បើកការប្រកួតកីឡាវាយសីពានរង្វាន់អបអរសាទរទិវាជ័យជម្នះ ៧មករា លើកទី៤៧
AKP ព្រះសីហនុ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ – លោក សាមុត សុធារិទ្ធ អភិបាលរង នៃគណ:អភិបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃសៅរ៍ទី១៧ ខែមករា ឆ្នាំ២០២៦ អញ្ជើញជាអធិបតីបើកការប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់ ដើម្បីអបអរសាទរទិវាជ័យជម្នះ ៧មករា លើកទី៤៧ និងដណ្តើមពានរង្វាន់ ៧មករា លើកទី២៥ ឆ្នាំ២០២៦ នៅក្លឹបកីឡាវាយសី TR ស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ។

លោក សាមុត សុធារិទ្ធិ អភិបាលរងខេត្តព្រះសីហនុ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងក្រុមការងារនៃសហព័ន្ធកីឡាវាយសីកម្ពុជា ព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់ដែលបានរៀបចំការប្រកួត ដើម្បីអបអរសាទរ និងរំលឹកដល់ទិវាជ័យជម្នះ ៧មករា ខួបលើកទី៤៧ ។ កីឡាវាយសី គឺជាប្រភេទកីឡាដែលងាយស្រួលលេងជួយបង្កើនសកម្មភាពសប្បាយៗក្នុងសហគមន៍ និងបានផ្តល់អត្ថប្រយោជន៍ជាច្រើន វិស័យកីឡាមិនគ្រាន់តែបានផ្តល់នូវការសំរួលភាពរឹងមាំដល់យុវជន យុវនារីរបស់យើងតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានធ្វើការអប់រំទៅលើផ្លូវចិត្ត និងសីលធម៌ធ្វើយ៉ាងណាឱ្យពួកគេមានការតស៊ូប្រកបដោយភាពអង់អាចក្លាហាន អំណត់ព្យាយាម និងចេះយោគយល់គ្នាព្រមទាំងប្រកាន់ខ្ជាប់នូវភាពយុត្តិធម៌ សុចរិតធម៌ជានិច្ច ។ ឈានទៅកាន់រាងកាយមាំមួនចំនួនដូចខាងក្រោម៖
១.ពង្រឹងកាយសម្បទាកីឡាវាយសីមានចលនាដូចជារត់តិចៗជើងទប់លំនឹង និងប្រើកម្លាំងដៃដើម្បីវាយគ្រាប់សី ត្រឡប់ទៅវិញទៅមកដែលសកម្មភាពទាំងនោះហើយ ជាកត្តានាំឱ្យដុតខ្លាញ់នៅលើរាង កាយ ហើយអាចសម្រកទម្ងន់បានខ្លះ។ លេងកីឡាវាយសីត្រឹមតែមួយម៉ោងប៉ុណ្ណោះអាចដុតកាឡូរីរហូតទៅដល់៤៥០ ។
២.អភិវឌ្ឍសមត្ថភាព ដើម្បីទៅលេងកីឡាផ្សេងៗទៀត កីឡាវាយសីជាប្រភេទកីឡាដែលតម្រូវឱ្យអ្នកលេងមានភាពលឿនរហ័សទាំងរាងកាយ និងស្មារតី ដូច្នេះហើយត្រូវការយកចិត្តទុកដាក់ខ្ពស់ និងមានថាមពលគ្រប់ពេល ដែលជាហេតុនាំឱ្យរាង កាយអាចអភិវឌ្ឍល្បឿន មានភាពបត់បែន និងផលិតភាព។ ក្រៅពីនោះវាបានជំរុញឱ្យមនុស្សមានភាពវៃឆ្លាតដោយសារអ្នកលេងត្រូវតែដឹងអំពីរបៀបបង្វែរដានគូប្រកួត និងកុំឱ្យដៃគូស្មានដឹងពីកម្លាំងដែល បញ្ជូនគ្រាប់សី នេះបើនិយាយក្នុងលក្ខខណ្ឌប្រកួត។
៣.ពង្រឹងសុខភាពផ្លូវចិត្ត ដោយសារតែកីឡាវាយសីអាចជំរុញឱ្យសុខភាពផ្លូវ កាយមានភាពរឹងមាំ ដូច្នេះវាក៏អាចធ្វើឱ្យយើងកាត់ បន្ថយការបាក់ទឹកចិត្ត និងភាពតានតឹង។ លំហាត់ប្រាណបានបង្កើនអរម៉ូន អង់ដូហ្វីន ដែលអាចធ្វើឱ្យអារម្មណ៍ល្អជាងមុន មួយវិញទៀតវាអាចធ្វើឱ្យការគេងមានភាពស្ងប់ជាងមុន។ កីឡាវាយសីជំរុញឱ្យខួរក្បាលស្រស់ស្រាយល្អ ពីព្រោះវាជាសកម្មភាពមួយដែលលេងបានគ្រប់កន្លែងក្នុងសង្គម។
៤.ដំណើរការកីឡាវាយ សីបាន អ្នកប្រាកដជាត្រូវការដៃគូ ដើម្បីលេង ឬប្រកួតប្រជែងយ៉ាងហោចណាស់ក៏ម្នាក់ដែរ ។ យ៉ាងណាមិញអ្នកក៏ត្រូវការក្រុម មកលេងដែរ ដើម្បីជំរុញទឹកចិត្តក្នុងការ បន្តសកម្ម ភាព។ ការធ្វើទំនាក់ទំនងតាមរយៈកីឡាវាយសី ជាវិធីមួយធ្វើឱ្យគ្រប់ភាគីមានអារម្មណ៍ល្អនឹងគ្នា ដែលវាតែងតែផ្តល់ផលវិជ្ជមាន រៀង រាល់ពេលដែលសម្រាកពីការលេង ឬប្រកួត។ អ្នកនឹងក្លាយជាផ្នែកមួយនៅក្នុងសហគមន៍ ហើយអ្នកក៏អាចចូលរួមលេងក្នុងរយៈពេលវែងប្រសិនបើអ្នកពិតជាមានចំណូលចិត្តខ្លាំងទៅលើកីឡាប្រភេទនេះ។
៥.កីឡាវាយសីល្អសម្រាប់សុខភាពគ្រប់ផ្នែក តាមរយៈការបញ្ចេញថាមពលរាល់គ្រប់ទម្រង់នៃរាង កាយ កីឡាវាយសីនេះអាចកាត់បន្ថយ ឬក៏លុបបំបាត់ហានិភ័យបញ្ហាសុខភាព នានា ដូចជាសម្ពាធឈាមឡើងខ្ពស់ជំងឺទឹកនោមផ្អែម និងការលើសទម្ងន់ជាដើម ។ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារឱ្យឆ្លើយតបតាមបរិបទរីកចម្រើនរបស់ សង្គមជាតិនោះ ។

លោក អភិបាលរងខេត្តព្រះសីហនុ ក៏បានធ្វើការអំពាវនាវ និងស្នើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរ អង្គភាព គ្រឹះស្ថានឯកជន សង្គមស៊ីវិល អង្គការអន្តរជាតិពាក់ព័ន្ធនានា សូមបង្កើនការយកចិត្តទុកដាក់លើកកម្ពស់ និងបំផុសចលនាអប់រំកាយ និងកីឡាក្នុងស្រទាប់ប្រជាជន ជាពិសេសយុវជនឱ្យមានសក្តានុពលគ្របដណ្តប់ទាំងផ្នែកបរិមាណ និងគុណភាព ក្នុងគោលបំណងបង្កើនស្មារតីស្រឡាញ់ជាតិ មាតុភូមិ ការពង្រឹងសាមគ្គីភាព និងមិត្តភាព ដែលការណ៍នេះនឹងរួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹងឯកភាពជាតិ និងសុខសន្តិភាពនៅកម្ពុជា ៕

ដោយ៖ ងូ សុមុនី





