ក្លឹបបាល់ទាត់ Mate JR Sport Club ចាប់ដៃគូជាមួយ CIMB ត្រៀមផែនការឆ្ពោះទៅមុខ
AKP ភ្នំពេញេ ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៦--ក្លឹបបាល់ទាត់ Mate JR Sport Club ដែលកំពុងបណ្តុះបណ្តាលយុវជនថ្នាលនៅរាជធានីភ្នំពេញបានចាប់ដៃគូសហការជាមួយធនាគារ ស៊ីអាយអិមប៊ី (CIMB Bank) រយៈពេល១ឆ្នាំ នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីលាន Platinum Sports Center ក្នុងបូរីប៉េងហួតបឹងស្នោ ដោយមានការចូលរួមជាសក្ខីភាពពីសំណាក់កីឡាករ គ្រូបង្វឹក និងអាណាព្យាបាល ខណៈភាពជាដៃគូនេះនឹងក្លាយជាកត្តាជំរុញឱ្យក្លឹបបន្តអភិវឌ្ឍន៍ឆ្ពោះកាន់តែទៅមុខយ៉ាងលឿនជាងមុន។

យុវជន ម៉ាក សុទ្ធាពិសិដ្ឋ នាយកប្រតិបត្តិក្លឹបបាល់ទាត់ Mate JR Sport Club បានលើកឡើងក្រោយពីទទួលបានដៃគូថ្មីថា៖ «ខ្ញុំពិតជារីករាយដែលបានចាប់ដៃគូជាមួយ ធនាគារ ស៊ីអាយអិមប៊ី ដែលកន្លងមកបានជួយដល់យើងជាបន្តបន្ទាប់។ ខ្ញុំសង្ឃឹមថា Mate JR នឹងរីកធំធាត់ទៅថ្ងៃមុខទៀត។ ទោះជាបច្ចុប្បន្នប៉ាម៉ាក់ខ្ញុំកំពុងតែជួយជ្រោមជ្រែងលើក្រុមជាបណ្តោះអាសន្នយ៉ាងណាក្តី ប៉ុន្តែខ្ញុំនឹងបន្តការសិក្សា ធ្វើយ៉ាងណាត្រឡប់មកគ្រប់គ្រងក្រុមមួយនេះឱ្យកាន់តែរីកចម្រើន ដើម្បីចូលរួមអភិវឌ្ឍន៍បាល់ទាត់ជាតិរបស់យើងកាន់តែរីកចម្រើនថែមទៀត»។

បន្ថែមពីលើនេះ យុវជន ម៉ាក សុទ្ធាពិសិដ្ឋ បានថ្លែងអំណរគុណដល់ ស៊ីអាយអិមប៊ី និងដៃគូសហការផ្សេងៗ ក្រុមការងារគ្រូបង្វឹក អាណាព្យាបាល និងប្អូនៗកីឡាករដែលបានផ្នែកមួយជាមួយក្លឹបក្នុងការអភិវឌ្ឍវិស័យកីឡាបាល់ទាត់ជាតិ និងបណ្តុះបណ្តាលធនធានមនុស្សឱ្យស្មើមុខស្មើមាត់នឹងបណ្តាប្រទេសដទៃ។

ជាមួយគ្នានេះ លោកស្រី ប៉ិច សុម៉ាលី នាយិកាសេវាកម្មហិរញ្ញវត្ថុបុគ្គល នៃធនាគារស៊ីអាយអិមប៊ីបានបញ្ជាក់ថា៖ «យើងតែងតែចូលរួមលើកកម្ពស់វិស័យកីឡា ទាំងនៅក្នុងសហគមន៍ និងផ្នែកបុគ្គលិកផ្ទៃក្នុងរបស់យើងផ្ទាល់។ ហេតុផលសំខាន់ដែលចាប់ដៃគូជាមួយក្លិបបាល់ទាត់ Mate JR នៅពេលនេះ គឺយើងចង់ចូលរួមបណ្តុះបណ្តាលក្មេងៗ ដែលស្រឡាញ់កីឡា ព្រមទាំងចង់ឃើញក្មេងៗមានការប្រកួតប្រជែងដោយស្មើភាពគ្នា។ អ្វីដែលល្អបំផុតមួយទៀតក្រៅពីបណ្តុះក្មេងៗឱ្យស្រឡាញ់កីឡា និងវិវឌ្ឍន៍ខ្លួនទៅជាយុវជនថ្នាលទៅថ្ងៃមុខផងនោះ ការហ្វឹកហាត់កីឡាបានធ្វើឱ្យក្មេងឃ្លាតឆ្ងាយពីការលេងហ្គេម ឬប្រើប្រាស់ទូរសព្ទ ជាដើម។ សម្រាប់អតិថិជនរបស់ធនាគារស៊ីអាយអិមប៊ី នឹងទទួលបានការបញ្ជុះតម្លៃពិសេស បើសិនជាចង់ចុះឈ្មោះកូនចៅឱ្យហ្វឹកហាត់ក្នុងក្លឹប Mate JR នេះ»។

ដោយឡែកលោកស្រី ហែម វ៉ាន់ណៃ មានកូនប្រុស៣នាក់កំពុងហ្វឹកហាត់នៅក្នុងក្លឹបបាល់ទាត់ Mate JR បានយល់ថា៖ «ខ្ញុំរីករាយដែលក្លឹប Mate JR បានចាប់ដៃគូជាមួយ អាយអិមប៊ី ហើយរំពឹងថាពួកគាត់នឹងបន្តរីកចម្រើនទៅមុខទៀត។ ខ្ញុំឃើញម្ចាស់ក្លឹបគាត់មាន គ្រូៗល្អច្រើន មានសកម្មភាពប្រកួតច្រើន មានការយកចិត្តទុកដាក់ខ្ពស់ជាមួយក្មេងៗធ្វើឱ្យក្មេងៗមានភាពរីករាយ។ មូលហេតុដែលលោកស្រីបញ្ជូនកូនឱ្យចូលហ្វឹកហាត់បាល់ទាត់នៅក្លឹប Mate JR នេះក៏ព្រោះតែមានទីតាំងជិតលំនៅដ្ឋានផង ព្រមទាំងជ្រើសរើសយកកីឡាជំនួសពីការប្រើប្រាស់ទូរសព្ទដៃរបស់កូនៗ ពេលពួកគេទំនេរពីការសិក្សា។ អាចនិយាយបានថាគាត់បានទាំងសុខភាពល្អផង និងបានទាំងជួបមិត្តភក្តិថ្មីៗផង។ លោកស្រីយល់ឃើញថា ពួកគេមានការរីកចម្រើនខ្លាំងផង ហើយបើទៅថ្ងៃមុខគេចង់ក្លាយជាកីឡាករអាជីព លោកស្រីក៏សម្របតាមចំណូលចិត្តរបស់គេដែរ។
ចំណែកលោកស្រី គង់ ផល្លា មានកូនប្រុសម្នាក់ កំពុងហ្វឹកហាត់នៅក្រុម Mate JR បានបញ្ជាក់ដែរថា ការចាប់ដៃគូថ្មីរបស់ Mate JR នៅពេលនេះជារឿងល្អមួយសម្រាប់ពង្រឹងក្រុមបន្ថែម ព្រោះថាគាត់ជួយដល់ក្មេងៗច្រើន ទាំងការហ្វឹកហាត់ ការប្រកួត និងសកម្មភាពសង្គមនានា បង្កើនសាមគ្គីភាព លើកទឹកចិត្តសប្បុរសធម៌ ចេះជួយគ្នា។ សកម្មភាពល្អទាំងនេះហើយទើបធ្វើឱ្យមានកុមារចូលហ្វឹកហាត់ជាប្រចាំរាល់សប្ដាហ៍ រាល់ខែ ព្រមទាំងអភិវឌ្ឍខ្លួនបានទៅមុខច្រើន ព្រោះមានឱកាសប្រកួតនឹងក្រុមបរទេសផ្សេងៗដូចជាវៀតណាម ម៉ាឡេស៊ី សឹង្ហបុរី ជាដើម។ ជាមួយគ្នាក្រោយការហ្វឹកហាត់នេះទៅ ក្មេងៗ មានសមត្ថភាពចូលរួមក្នុងក្លឹបអាជីពផ្សេងៗដូចជា វិសាខា ព្រះខ័នរាជស្វាយរៀង ក្រសួងការពារជាតិ ឈុតយុវជនតាមកម្រិតអាយុ។ អាចនិយាយថា Mate JR បង្ហាត់ក្មេងៗពីយុវជនថ្នាល រហូតឈានជើងចូលដល់ជាកីឡាករអាជីព ទៅតាមសមត្ថភាពរបស់ក្មេងជាស្តែង។
គួរបញ្ជាក់ថា ក្រៅពីបណ្តុះបណ្តាលយុវជនថ្នាល ក្លឹបបាល់ទាត់ Mate JR Sport Club មានគ្រូបង្វឹកខ្មែរ និងបរទេសដែលមានបទពិសោធន៍ខ្ពស់ ក៏មានចូលរួមប្រកួតប្រជែងតាមពានរង្វាន់យុវជននានា នៅក្នុងប្រទេសផងដែរ។ ជាក់ស្តែងយុវជន ម៉ាក សុទ្ធាពិសិដ្ឋ ចេញពីសមាជិក Mate JR បានអភិវឌ្ឍខ្លួនទៅកាន់ជាសមាជិកយុវជនក្រោមអាយុ១៦ឆ្នាំរបស់ក្លឹបបាល់ទាត់វិសាខា ខណៈក្លឹបវិសាខាទើបគ្រងម្ចាស់ជើងឯកពានរង្វាន់យុវជនក្រោយអាយុ១៦ឆ្នាំ (Cambodian Youth League 2026) ក្រោមការរៀបចំរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាទៀតផង៕
ដោយ ហេង ណាលីន)





