក្នុងនោះមានបរទេសចូលរួមជាងពាក់កណ្តាល។ ការប្រកួតនេះមាន២កម្មវិធី គឺការប្រកួតភ្នំពេញអន្តរជាតិអាគ័ត្លុង និងការប្រកួតអាគ័ត្លុងជើងឯកប្រចាំសាលា ឆ្នាំ២០២៦ ប៉ុន្តែយើងបានបែងចែកជាវិញ្ញាសាផ្សេងៗពីគ្នា ក្នុងនោះភ្នំពេញអន្តរជាតិអាគ័ត្លុង សម្រាប់មនុស្សពេញវ័យ ដោយមានវិញ្ញាសាស្តង់ដាលើវិញ្ញាសារត់ប្រណាំង និងហែលទឹក ចម្ងាយឆ្ងាយជាង។ ចំណែកអាគ័ត្លុងជើងឯកប្រចាំសាលា ឆ្នាំ២០២៦ មានវិញ្ញាសាហែលទឹក និងរត់ប្រណាំងដែរ ប៉ុន្តែសម្រាប់កីឡាករ កីឡាការិនីជាសិស្សសាលា ដែលមានហែលទឹក និងរត់ចម្ងាយខ្លីៗ។

លោក ងិន សុខបញ្ញា បានកត់សម្គាល់បន្ថែមថា ការរៀបចំសម្រាប់ក្មេងៗនេះ ដើម្បីឱ្យសហព័ន្ធមានថ្នាលយុវជនឆ្នើមៗ ដើម្បីបន្តបណ្តុះបណ្តាលបន្ថែម ត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០៣១ នៅកម្ពុជា។ ជារួម ការប្រកួតនេះជាលក្ខណៈបើកចំហរ ដោយអនុញ្ញាតឱ្យកីឡាករ កីឡាការិនីបរទេសរស់នៅកម្ពុជា និងកូនកាត់ខ្មែរ ព្រមទាំងកូនខ្មែរសុទ្ធអាចចូលរួមប្រកួតជាមួយគ្នា ដើម្បីសុខភាព មិត្តភាព សាមគ្គីភាព ក៏ដូចជាដកស្រង់បទពិសោធន៍ពីគ្នាទៅវិញទៅមក រួមទាំងគោលដៅបង្កើនគុណភាពបច្ចេកទេសផងដែរ៕

ដោយ ហេង ណាលីន





