ឯកឧត្តម ប៉ាន សូរស័ក្តិ ជំរុញឱ្យអត្តពលិកទោចក្រយានពង្រឹងគុណភាព ត្រៀមស៊ីហ្គេម ឆ្នាំ២០២៧ និងកីឡាយុវជនអាស៊ី ឆ្នាំ២០៣១
AKP ភ្នំពេញេ ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៦--ឯកឧត្តម ប៉ាន សូរស័ក្តិ សមាជិករដ្ឋសភា និងជាប្រធានសហព័ន្ធកីឡាទោចក្រយានកម្ពុជាបានជំរុញលើកទឹកចិត្ត ក៏ដូចជាបានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួនជូនដល់សហព័ន្ធ ក៏ដូចជាកីឡាករ កីឡាការិនីទោចក្រយានបន្តការហ្វឹកហាត់ពង្រឹងគុណភាព ដើម្បីត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៧ នៅប្រទេសម៉ាឡេស៊ី និងត្រៀមធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី នាឆ្នាំ២០៣១ នៅកម្ពុជា។

ការលើកទឹកចិត្ត និងផ្តល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមប្រធានសហព័ន្ធបានធ្វើឡើង នៅក្នុងពិធីបិទការប្រកួតកីឡាទោចក្រយាន ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥ កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

ឯកឧត្តម ប៉ាន សូរស័ក្តិ មានប្រសាសន៍ថា ការប្រកួតកីឡាទោចក្រយាន ជ្រើសរើសជើងឯកថ្នាក់ជាតិ ទាំងវិញ្ញាសាកង់ភ្នំ និងកង់គួក រយៈពេល០២ថ្ងៃពេញនេះ គឺជាការផ្តល់ឱកាសឱ្យកីឡាករ កីឡាការិនី បញ្ចេញនូវទេពកោសល្យ ក៏ដូចជាវាស់ស្ទង់សមត្ថភាពបច្ចេកទេស ដែលកីឡាករ-កីឡាការិនីម្នាក់ៗបានហ្វឹកហាត់កន្លងមក។ លទ្ធផលរបស់កីឡាករ-កីឡាការិនី ដែលទទួលជ័យលាភីនាពេលនេះ ពិតជាបានមកពីការខិតខំហ្វឹកហាត់ជាប្រចាំ មានការតស៊ូព្យាយាមគោរពវិន័យបានល្អ ការយកចិត្តទុកដាក់ និងគោរពបានតាមបទបញ្ជាបច្ចេកទេសរបស់សហព័ន្ធ នៅក្នុងការប្រកួតនេះ។

ដើម្បីឱ្យវិស័យកីឡាទោចក្រយាន នៅកម្ពុជាកាន់តែមានការរីកចម្រើនទាំងបរិមាណ និងគុណភាព សម្រាប់ចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣៤ ឆ្នាំ២០២៧ នៅប្រទេសម៉ាឡេស៊ី និងការធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាយុវជនអាស៊ី លើកទី៥ ឆ្នាំ២០៣១ឱ្យទទួលបានលទ្ធផលល្អ ឯកឧត្តម ប៉ាន សូរស័ក្តិ បានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួន រួមមាន៖ ត្រូវខិតខំបណ្តុះបណ្តាលថ្នាក់ថ្នាល បង្កើនបរិមាណកីឡាករ-កីឡាការិនីតាមបណ្តាក្លឹប-សមាគមកីឡាទោចក្រយានរាជធានី-ខេត្ត ក្រសួង-ស្ថាប័នឱ្យបានទូលំទូលាយ និងមានធនធានមនុស្ស និងសម្ភារហ្វឹកហាត់ឱ្យបានគ្រប់គ្រាន់ ដើម្បីងាយស្រួលហ្វឹកហាត់ និងការចូលរួមប្រកួតពីថ្នាក់ភូមិភាគ និងប្រកួតថ្នាក់ជាតិ។ ត្រូវពង្រឹងសមត្ថភាពគ្រូបង្វឹក កីឡាករ កីឡាការិនី មន្ត្រីរៀបចំការប្រកួតឱ្យកាន់តែល្អប្រសើរទាំងបរិមាណ និងគុណភាព ដើម្បីអាចម្ចាស់ការរៀបចំការប្រកួត នៅគ្រប់កម្រិតទាំងថ្នាក់ជាតិ និងអន្តរជាតិ។ ត្រូវជំរុញឱ្យមានការហ្វឹកហាត់ជាប្រចាំ និងការប្រកួតឱ្យបានច្រើននៅតាមបណ្តាក្លឹប-សមាគម នៅទូទាំងប្រទេស តាមភូមិភាគ និងនៅថ្នាក់ជាតិ។ ត្រូវពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងផ្ទៃក្នុងរបស់សហព័ន្ធ និងទំនាក់ទំនងល្អ រវាងក្លឹប-សមាគមទូទាំងប្រទេស។ ត្រូវប្រឹងប្រែងស្វែងរកដៃគូអភិវឌ្ឍន៍បន្ថែមទៀត ដើម្បីបង្កើនព្រឹត្តិការណ៍ប្រកួតឱ្យបានច្រើនក្នុងមួយឆ្នាំៗ តាមដែលអាចធ្វើបាន។ និងយោងតាមប្រសាសន៍សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍ថា ប្រជាជនម្នាក់ត្រូវលេងកីឡាមួយមុខយ៉ាងតិចប្រចាំជីវិត និងកីឡារស់ក្នុងសន្តិភាព ។

បន្ថែមពីលើនេះ ឯកឧត្តមប្រធានសហព័ន្ធក៏បានកោតសរសើរចំពោះប្រតិភូដឹកនាំក្រុមកីឡាទោចក្រយានទាំងអស់ ដែលបានចូលរួមក្នុងការប្រកួតប្រកបដោយស្មារតីមិត្តភាព សាមគ្គីភាព ការយោគយល់គ្នា ហើយគោរពបានត្រឹមត្រូវតាមបទបញ្ជាបច្ចេកទេស នៃការប្រកួតដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ មិនគិតតែពីការយក ឈ្នះ-ចាញ់ ពោលគឺ៖ ឈរលើស្មារតីកីឡា ដើម្បីសុខភាព សន្តិភាព មិត្តភាព សាមគ្គីភាព បង្កើនគុណផលបច្ចេកទេស។ ឯកឧត្តមក៏បានថ្លែងអំណរគុណ ចំពោះមន្រ្តីបច្ចេកទេសសហព័ន្ធកីឡាទោចក្រយានកម្ពុជា ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការរៀបចំព្រឹត្តិការណ៍ការប្រកួត ជូនដល់កីឡាករ-កីឡាការិនី ប្រកបដោយភាពយុតិ្តធម៌ មិនលម្អៀង និងគោរពបានតាមបទបញ្ជាបច្ចេកទេស នៃការប្រកួតធ្វើឱ្យការប្រកួតប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យជាផ្លែផ្កា។

ជាមួយគ្នានេះ លោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធកីឡាទោចក្រយានកម្ពុជាបានជម្រាបជូនថា ការប្រកួតកីឡាទោចក្រយាន ជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥នេះមានការចូលរួមពី១៤ក្លឹប ដោយមានមន្ត្រីគណៈកម្មការបច្ចេកទេស ៥០នាក់ ប្រតិភូ គ្រូបង្វឹក ៦០នាក់ កីឡាករ ១០៣នាក់ និងកីឡារិនី ៧នាក់ សរុប ២២០នាក់។ ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញរយៈពេល២ថ្ងៃ ជ័យលាភីលើវិញ្ញាសាទាំង៧នៃវិញ្ញាសាកង់ភ្នំ និងកង់គួក រួមមាន៖ វិញ្ញាសាកង់ភ្នំបុរស Men Elite MTB ចំណាត់ថ្នាក់លេខ១ កីឡាករ សាំង ពិសិដ្ឋ ក្លឹបក្រសួងមហាផ្ទៃ។ វិញ្ញាសាកង់ភ្នំបុរស Men Junior MTB លេខ១ កីឡាករ សាត រីដេវីត ក្លឹបគិរីរម្យ, វិញ្ញាសា កង់ភ្នំនារី Women MTB លេខ១ កីឡាការិនី ខេន ម៉ាឡៃ ក្លឹប Empire Cycling Team ខណៈវិញ្ញាសាកង់ភ្នំវ័យចំណាស់ លេខ១ កីឡាករ Pierre Yves Catry ក្លឹប Flying bikes។ ផ្នែកកង់គួក វិញ្ញាសាបុរស អាយុ១៩ឆ្នាំឡើង Men Elite Road Criterium លេខ១ កីឡាករ សុខ ប៊ុនហុក Sakky Cycling Team, វិញ្ញាសាបុរស អាយុ១៨ឆ្នាំចុះក្រោម Men Junior Road Criterium លេខ១ កីឡាករ ង៉ោ ជាស្រ៊ុង ក្រុមកង់រិទ្ធិសែនកំពង់ឆ្នាំង ខណៈវិញ្ញាសាកង់គួកបុរស អាយុ៤០ឆ្នាំឡើង លេខ១ កីឡាករ ធុន ភារម្យ មកពី Sakky Cycling Team។ ក្រៅពីលេខ១ មេដាយមាស ក៏មានចំណាត់ថ្នាក់លេខ ២ ដល់លេខ ៥អមវិញ្ញាសាទាំង៧ ដូចៗគ្នាផងដែរ៕
ដោយ ហេង ណាលីន (រូបភាព៖ NOCC)





