ក្រុមការងារបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម និងអ្នកជំនាញអន្ដរជាតិចុះពិនិត្យ និងថែទាំស្ថានីយរ៉ាដាតេជោសែន
AKP ភ្នំពេញ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦--លោក សូអ៊ឹម មណីជោតិ ប្រធាននាយកដ្ឋានឧតុនិយម ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីជំនាញបច្ចេកទេសនៃក្រសួង សហការជាមួយក្រុមអ្នកជំនាញអន្តរជាតិមកពីស្ថាប័ន Meteo France International (MFI) នៃប្រទេសបារាំង ចុះអនុវត្តបេសកកម្មត្រួតពិនិត្យ ជួសជុល និងថែទាំបច្ចេកទេសជាលក្ខណៈទ្រង់ទ្រាយធំ នៅស្ថានីយរ៉ាដាតេជោសែនមានទីតាំស្ថិតនៅក្បាលថ្នល់ កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦។

ក្នុងក្របខ័ណ្ឌនៃបេសកកម្មពង្រឹងសមត្ថភាព និងប្រសិទ្ធភាពប្រតិបត្តិការនៅស្ថានីយរ៉ាដាតេជោសែន ក្រុមការងារបច្ចេកទេសចម្រុះបានអនុវត្តយ៉ាងសកម្មនូវកិច្ចការអាទិភាពចំនួន ៣ ផ្នែកសំខាន់ៗ រួមមាន៖ ទី១- ការងារជួសជុលស៊ុមការពារ (Radome)៖ ផ្តោតលើការត្រួតពិនិត្យ និងពង្រឹងភាពធន់នៃស៊ុមការពាររលកធាតុអាកាសទាំងមូល ដើម្បីធានាសុវត្ថិភាពឧបករណ៍បច្ចេកទេសពីមជ្ឈដ្ឋានខាងក្រៅ។ ទី២- ការងារប្រព័ន្ធអង់តែន (Antenna System)៖ ធ្វើការកែសម្រួលផ្នែកមេកានិច និងអេឡិចត្រូនិក ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការបញ្ជូន-ទទួលទិន្នន័យឧតុនិយម ឱ្យកាន់តែមានភាពសុក្រឹតខ្ពស់។ ទី៣- ការងារសុវត្ថិភាព និងបច្ចេកទេស៖ បានពង្រឹងប្រព័ន្ធការពាររន្ទៈ (Lightning Protection System) និងភ្លើងសញ្ញាព្រមានលើអង់តែន ដើម្បីបង្ការហានិភ័យ និងធានានិរន្តរភាពឧបករណ៍ ក្នុងអំឡុងពេលមានបាតុភូតអាកាសធាតុអាក្រក់។

នាឱកាសនោះ លោកប្រធាននាយកដ្ឋានបានគូសបញ្ជាក់ថា តាមរយៈកិច្ចប្រតិបត្តិការថែទាំបច្ចេកទេសកម្រិតខ្ពស់នាពេលនេះ ស្ថានីយរ៉ាដាតេជោសែននឹងបន្តដើរតួនាទីយ៉ាងសំខាន់ និងជាយុទ្ធសាស្ត្រ ក្នុងការផ្តល់នូវទិន្នន័យឧតុនិយមបានទាន់ពេលវេលា និងមានភាពជឿជាក់ខ្ពស់ជាលក្ខណៈអន្តរជាតិ ដែលជាសមាសភាគមិនអាចខ្វះបានក្នុងយន្តការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយធម្មជាតិ៕


ដោយ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម)





