ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ស្ថិតក្នុងពូល A ពាន ASEAN Hyundai Cup 2026
AKP ភ្នំពេញ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦--ក្រុមជម្រើសជាតិកម្ពុជា ស្ថិតក្នុងពូលA ជាមួយក្រុមការពារតំណែងជើងឯក វៀតណាម ឥណ្ឌូណេស៊ី សិង្ហបុរី និងអ្នកឈ្នះ១ក្រុមមកពីវគ្គជម្រុះបឋម រវាងក្រុមព្រុយណេ និងទីម័រខាងកើត នៃការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៦ (ASEAN Hyundai Cup 2026) ។

នេះបើយោងតាមការចាប់ឆ្នោតចែកពូល កាលពីល្ងាចថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ របស់សហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) នៅប្រទេសឥណ្ឌូណេស៊ី ដែលបានធ្វើឡើងក្រោមវត្តមានឯកឧត្តម ខៀវ សាម៉េត អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) និងជាប្រធាន AFF។ ចំពោះការប្រកួតផ្លូវការ គ្រោងធ្វើឡើងពីថ្ងៃទី២៤ ខែកក្កដា ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦។ ចំណែកពូល B មានដូចជាក្រុមថៃ ម៉ាឡេស៊ី ហ្វីលីពីន មីយ៉ាន់ម៉ា និងក្រុមឡាវ។

សម្រាប់៤ប្រកួត ក្នុងវគ្គជម្រុះពូល A របស់ក្រុមជម្រើសជាតិកម្ពុជាក្រោមការដឹកនាំរបស់គ្រូបង្គោលជនជាតិជប៉ុន លោក KOJI GYOTOKU រួមមាន៖ ១ប្រកួតបើកឆាករបស់ក្រុមកម្ពុជានឹងត្រូវបើកទ្វារពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញស្វាគមន៍ក្រុមភ្ញៀវ សិង្ហបុរី នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦, ប្រកួតទី២ ក្រុមកម្ពុជាហោះទៅជួបក្រុមម្ចាស់ផ្ទះ ឥណ្ឌូណេស៊ី នៅកីឡដ្ឋាន Gelora Bung Kano ទីក្រុង Jakarta នាថ្ងៃខែកក្កដា, ប្រកួតទី៣ ក្រុមកម្ពុជា ប៉ះក្រុមឈ្នះមកពីវគ្គជម្រុះ នាខែសីហា នៅពហុកីឡដ្ឋានជាតិមរតតេជោ និងប្រកួតចុងក្រោយ គឺក្រុមកម្ពុជាត្រូវប៉ះម្ចាស់ផ្ទះ វៀតណាម នាថ្ងៃទី០៧ ខែសីហាខាងមុខ។

គួរបញ្ជាក់ថា សម្រាប់២ប្រកួតវគ្គជម្រុះបឋម (Play-Off) របស់ក្រុមព្រុយណេ និងក្រុមទីម័រខាងកើត គឺប្រកួតជើងទី១ ក្រុមព្រុយណេធ្វើម្ចាស់ផ្ទះប៉ះក្រុមភ្ញៀវ ទីម័រខាងកើត នាថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ ហើយប្រកួតជើងទី២នឹងធ្វើឡើង នាថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីកាត់សេចក្តីថាតើក្រុមឈ្នះណា១នឹងត្រូវឡើងទៅវគ្គចែកពូល បំពេញបេក្ខភាព៥ក្រុមក្នុងពូល A៕

ដោយ ហេង ណាលីន (រូបភាព៖ ASEAN Hyundai Cup និងឯកសារ FFC)





