ភ្នំពេញក្រោន បឹងកេត និងវិសាខាឡើងវគ្គ១/៤ ក្រោយឈ្នះក្រុមខេត្ត ពី១០ដល់២២គ្រាប់ ទាំងពីរជើង ពានសម្តេចតេជោ ហ៊ុន សែន
AKP ភ្នំពេញ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦--ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ រដូវកាល ២០២៥-២០២៦ វគ្គ១៦ក្រុមថ្នាក់ជាតិ ឬវគ្គ១/៨ បានរកឃើញ៣ក្រុម គឺភ្នំពេញក្រោន បឹងកេត និងវិសាខា បានឡើងទៅកាន់វគ្គ៨ក្រុមថ្នាក់ជាតិ ឬវគ្គ១/៤ បន្ទាប់ពីបានយកឈ្នះគូប្រជែងរៀងៗខ្លួន សរុបទាំងពីរជើង ដោយលទ្ធផលគ្រាប់បាល់យ៉ាងច្រើន ចាប់ពី១០គ្រាប់ រហូតដល់២២គ្រាប់។

៣ក្រុមដែលបានកក់កៅអីវគ្គ១/៤ថ្នាក់ជាតិ គឺបានបន្តយកឈ្នះ៣ក្រុមដែលឡើងមកពីវគ្គជម្រុះថ្នាក់ខេត្ត នៅជើងទី២ ដោយបានប្រកួតកាលពីល្ងាចថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៦។ លទ្ធផល៣ប្រកួតដែលបានបញ្ចប់មុនគេនេះ រួមមាន៖ ក្រុមម្ចាស់ផ្ទះ ភ្នំពេញក្រោនបានយកឈ្នះក្រុមភ្ញៀវ ខេត្តត្បូងឃ្មុំ ដោយលទ្ធផល ១០-០ (កាលពីជើងទី១ លទ្ធផល ៣-០) សរុបលទ្ធផលទាំងពីរជើង ១៣-០។ ក្រុមម្ចាស់ផ្ទះបឹងកេត បន្តយកឈ្នះក្រុមភ្ញៀវ ឡាយអ៊ិនឃីង ១-០ បន្ទាប់ពីបានយកឈ្នះកាលពីជើងទី១ ដោយលទ្ធផល ៩-០ សរុបទាំងពីរជើង ១០-០។ ចំពោះក្រុមម្ចាស់ផ្ទះ វិសាខា បន្តយកឈ្នះក្រុមភ្ញៀវ ភ្នំពេញហ្គាឡាក់ស៊ី ៩-០ ក្រោយពីបានយកឈ្នះកាលពីជើងទី១ ដោយលទ្ធផល ១១-០ សរុបទាំងពីរជើង ២២-០។

ដោយឡែកសម្រាប់៥ប្រកួតផ្សេងទៀតនៃវគ្គ១៦ក្រុមថ្នាក់ជាតិ ជើងទី២ គ្រោងនឹងធ្វើឡើងនាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលគូប្រកួតទាំង៥ត្រូវបន្តជួបគ្នា រួមមាន៖ ព្រះខ័នរាជស្វាយរៀង ប៉ះ បាត់ដំបងយូណាយធីត, អង្គរថាយហ្គឺរ ប៉ះ គិរីវង់សុខសែនជ័យ, អាយអេសអាយ ដង្កោសែនជ័យ ប៉ះ អឹម អូ អាយ កំពង់ដេវ៉ា, ទ័ព ប៉ះ មន្ទីរអប់រំខេត្តកំពង់ចាម ខណៈណាហ្គាវើលដ៍ ត្រូវប្រជែងជាមួយក្រុមឡាយហ្វខេត្តព្រះសីហុន ដើម្បីបន្តស្វែងរកក្រុមឈ្នះៗទាំង៥ក្រុមឡើងទៅវគ្គ១/៤ផ្តាច់ព្រ័ត្រ។ គួរបញ្ជាក់ថា វគ្គ១/៤ គ្រោងដំណើរការប្រកួតចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦តទៅ រហូតដល់វគ្គផ្តាច់ព្រ័ត្រ គ្រោងនឹងធ្វើឡើងនាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦។ នេះបើយោងតាមកម្មវិធីប្រកួតដែលចេញដោយគណៈកម្មការបាល់ទាត់ជាតិកម្ពុជា (CNCC)៕


ដោយ ហេង ណាលីន (រូបភាព៖ CNCC)





