អភិបាលក្រុងប៉ោយប៉ែត ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ដែលតែងតែគិតគូរខ្ពស់ពីសុខទុក្ខ និងជីវភាពរបស់ពលរដ្ឋតាមរយៈការផ្តល់ជំនួយសប្បុរសធម៌
AKP បន្ទាយមានជ័យ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ --ក្នុងស្មារតីសាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់លើសុខុមាលភាពប្រជាពលរដ្ឋ លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត ដែលបានផ្តល់អំណោយជាគ្រឿងឧបភោគ បរិភោគយ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីជួយសម្រាលជីវភាពពលរដ្ឋ និងគាំទ្រសកម្មភាពមនុស្សធម៌ក្នុងក្រុង។

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន រួមមាន លោក រ៉េត រ៉ន សមាជិកគណៈកម្មាធិការកណ្តាលសម្ពន្ធយុវជនស្រលាញ់សន្តិភាព និងជាប្រធានប្រតិបត្តិ ស.យ.ស.ស ខេត្តបន្ទាយមានជ័យ។ឯកឧត្តម គ្រី សំណាង អនុប្រធាន ស.យ.ស.ស. ខេត្តបន្ទាយមានជ័យបាននាំយកនូវគ្រឿងឧបភោគ បរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត ប្រគល់ជូនរដ្ឋបាលក្រុងប៉ោយប៉ែត និងសង្កាត់ទាំង៥ ដើម្បីប្រើប្រាស់ក្នុងសកម្មភាពមនុស្សធម៌។

អំណោយសប្បុរសធម៌នាឱកាសនេះ រួមមានសម្ភារៈចាំបាច់ប្រចាំថ្ងៃជាច្រើនដូចជាអង្ករ ចំនួន ២០ តោន, មី ចំនួន ២,០០០ កេសតូច,ត្រីខកំប៉ុង៖ ចំនួន ២,០០០ កំប៉ុង, ទឹកបរិសុទ្ធ៖ ចំនួន ១,០០០ យួរ។
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានមានប្រសាសន៍លើកឡើងថា អំណោយទាំងនេះមិនត្រឹមតែជាស្បៀងអាហារប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាសក្ខីភាពដែលបង្ហាញពី "ទឹកចិត្តមេត្តាធម៌ និងការគិតគូរខ្ពស់បំផុត" របស់ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ចំពោះសុខទុក្ខ និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត។

"ក្នុងនាមរដ្ឋបាលក្រុង និងប្រជាពលរដ្ឋទូទាំងក្រុងប៉ោយប៉ែត ខ្ញុំបាទសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន។ ឯកឧត្តមតែងតែនៅកៀកកិតជាមួយមូលដ្ឋាន មិនដែលបោះបង់ពលរដ្ឋណាម្នាក់ឱ្យនៅឯកោឡើយ ជាពិសេសក្នុងកាលៈទេសៈដែលពលរដ្ឋជួបការលំបាក"។ នេះជាប្រសាសន៍បន្ថែមរបស់លោក គាត ហ៊ុល។
រដ្ឋបាលក្រុងប៉ោយប៉ែត បានបញ្ជាក់ថា ជំនួយឧបត្ថម្ភទាំងអស់នេះនឹងត្រូវចាត់ចែងបែងចែកបន្តទៅកាន់សង្កាត់ទាំង៥ ក្នុងក្រុងប៉ោយប៉ែត ដើម្បីយកទៅដាក់ក្នុងឃ្លាំងត្រៀមបម្រុង និងចែកជូនដល់គ្រួសារក្រីក្រ ជនងាយរងគ្រោះ និងប្រើប្រាស់ក្នុងសកម្មភាពសង្គមផ្សេងៗឱ្យចំគោលដៅ និងប្រកបដោយតម្លាភាព។
សកម្មភាពនេះ ក៏បានឆ្លុះបញ្ចាំងពីការពង្រឹងសាមគ្គីភាពរវាងក្រុមការងាររាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន ក្នុងការអនុវត្តគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕
ដោយ ៖ ឈុនសារ៉ាត





