អគ្គលេខាធិការដ្ឋានរដ្ឋសភាបញ្ចប់វគ្គបណ្តុះ បណ្តាល យុទ្ធសាស្ត្រ ប្រាស្រ័យទាក់ទងគោលនយោបាយ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ របស់មន្ត្រីនៅស្ថាប័នរដ្ឋសភា
AkP ភ្នំពេញ ថ្ងៃទី២៦ខែកុម្ភៈ ឆ្នាំ២០២៦-- វគ្គបណ្តុះបណ្តាលស្តីពី «ប្រាស្រ័យ ទាក់ទងគោលនយោបាយ» សម្រាប់មន្ត្រីរាជការនៃ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានបិទបញ្ចប់ដោយ ជោគជ័យ នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦។
ពិធីបិទវគ្គបណ្តុះបណ្តាលនេះ រៀបចំធ្វើឡើង ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ឈាង វណ្ណារិទ្ធ អគ្គលេខាធិការរងរដ្ឋសភា និង ជាប្រធានក្រុមទីប្រឹក្សារដ្ឋសភា។

នៅក្នុងពិធីបិទវគ្គនេះ ឯកឧត្តមបណ្ឌិត ឈាង វណ្ណា រិទ្ធ ក៏បានផ្តល់កិត្តិយសប្រគល់វិញ្ញាបនបត្រជូន ដល់សិក្ខាកាមទាំង ៦០ រូប ដែលបានខិតខំក្រេប ជញ្ជក់ ចំណេះដឹងយ៉ាងសកម្មក្នុងរយៈពេល ៣ ថ្ងៃកន្លងមកនេះផងដែរ។
ក្នុងអំឡុងពេលនៃការបណ្តុះបណ្តាលដែលបានចាប់ផ្តើមតាំងពីថ្ងៃទី២៤ ខែកុម្ភៈ សិក្ខាកាមទាំងអស់ បានសិ៛ក្សាស៊ីជម្រៅលើសសរស្តម្ភសំខាន់ៗនៃប្រព័ន្ធទំនាក់ទំនង រួមមានការកំណត់ភ្នាក់ងារ បញ្ជូនសារ ខ្លឹមសារ, មធ្យោបាយផ្សព្វផ្សាយ , សាធារណជនគោលដៅ និងយន្តការវាយតម្លៃ ត្រឡប់វិញ។ ធាតុផ្សំទាំងនេះត្រូវបានចាត់ទុក ជាកត្តាគន្លឹះក្នុងការបង្កើនប្រសិទ្ធភាពនៃលំហូរព័ត៌មាន និងការទំនាក់ទំនងសាធារណៈរបស់ ស្ថាប័ន នីតិប្បញ្ញត្តិឱ្យមានភាពរលូន និងចំគោលដៅ។

ឯកឧត្តមបណ្ឌិត ឈាង វណ្ណារិទ្ធ បានផ្តល់អនុសាសន៍ ឱ្យមន្ត្រីទាំងអស់យកចិត្តទុកដាក់លើការរៀប ចំ «គោលនយោបាយប្រាស្រ័យទាក់ទង» ដែលមាន ខ្លឹមសារខ្លី ខ្លឹម និងងាយយល់ ដើម្បីជួយឱ្យ ប្រជាពលរដ្ឋទូទៅអាចយល់ដឹងច្បាស់អំពីគោលបំណង និងវិធានការអនុវត្តនៃគោលនយោបាយនីមួយៗ។
ឯកឧត្តមបានសង្កត់ធ្ងន់ថាការប្រាស្រ័យ ទាក់ទងដែលមានប្រសិទ្ធភាពមិនត្រឹមតែជួយ បង្កើនការយល់ដឹងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង កសាងការគាំទ្រ និងការចូលរួមយ៉ាងសកម្មពី សាធារណជនផងដែរ។

ក្រៅពីទ្រឹស្តី សិក្ខាកាមក៏បានអនុវត្តជាក់ស្តែងលើ ករណីសិក្សាសំខាន់ៗដែលពាក់ព័ន្ធនឹងយុទ្ធ សាស្ត្រប្រាស្រ័យទាក់ទងក្នុងស្ថានភាព ប្រឈម ថ្នាក់ជាតិ និងអន្តរជាតិ ព្រមទាំងយុទ្ធសាស្ត្រគាំទ្រ ដល់កំណែទម្រង់រដ្ឋបាលផ្ទៃក្នុងរបស់រដ្ឋសភា។

លទ្ធផលនៃវគ្គបណ្តុះបណ្តាលនេះ ត្រូវបានវាយ តម្លៃថាជាជំហានដ៏សំខាន់ក្នុងការពង្រឹងសមត្ថភាពវិជ្ជាជីវៈមន្ត្រី ដើម្បីគាំទ្រដល់ដំណើរការ នីតិប្បញ្ញត្តិ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ស្របតាមបរិបទ នៃការអភិវឌ្ឍជាតិនាពេលបច្ចុប្បន្ន។
ជាកិច្ចបញ្ចប់ឯកឧត្តមអគ្គលេខាធិការរងបាន ជំរុញ លើកទឹកចិត្តដល់សិក្ខាកាមឱ្យយកចំណេះដឹងដែលទទួលបានទៅអនុវត្តក្នុងភារកិច្ចប្រចាំថ្ងៃដើម្បី លើកកម្ពស់គុណភាពការងាររបស់ រដ្ឋសភាឱ្យកាន់តែល្អប្រសើរឡើង ខណៈដែលអគ្គលេខាធិការដ្ឋាន នឹងបន្តរៀបចំវគ្គបណ្តុះបណ្តាលលើជំនាញឯកទេសផ្សេងៗទៀតជាបន្តបន្ទាប់ ដើម្បីឧត្តមប្រយោជន៍ជាតិ និងប្រជាជន៕
ដោយ៖ ប៊ុនរិទ្ធ, ប្រភព៖ រដ្ឋសភា





