តាមបណ្ដាខេត្ដ និងរាជធានី អាចមានភ្លៀងធ្លាក់ និងខ្យល់កន្ទ្រាក់ គ្របដណ្ដប់លើផ្ទៃដី២៥ភាគរយ
AKP ភ្នំពេញ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ -- នៅតាមបណ្តាខេត្ត និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ២៥ភាគរយ។ នេះបើយោងតាមព្រឹត្តិបត្រព័ត៌មាន ស្តីពីស្ថានភាពធាតុអាកាស នៃការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ។

ក្រសួងធនធានទឹក និងឧតុនិយម សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ របបខ្យល់មូសុងឦសានដែលបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងសមុទ្រកម្ពុជា មានឥទ្ធិពលលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាសចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៦៖ ១- តំបន់វាលទំនាប៖ សីតុណ្ហភាពមធ្យមអប្បបរមា ២២°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៥°C។

ខ្យល់បក់មកពីទិសឦសាន និងទិសបូព៌ាមានល្បឿនមធ្យម ៣ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ធំ កំពង់ឆ្នាំង កណ្តាល កំពង់ចាម ត្បូងឃ្មុំ តាកែវ ព្រៃវែង ស្វាយរៀង និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ២៥%។ ទី២- តំបន់ខ្ពង់រាប៖ សីតុណ្ហភាពមធ្យមអប្បបរមា ២២°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៥°C។ ខ្យល់បក់មកពីទិសឧត្តរ និងទិសឦសានមានល្បឿនមធ្យម ២ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរ ភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ១៥ភាគរយ។ ទី៣- តំបន់មាត់សមុទ្រ៖ សីតុណ្ហភាពមធ្យមអប្បបរមា ២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៤°C។

ខ្យល់បក់មកពីទិសនិរតី និងទិសអាគ្នេយ៍មានល្បឿនមធ្យម ៣ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី ៣០% ហើយរលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,០០ម៉ែត្រ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៌មាន៕
ដោយ៖ សួស សំរិត





