ពិធីបិទសិក្ខាសាលាស្ដីពីសកម្មភាពកីឡាអាស៊ាន-ជប៉ុន លើសមភាពយេនឌ័រ
AKP ភ្នំពេញ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦—ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាស្ដីពីសកម្មភាពកីឡាអាស៊ាន-ជប៉ុន លើសមភាពយេនឌ័រ ដោយបានវាយតម្លៃខ្ពស់ចំពោះវត្តមាន និងការចូលរួមយ៉ាងសកម្មរបស់ប្រតិភូបណ្តាប្រទេសអាស៊ាន និងជប៉ុន ព្រមទាំងវាគ្មិនអន្តរជាតិនៅក្នុងសិក្ខាសាលារយៈពេលបីថ្ងៃនាខេត្តសៀមរាប ដែលបានរួមចំណែកដល់ក្របខ័ណ្ឌអភិវឌ្ឍន៍កីឡាបែបបរិយាប័ន្ននៅក្នុងអាស៊ានទាំងមូល និងជាពិសេសប្រទេសកម្ពុជាដែលជាម្ចាស់ផ្ទះ។

ឯកឧត្តម វ៉ាត់ ចំរើន បានគូសបញ្ជាក់ថា កម្ពុជាក្នុងនាមជាប្រទេសម្ចាស់ផ្ទះ និងជាប្រធានកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន ឆ្នាំ២០២៦-២០២៧ បានប្ដេជ្ញាចិត្តជំរុញមិនត្រឹមតែសមភាពយេនឌ័រក្នុងវិស័យកីឡាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងវិស័យអាទិភាពផ្សេងៗទៀត ដើម្បីជាប្រយោជន៍ដល់ការអភិវឌ្ឍកីឡាប្រកបដោយចីរភាព និងមានទំនួលខុសត្រូវ។ ឯកឧត្តមបានបន្ថែមថា ប្រទេសកម្ពុជាបានប្រើប្រាស់កីឡាយ៉ាងសកម្មជាឧបករណ៍ដ៏មានឥទ្ធិពលសម្រាប់ការកសាងសន្តិភាព និងការទូត ដែលត្រូវបានបង្ហាញជាឧទាហរណ៍ដោយពាក្យស្លោករបស់ខ្លួនថា "កីឡារស់នៅក្នុងសន្តិភាព" នាអំឡុងពេលនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅរាជធានីភ្នំពេញក្នុងឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ពាក្យស្លោកនេះ សង្ខេបពីការប្តេជ្ញាចិត្តរបស់ប្រទេសកម្ពុជាក្នុងការលើកកម្ពស់កីឡាជាមធ្យោបាយមួយដើម្បីលើកកម្ពស់ការយល់ដឹង ការផ្សះផ្សា និងស្ថិរភាពនៅក្នុងតំបន់ និងក្រៅតំបន់។

ឯកឧត្តម វ៉ាត់ ចំរើន បានបន្តថា កីឡានឹងបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅក្នុងប្រទេសនីមួយៗ ដោយរួមចំណែកដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលជាច្រកឆ្ពោះទៅរកសន្តិភាព និងភាពសុខដុមរមនា ហើយថាកម្ពុជានៅតែប្រកាន់ខ្ជាប់នូវគោលការណ៍ «កីឡារស់នៅក្នុងសន្តិភាព»៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





