ប្រធានសហព័ន្ធសីដក់ផ្តល់អនុសាសន៍សំខាន់ៗ សម្រួចគោលដៅ ត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះ កីឡាយុវជនអាស៊ី ឆ្នាំ២០៣១
AKP ភ្នំពេញ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ -- ឯកឧត្តម សុខ យ៉ានិមល ប្រធានសហព័ន្ធកីឡាសីដក់ និងសីមេលោងកម្ពុជាបានផ្តល់អនុសាសន៍សំខាន់ចំនួន៥ចំណុច ដើម្បីឱ្យកីឡាសីដក់ និងសីមេលោងនៅកម្ពុជាកាន់តែមានការរីកចម្រើនទាំងបរិមាណ និងគុណភាពទទួលបានលទ្ធផលល្អនៅពេលដ៏ខ្លីខាងមុខ ខណៈកម្ពុជាកំពុងត្រៀមឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ក្នុងការរៀបចំប្រកួតកីឡាយុវជនអាស៊ី នៅឆ្នាំ២០៣១។

ការលើកឡើងរបស់ឯកឧត្តមប្រធានបានធ្វើឡើង នៅក្នុងឱកាសបិទការប្រកួតកីឡាសីដក់ ជ្រើសរើសជើងថ្នាក់ជាតិប្រចាំឆ្នាំ២០២៥ កាលពីល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដោយមានការផ្តល់កិត្តិយសជាអធីបតីពីឯកឧត្តមបណ្ឌិត មាស សារិន ប្រធានកិត្តិយសសហព័ន្ធកីឡាសីដក់ និងសីមេលោងកម្ពុជា។
អនុសាសន៍៥ចំណុចរបស់ឯកឧត្តម សុខ យ៉ានិមល រួមមាន៖ ១.ត្រូវខិតខំបណ្តុះបណ្តាលថ្នាក់ថ្នាល បង្កើនបរិមាណកីឡាករ កីឡាការិនី ក្លឹប សមាគម កីឡាសីដក់ និងសីមេលោងឱ្យបានទូលំទូលាយ។ ២.ត្រូវពង្រឹងសមត្ថភាពអាជ្ញាកណ្តាលចៅក្រមឱ្យកាន់តែល្អប្រសើរទាំងបរិមាណ និងគុណភាព។ ៣.ត្រូវជំរុញឱ្យមានការរៀបចំការប្រកួតឱ្យបានច្រើន ការហ្វឹកហាត់ជាប្រចាំនៅតាមបណ្តាក្លឹប សមាគម។ ៤.ត្រូវពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងផ្ទៃក្នុងសហព័ន្ធ ក្លឹប សមាគមទូទាំងប្រទេស។ ៥.ត្រូវប្រឹងប្រែងស្វែងរកដៃគូអភិវឌ្ឍន៍បន្ថែមទៀត ដើម្បីបង្កើនព្រឹត្តិការណ៍ប្រកួតឱ្យបានច្រើន ក្នុងមួយឆ្នាំតាមដែលអាចធ្វើបាន។

ជាមួយគ្នានេះ ឯកឧត្តមបន្ថែមថា ការពិតណាស់ការប្រកួតកីឡាសីដក់ និងសីមេលោងជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំ ឆ្នាំ២០២៥ ដែលបានរៀបចំក្នុងឆ្នាំ២០២៦ នេះមានរយៈពេល ២ថ្ងៃកន្លងមកនេះ គឺជាការផ្តល់ឱកាសឱ្យកីឡាករ កីឡាការិនី បានបញ្ចេញនូវទេពកោសល្យ សមត្ថភាព ក៏ដូចជាការវាស់ស្ទង់ សមត្ថភាពបច្ចេកទេស ដែលកីឡាករ កីឡាការិនីម្នាក់ៗបានហ្វឹកហាត់កន្លងមក។ លទ្ធផលរបស់កីឡាករ កីឡាការិនី ដែលទទួលជ័យលាភីនាពេលនេះពិតជា បានមកពីការខិតខំហ្វឹកហាត់ជាប្រចាំ មានការតស៊ូព្យាយាមគោរពវិន័យបានល្អ យកចិត្តទុកដាក់និងគោរពបានតាមបទបញ្ជាបច្ចេកទេស នៅក្នុងការប្រកួត។ ជាមួយនេះក៏ជាឱកាសផ្តល់ជូនគណៈកម្មការរៀបចំការប្រកួតបានដកស្រង់ និងពង្រឹងនូវបទពិសោធ ដើម្បីធ្វើឱ្យកម្មវិធីរៀបចំការប្រកួតកាន់តែមានភាពទាក់ទាញដល់ទស្សនិកជនឱ្យជួយគាំទ្រ និងលើកទឹកចិត្តដល់ក្មួយៗ កីឡាករ-កីឡាការិនីបន្ថែមទៀត ។

បើតាមរបាយការណ៍របស់កញ្ញា សួង ចាន់តូរ៉ាទី អគ្គលេខាធិការ សហព័ន្ធកីឡាសីដក់ និងសីមេលោងកម្ពុជាបានជម្រាបជូនថា ដោយទទួលបានការអនុញ្ញាតជាគោលការណ៍ពី ឯកឧត្តមប្រធានសហព័ន្ធ និងទទួលបានថវិកា គាំទ្រពី ក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធកីឡាសីដក់ និងសីមេលោងកម្ពុជា បានរៀបចំការប្រកួតកីឡាសីដក់ ជ្រើសរើសជើងឯកថ្នាក់ជាតិ ចាប់ពីថ្ងៃទី ១៦-១៨ ខែមករា ឆ្នាំ២០២៦។ ក្រុមចូលរួមប្រកួតសរុបប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីទាំងអស់ចំនួន ៩៣ នាក់ (ក្នុងនោះ នារី ១៤នាក់) មកពី៧ក្លឹប ដោយរៀបចំប្រកួតលើ៣វិញ្ញាសា គឺវិញ្ញាសាបុរស ៣នាក់ទល់៣នាក់ វិញ្ញាសាបុរស ២នាក់ទល់២នាក់ និងវិញ្ញាសា នារី ២នាក់ទល់២នាក់។
ចំពោះជ័យលាភីលើ៣វិញ្ញាសា រួមមាន៖ ក្រសួងការពារជាតិ ឈរនៅចំណាត់ថ្នាក់លេខ១ មេដាយសរុប៣គ្រឿង (មាស២ និងសំរឹទ្ធ១) ក្រសួងមហាផ្ទៃ ឈរលេខ២ មេដាយ៣គ្រឿង (មាស១ និងសំរឹទ្ធ២) និងចំណាត់ថ្នាក់លេខ៣ មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ មេដាយប្រាក់៣គ្រឿង៕
ដោយ ហេង ណាលីន





