ប្រធាន FFC សាទរសមិទ្ធផលថ្មីវិសាខា ដើម្បីរួមចំណែកអភិវឌ្ឍន៍បាល់ទាត់ជាតិ
AKP ភ្នំពេញ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦--ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានសាទរចំពោះសមិទ្ធផលថ្មីនៃហេដ្ឋារចនាសម្ព័ន្ធមជ្ឈមណ្ឌលហ្វឹកហាត់វិសាខារបស់ក្លឹបកីឡាបាល់ទាត់ វិសាខា និងបានកោតសរសើរ ចំពោះលោកជំទាវប្រធាន កែ សួនសុភី ដែលបានលះបង់នូវកម្លាំងកាយចិត្ត និងធនធានជាមួយការប្ដេជ្ញាចិត្តុយ៉ាងមុតមាំ ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់ជាតិ។

នៅក្នុងឱកាសសម្ពោធសម្ពោធដាក់ឱ្យប្រើប្រាស់ប្រាស់ហេដ្ឋារចនាសម្ព័ន្ធនៃមជ្ឈមណ្ឌលហ្វឹកហាត់ វិសាខា របស់ក្លឹបកីឡាបាល់ទាត់ វិសាខា កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយមហាវិថីឈ្នះឈ្នះ ស្ថិតនៅភូមិអករំដួល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឯកឧត្តម សៅ សុខា បានបង្ហាញនូវក្ដីរំភើបចំពោះវត្តមានមជ្ឈមណ្ឌលហ្វឹកហាត់បាល់ទាត់ដ៏ទំនើប។ ក្រៅពីបានធ្វើដំណើរទស្សនកិច្ចហេដ្ឋារចនាសម្ព័ន្ធ ឯកឧត្ដមមានប្រសាសន៍ថា មជ្ឈមណ្ឌលហ្វឹកហាត់ វិសាខា មិនចាញ់កន្លែងហ្វឹកហាត់ក្លឹបនៅអឺរ៉ុបនោះទេ។

ឯកឧត្តមប្រធាន FFC កត់សម្គាល់ថា «ត្រឹមរយៈពេល ៥ឆ្នាំ ការសម្រេចបានសមិទ្ធផលប៉ុណ្ណេះ មិនមែនជារឿងសាមញ្ញពេកទេ។ អ្នកខ្លះ កុំថាដល់ទៅធ្វើ គ្រាន់តែគិត ក៏គិតមិនចេញផង។ អ៊ីចឹងសមិទ្ធផលមួយនេះ មិនមែនជាកម្មសិទ្ធដោយឡែក ដែលធ្វើហើយរបស់វិសាខា ឬរបស់លោកជំទាវ កែ សួនសុភី នោះទេ ប៉ុន្ដែវាជារបស់យុវជនទាំងអស់គ្នា ព្រោះយុវជនទាំងអស់អាចមកហ្វឹកហាត់ និងរៀនសូត្របាន ដោយមជ្ឈមណ្ឌលមានទាំងកន្លែងហាត់ និងកន្លែងស្នាក់នៅទៀតផង»។

បន្ថែមលើនេះ ឯកឧត្តមប្រធានបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងគ្រប់ភាគីពាក់ព័ន្ធ នៃក្លឹបកីឡាបាល់ទាត់ វិសាខា ពិសេសលោកជំទាវ កែ សួនសុភី ចំពោះលះបង់ទាំងកម្លាំងកាយចិត្ត និងធនធាន ដើម្បីគាំទ្រ និងរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់ជាតិ។ មិនតែប៉ុណ្ណោះ ការចូលរួមពីថ្នាក់ដឹកនាំ និងគណៈគ្រប់គ្រងក្លឹប ដែលភាគច្រើនជាស្ដ្រីនេះ ក៏បានឆ្លុះបញ្ចាំងពីសមភាពយេនឌ័រថា ស្ដ្រីក៏អាចធ្វើអ្វីៗបាន ដូចបុរសផងដែរ។

តាមរយៈសមិទ្ធផលថ្មី ព្រមជាមួយការប្ដេជ្ញាចិត្តរបស់លោកជំទាវប្រធានក្លឹប ឯកឧត្តមប្រធានសហព័ន្ធ បានបង្ហាញសុទិដ្ឋិនិយម និងការជឿជាក់យ៉ាងមុតមាំថា អ្វីដែលក្លឹបកំពុងខិតខំអភិវឌ្ឍទាំងហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្សនឹងក្លាយជាកត្ដាជំរុញដ៏សំខាន់ឆ្ពោះទៅផលិតបាននូវធនធានកីឡាករ-កីឡាការិនីឆ្នើមៗ ហើយជ្រើសរើសបាននូវធនធានប្រកបដោយគុណផលខ្ពស់ សម្រាប់ចូលរួមជាមួយក្រុមជម្រើសជាតិ ទៅចូលរួមប្រកួតជាមួយបណ្ដាប្រជាជាតិនានា។
ជាមួយគ្នានេះ លោកជំទាវ កែ សួនសុភី បានគូសបញ្ជាក់អំពីគោលបំណងសំខាន់ នៃការសាងសង់មជ្ឈមណ្ឌលហ្វឹកហាត់ វិសាខា ដើម្បីលើកកម្ពស់សុខភាព និងការអប់រំ ពិសេសការផ្ដល់នូវកន្លែងហ្វឹកហាត់ស្តង់ដាដល់កីឡាករគ្រប់កម្រិត ចាប់ពីយុវជនរហូតដល់ក្រុមធំ ដើម្បីបង្កើនសមត្ថភាព និងត្រៀមខ្លួនសម្រាប់ការប្រកួត ទាំងក្នុង និងក្រៅប្រទេស។ លោកកជំទាវប្រធានក្លឹបបន្ដថា សមិទ្ធផលនេះ បានឆ្លើយតបនឹងចក្ខុវិស័យដ៏វែងឆ្ងាយរបស់ក្លឹប ក្នុងការជំរុញវិស័យកីឡាបាល់ទាត់កម្ពុជាឈានទៅរកកម្រិតអាជីពពិតប្រាកដ។ លោកជំទាវបានប្ដេជ្ញាចិត្តក្នុងការបន្ដវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្ស ដោយឈរលើឆន្ទៈដ៏មោះមុតបំផុត ក្នុងការការគាំទ្រ និងអភិវឌ្ឍក្លឹប ដើម្បីលើកកម្ពស់កម្រិតបច្ចេកទេសបាល់ទាត់កម្ពុជាឱ្យកាន់តែរីកចម្រើនខ្លាំងក្លា ហើយក្លាយជាក្លឹបឈានមុខគេមួយនៅក្នុងប្រទេស ក៏ដូចជាក្លឹបតំបន់ និងនាំមកនូវមោទនភាពជាតិជូនជាតិមាតិភូមិ។
បើតាមរបាយការណ៍កញ្ញា អ៊ូ បញ្ញាសុកិត្យា អគ្គនាយិការប្រតិបត្តិក្លឹបវិសាខា បានឱ្យដឹងថា ក្រោយចំណាយពេលជិត ៥ឆ្នាំ មជ្ឈមណ្ឌលហ្វឹកហាត់ វិសាខា បានសម្រេចនូវសមិទ្ធផលជាច្រើន លើផ្ទៃដីជាង ៤ហិកតា រួមមានទីលានហ្វឹកហាត់ និងប្រកួតទំហំស្ដង់ដារអន្ដរជាតិចំនួន ៤ (ស្មៅធម្មជាតិ ៣ និងស្មៅសិប្បនិម្មិត ១) ក្នុងនោះមានទីលានស្មៅធម្មជាតិចំនួន ២ បានបំពាក់កៅអីអង្គុយទស្សនា និងមានផ្ទាំងពិន្ទុឌីជីថល (LED) ហើយក៏មានអគារដ្ឋបាល បន្ទប់ស្នាក់នៅ ៣០បន្ទប់ អាហារដ្ឋាន បន្ទប់សម្រាប់សិក្សា បន្ទប់ពេទ្យ កន្លែង GYM ២ និងទីធ្លារៀបចំកម្មវិធីជួបជុំកម្សាន្ដដ៏ធំទូលាយ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធអមមួយចំនួនទៀត៕
ដោយ ហេង ណាលីន (រូបភាព៖ ក្លឹបវិសាខា)





