ឯកឧត្តម ស្លេះ ពុនយ៉ាម៉ីន៖ ថ្នាក់ដឹកនាំជាតិគ្រប់ជាន់ថ្នាក់ យកចិត្តទុកដាក់មកលើសហគមន៍ខ្មែរឥស្លាមដោយគ្មានការរើសអើង
AKP ភ្នំពេញ ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦-- ឯកឧត្តម ស្លេះ ពុនយ៉ាម៉ីន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ នាព្រឹក ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ស្ថិតក្នុងភូមិ បឹងទន្សោង ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយបានបញ្ជាក់ពីការយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំជាតិគ្រប់ជាន់ថ្នាក់មកលើសហគមន៍ខ្មែរឥស្លាមដោយគ្មានការរើសអើង។

ឯកឧត្តម ស្លេះ ពុនយ៉ាម៉ីន បានបន្ថែមថា ទាំងនេះហើយគឺជាការបញ្ជាក់ពីស្មារតី ក្នុងការដឹក នាំរបស់ថ្នាក់ដឹកនាំកំពូលដោយមិនដែលចាត់ទុកបងប្អូនខ្មែរឥស្លាមថា ជាជាតិសាសន៍ដទៃឡើយ ហើយអ្វីដែលបានរំលេចឡើងនេះបញ្ជាក់ឱ្យឃើញថា ក្រោមមាគ៌ាដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី នាយករដ្ឋមន្ត្រី សុខដុមនីយកម្មសាសនា គឺជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសឱ្យកាន់តែមានភាពរីកចម្រើន ហើយក្នុងឱកាស នៃខែរ៉ាម៉ាឌនដ៏ពិសិដ្ឋនេះ សូមឱ្យបងប្អូនសុំពរជ័យពីអល់ឡោះជាម្ចាស់ សូមឱ្យផ្តល់ក្តីសុខមក ចំពោះប្រទេសរបស់យើង ចំពោះបងប្អូនប្រជាជនទាំងអស់ និងចំពោះថ្នាក់ដឹកនាំរបស់យើង ឱ្យពោរពេញដោយក្តីសុខ ចៀសចាកផុតពីគ្រោះទាំងឡាយ ពីសង្គ្រាមឈ្លានពាន ជាពិសេស សម្តេចតេជោ និងសម្តេចធិបតី សូមប្រកបដោយសុខភាពល្អ កម្លាំងកាយមាំមួន ដើម្បីដឹកនាំ ប្រទេសកម្ពុជាឱ្យជួបតែក្តីសុខក្សេមក្សាន្ត ។

ក្នុងឱកាសនេះ ឯកឧត្តម ស្លេះ ពុនយ៉ាម៉ីន បាននាំយកអំណោយរបស់ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា មានអង្ករ និងថវិកាមួយចំនួនចែកជូនដល់សាសនិកឥស្លាមផងដែរ៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ព្រឹទ្ធសភា)





