ពានរង្វាន់បាល់ទះសម្តេចក្រឡាហោម ស ខេង កំពុងបន្តប្រកួតជម្រុះ យ៉ាងស្វិតស្វាញ ឆ្ពោះទៅដណ្តើមប្រាក់រង្វាន់សរុប ១២៧លានរៀល
AKP ភ្នំពេញ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦--ការប្រកួតបាល់ទះដណ្តើមពានរង្វាន់បាល់ទះសម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២៦ កំពុងដំណើរការប្រកួតជម្រុះតាមពូលយ៉ាងស្វិតស្វាយ នៅវិមានពហុកីឡដ្ឋានជាតិ ខណៈនៅរដូវកាលនេះសហព័ន្ធកីឡាបាល់ទះកម្ពុជាបានបើកឱ្យមានការប្រកួតជា២វិញ្ញាសា បុរស-នារី ដោយចាប់ពីថ្ងៃទី៧ ខែកុម្ភៈ ដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៦ ដើម្បីឆ្ពោះទៅដណ្តើមប្រាក់រង្វាន់ជ័យលាភីសរុប ១២៧លានរៀល។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជាបានផ្តល់ឱកាសនិងលើកទឹកចិត្តដល់យុវតី ដែលមានឱកាសនិងសមត្ថភាព ដើម្បីប្រកួតប្រជែងសម្រាប់វិញ្ញាសានារី ដែលនេះជាផ្នែកមួយនៃការជំរុញឱ្យមានការអភិវឌ្ឍន៍វិស័យបាល់ទះជាតិទាំងផ្នែកបុរស-នារី។ យ៉ាងណាក្តីកន្លងមកសហព័ន្ធកីឡាបាល់ទះកម្ពុជាតែងតែរៀបចំវិញ្ញាសាផ្នែកនារីនេះជាច្រើនលើកមកដែរ ប៉ុន្តែនៅឆ្នាំ២០២៦នេះជាលើកដំបូង ដែលមានការរៀបចំឱ្យប្រកួតក្នុងពានរង្វាន់តែមួយដំណាលគ្នានឹងបុរស ដោយវិញ្ញាសាបាល់ទះនារីគ្រោងនឹងដំណើរប្រកួតជម្រុះតាមពូល ចាប់ពីថ្ងៃទី២១ ខែកុម្ភៈ តទៅ។

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការ សហព័ន្ធកីឡាបាល់ទះកម្ពុជាធ្លាប់បានលើកឡើងថា ការអភិវឌ្ឍបាល់ទះជាតិ គឺផ្តោតទាំងផ្នែកបុរស-នារី និងបាល់ទះឆ្នេរខ្សាច់ជាដើម ដើម្បីឱ្យស្របទៅនឹងការវិវឌ្ឍរបស់មជ្ឈដ្ឋានអន្តរជាតិ។ យ៉ាងណាក្តីនៅក្នុងពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៤ នេះមានក្រុមបាល់ទះផ្នែកបុរសចូលរួមប្រកួតប្រជែងរហូតដល់ទៅ៣២ក្រុម និងវិញ្ញាសានារី មាន៨ក្រុម។

វិញ្ញាសាបុរសក្នុងពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២៦នេះបែងចែកជា៨ពូល ខណៈវិញ្ញាសាផ្នែកបាល់ទះនារីវិញ មាន២ពូល។ ជាមួយគ្នានេះ គណៈកម្មការរៀបចំការប្រកួតបានត្រៀមពានរង្វាន់ក្រុម ពានរង្វាន់ឯកត្តជន និងប្រាក់រង្វាន់ សម្រាប់វិញ្ញាសាផ្នែកបុរសមានដូចជា ក្រុមជើងជើងឯកនឹងទទួលបាន ពានរង្វាន់១ មេដាយមាសម្នាក់១ អមដោយថវិកាលើកទឹកចិត្ត៥០លានរៀល, ក្រុមជើងជើងឯករង នឹងទទួលបាន មេដាយប្រាក់ម្នាក់១ និងថវិកាលើកទឹកចិត្ត ២០លានរៀល, ក្រុមចំណាត់ថ្នាក់លេខ៣នឹងទទួលបាន មេដាយសំរឹទ្ធម្នាក់១ និងថវិកាលើកទឹកចិត្ត ១២លានរៀល, ក្រុមចំណាត់ថ្នាក់លេខ៤ នឹងទទួលបានថវិកាលើកទឹកចិត្ត ៨លានរៀល។ ចំណែកពានឯកត្តជន មានចំនួន ៨ពាន ក្នុងពាននីមួយៗមានថវិកាលើកទឹកចិត្តចំនួន ១លានរៀល សរុប ៨លានរៀល។
ចំពោះវិញ្ញាសាផ្នែកនារី មានពានរង្វាន់ក្រុមពានរង្វាន់ឯកត្តជន និងប្រាក់រង្វាន់ ដូចជា៖ ក្រុមជើងជើងឯក នឹងទទួលបានពានរង្វាន់១ មេដាយមាសម្នាក់១ និងថវិកាលើកទឹកចិត្ត ១៥លានរៀល, ក្រុមជើងជើងឯករងនឹងទទួលបានមេដាយប្រាក់ម្នាក់១និងថវិកាលើកទឹកចិត្ត ៨លានរៀល, ក្រុមចំណាត់ថ្នាក់លេខ៣ នឹងទទួលបានមេដាយសំរឹទ្ធ ម្នាក់១និងថវិកាលើកទឹកចិត្ត៤លានរៀល ខណៈក្រុមចំណាត់ថ្នាក់លេខ៤ នឹងទទួលបានថវិកាលើកទឹកចិត្ត ២លានរៀល។ ប្រាក់រង្វាន់សរុប នៃការប្រកួតកីឡាបាល់ទះជ្រើសរើសជើងឯកពានរង្វាន់សម្តេចក្រឡាហោម ស ខេង រដូវកាលទី៤ មានទឹកប្រាក់ចំនួន ១២៧លានរៀល។
គួររម្លឹកថា ពានរង្វាន់បាល់ទះ សម្តេចក្រឡាហោម ស ខេង ៣រដូវកាលកន្លងមក គឺឆ្នាំ២០២២ ជើងឯក បានទៅសមាគមកីឡាបាល់ទះវិសាខា B, នៅឆ្នាំ២០២៣ ជើងឯក បានទៅសមគមកីឡាបាល់ទះក្រសួងមហាផ្ទៃ B និង ឆ្នាំ២០២៤ ជើងឯក បានទៅក្រុមស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង៕
ដោយ ហេង ណាលីន





