ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រកាសសមាសភាពលេខាធិការដ្ឋាន អ.ន.ក និងប្រកាសប្រគល់ត្រាសិទ្ធិជូនសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង៨១ឃុំសង្កាត់នៅខេត្តកំពង់ធំ
AKP កំពង់ធំ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦--ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ធំកាលពីរសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពក្រុមលេខាធិកាដ្ឋាន អ.ន.ក និងណែនាំភារកិច្ចផ្សព្វផ្សាយលក្ខន្តិកៈ របស់ អ.ន.ក និងប្រគល់ត្រាសិទ្ធិជូនដល់សាខាសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជានៅឃុំ សង្កាត់ ទាំង៨១ ក្នុងខេត្តកំពង់ធំ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំដោយមានការអញ្ជើញចូលរួមពីគ្រប់សមាសភាពពាក់ព័ន្ធជាច្រើននាក់។

លោកវរសេនីយ៍ទោ នួន គឹមអាង នាយផ្នែកលេខាធិការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំឡើងអានសេចក្តីសម្រេចស្ដីពីការចាត់តាំងសមាសភាពក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការ អ.ន.ក ខេត្តកំពង់ធំ និងប្រកាសសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជានៅតាមឃុំ សង្កាត់ទាំង៨១នៅខេត្តកំពង់ធំ ដោយបានគូសបញ្ជាក់តាមសេចក្តីសម្រេចអំពីតួនាទីភារកិច្ច និងសិទ្ធិរបស់ក្រុមលេខាធិកាដ្ឋាន អ.ន.ក និងសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជានៅតាមឃុំ សង្កាត់នីមួយៗផងដែរ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមអនុប្រធានប្រចាំការ និងជាប្រធានក្រុមលេខាធិការដ្ឋាន តំណាងឱ្យឯកឧត្តម នួន ផារ័ត្ន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ បានកោតសរសើរចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ធំដែលបានខិតខំបំពេញភារកិច្ច ស្របតាមលក្ខន្តិកៈរបស់ អ.ន.ក និងបានខិតខំដោះស្រាយនិងបម្រើបងប្អូនអតីតយុទ្ធជន និងនិវត្តជនកម្ពុជានៅខេត្តកំពង់ធំបានយ៉ាងល្អប្រសើរដែលជាទីកក់ក្តៅរបស់បងប្អូនអតីតយុទ្ធជន និងនិវត្តជននៅខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយអំពីចំណុចសំខាន់ៗមួយចំនួន អំពីលក្ខន្តិកៈរបស់សមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជា ដែលមហាសន្និបាតវិសាមញ្ញរបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្រោមអធិបតីភាពរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាដែលបានអនុម័តជាឯកច្ឆន្ទក្នុងអង្គមហាសន្និបាតវិសាមញ្ញ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ដើម្បីរួមបញ្ចូលអតីតមន្ត្រីរាជការស៊ីវិលក្នុងសមាគមអតីតយុទ្ធជនកម្ពុជានិងបានណែនាំអំពីតួនាទីភារកិច្ចរបស់ក្រុមលេខាធិកាដ្ឋាន និងតួនាទីភារកិច្ចរបស់សាខាឃុំ សង្កាត់នីមួយៗ ក្នុងការបម្រើបងប្អូនអតីតយុទ្ធជននិងអតីតមន្ត្រីរាជការស៊ីវិល ដែលជានិវត្តជនស្របតាមលក្ខន្តិកៈដែលបានចែង។

នៅក្នុងឱកាសមហាសន្និបាតវិសាមញ្ញកន្លងទៅ សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមបតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសចូលរួមក្នុងការបម្រើ និងជួយដោះស្រាយការលំបាកខ្វះខាតជូនដល់អតីតយុទ្ធជននិងនិវត្តជនកម្ពុជាឱ្យបានល្អប្រសើរ៕
ដោយ ស៊ុម វណ្ណា





