៨គូនៃពានសម្តេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ គ្រោងប្រកួតប្រជែង នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ តទៅ
AKP ភ្នំពេញ ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៦--គណៈកម្មការបាល់ទាត់ជាតិកម្ពុជា (CNCC) បានរៀបចំកម្មវិធីចាប់ឆ្នោតជ្រើសរើសគូប្រកួត និងបទបង្ហាញអំពីបទបញ្ញត្តិការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៩ ឆ្នាំ២០២៥/២៦ ថ្នាក់ជាតិ ឬវគ្គ១៦ក្រុមថ្នាក់ជាតិ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ដោយការប្រកួតថ្នាក់ជាតិនេះគ្រោងនឹងដំណើរការប្រកួតជាផ្លូវការ ចាប់ពីថ្ងៃទី២១ ខែមករា ដល់វគ្គផ្តាច់ព្រ័ត្រ នាថ្ងៃ២៤ ខែឧសភា ឆ្នាំ២០២៦។

បេក្ខភាព១៦ក្រុមថ្នាក់ជាតិនេះ គឺបានមកពីក្រុមថ្នាក់ខេត្ត៥ក្រុម និងក្រុមទាំង១១នៃក្របខ័ណ្ឌលីគកកម្ពុជាកម្ពុជា។ ការប្រកួតនេះនឹងត្រូវប្រកួតជម្រុះចំនួន២ជើង ក្នុងដី និងក្រៅដី ដើម្បីស្វែងរកក្រុមជ័យលាភីឡើងទៅវគ្គបន្ត វគ្គ៨ក្រុមចុងក្រោយ វគ្គ៤ក្រុមចុងក្រោយ និងផ្តាច់ព្រ័ត្រ ជាមួយពិធីប្រគល់ពាន បំពាក់មេដាយ នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦។

គួរបញ្ជាក់ថា សម្រាប់សមាសភាព៨គូនៃវគ្គជម្រុះថ្នាក់ជាតិ វគ្គ១៦ក្រុមនេះ រួមមាន៖ បាត់ដំបងយូណាយធីត ប៉ះ ព្រះខ័នរាជស្វាយរៀង, ខេត្តត្បូងឃ្មុំ ប៉ះ ភ្នំពេញក្រោន, ឡាយអ៊ិនឃីងខេត្តសៀមរាប ប៉ះ បឹងកេត,ភ្នំពេញហ្គាឡាក់ស៊ី ប៉ះ វិសាខា, គិរីវង់សុខសែនជ័យ ប៉ះ អង្គរថាយហ្គឺ, អ៊ឹម អូ អាយ កំពង់ដេវ៉ា ប៉ះ អាយ អេស អាយ ដង្កោសែនជ័យ, មន្ទីរអប់រំខេត្តកំពង់ចាម ប៉ះ ទ័ព ខណៈក្រុមឡាយហ្វខេត្តព្រះសីហនុ នឹងត្រូវប្រជែងជាមួយណាហ្គាវើលដ៍។ ក្រោយឆ្លងកាត់ការប្រកួត២ជើង ក្រុមចាញ់ៗនឹងត្រូវធ្លាក់ចេញពីការប្រកួតតែម្តង ខណៈក្រុមឈ្នះៗបន្តក្តោបក្តាប់ឱកាសមាសឆ្ពោះទៅវគ្គបន្តបន្ទាប់៕


ដោយ ហេង ណាលីន (រូបភាព៖ CNCC)





