រដ្ឋបាលខេត្តបន្ទាយមានជ័យដាក់ចេញទិសដៅយុទ្ធសាស្ត្រថ្មី ប្រែក្លាយវិស័យទេសចរណ៍ជា"មាសបៃតង" ដើម្បីលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន
AKP បន្ទាយមានជ័យ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦--រដ្ឋបាលខេត្តបន្ទាយមានជ័យបានបង្ហាញមហិច្ឆតាក្នុងការរុញច្រានវិស័យទេសចរណ៍ឱ្យក្លាយជាក្បាលម៉ាស៊ីនកំណើនសេដ្ឋកិច្ចដ៏សំខាន់ ឬ "មាសបៃតង" ដើម្បីបង្កើតការងារ និងបង្កើនចំណូលផ្ទាល់ដល់ប្រជាពលរដ្ឋ តាមរយៈការវាយតម្លៃបញ្ចប់អាណត្តិ និងត្រៀមរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍ថ្មី។

នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ នាសាលប្រជុំក្រុមប្រឹក្សាខេត្ត លោក ប្រាក់ ប៉ូលី អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំបូកសរុប និងវាយតម្លៃបញ្ចប់អាណត្តិ នៃការអនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍បច្ចុប្បន្នកម្ម(២០២១-២០២៥)។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោក ម៉ែន ភារម្យ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ នៃក្រសួងទេសចរណ៍ ព្រមទាំងអភិបាលក្រុង-ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។

ក្នុងឱកាសនោះ លោក ម៉ែន ភារម្យ បានគូសបញ្ជាក់ថា ការវាយតម្លៃនេះគឺជាជំហានចាំបាច់ក្នុងការស្វែងយល់ ចំណុចខ្លាំង និងកាលានុវត្តភាព ដែលខេត្តសម្រេចបានក្នុងរយៈពេល ៥ឆ្នាំកន្លងមក។បញ្ហាប្រឈមជាឧបសគ្គដែលរាំងស្ទះដល់ការរីកចម្រើននៃវិស័យនេះ។ គោលដៅអនាគត ការប្រើប្រាស់លទ្ធផលវាយតម្លៃជាមូលដ្ឋានគ្រឹះ ដើម្បីកំណត់ទិសដៅយុទ្ធសាស្ត្រថ្មី ក្នុងបំណងប្រែក្លាយខេត្តបន្ទាយមានជ័យពី"ច្រកចេញ-ចូលព្រំដែន" ទៅជា "គោលដៅទេសចរណ៍វប្បធម៌ និងធម្មជាតិ" ដ៏សម្បូរបែប និងទាក់ទាញបំផុត។

ជាការឆ្លើយតប លោក ប្រាក់ ប៉ូលី បានសម្តែងនូវការកោតសរសើរដល់កិច្ចសហការយ៉ាងជិតស្និទ្ធរវាងអង្គភាពពាក់ព័ន្ធ។ លោកបានសង្កត់ធ្ងន់លើចំណុចគន្លឹះដើម្បីជំរុញវិស័យមាសបៃតងនេះដូចជា ការពង្រឹងគុណភាពសេវាកម្ម លើកកម្ពស់ស្តង់ដារសេវាកម្មទេសចរណ៍ឱ្យឆ្លើយតបនឹងតម្រូវការអន្តរជាតិ។ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបន្តស្ថាបនាផ្លូវ និងសម្ភារៈរូបវន្តឆ្ពោះទៅកាន់តំបន់រមណីយដ្ឋាននានា។
សន្តិសុខ និងបដិសណ្ឋារកិច្ចធានាឱ្យបាននូវសុវត្ថិភាពខ្ពស់ និងការទទួលស្វាគមន៍ប្រកបដោយភាពកក់ក្តៅជូនដល់ភ្ញៀវទេសចរ។"វិស័យទេសចរណ៍ មិនមែនគ្រាន់តែជាការកម្សាន្តនោះទេ ប៉ុន្តែវាគឺជា 'មាសបៃតង' ដែលនាំមកនូវលំហូរវិនិយោគ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់ដោយផ្ទាល់"។ នេះជាប្រសាសន៍បន្ថែមរបស់លោក ប្រាក់ ប៉ូលី។

លោក ឈឿន សេរីវុធ ប្រធានមន្ទីរទេសចរណ៍ខេត្តបានបង្ហាញមោទនភាពចំពោះភាពធន់នៃវិស័យទេសចរណ៍ក្នុងខេត្ត ទោះបីជាត្រូវឆ្លងកាត់វិបត្តិសកលក៏ដោយ។ លោកបានបញ្ជាក់ថា មន្ទីរជំនាញនឹងបន្ត កែលម្អតំបន់ទេសចរណ៍ចាស់ និងស្វែងរកសក្តានុពលតំបន់ទេសចរណ៍ថ្មីៗ។ ចងក្រងទិន្នន័យឱ្យបានច្បាស់លាស់ ដើម្បីឆ្លើយតបនឹងទីផ្សារទេសចរណ៍បែបឌីជីថល និងទំនើបកម្ម។
ជាលទ្ធផល កិច្ចប្រជុំបានឯកភាពគ្នាជាឯកច្ឆន្ទលើការរៀបចំផែនការសកម្មភាពថ្មី ដែលនឹងក្លាយជាផែនទីបង្ហាញផ្លូវសម្រាប់នាំមកនូវវឌ្ឍនភាព និងការរីកចម្រើនប្រកបដោយចីរភាពសម្រាប់ខេត្តបន្ទាយមានជ័យទាំងមូល៕
ដោយ ឈុន សារ៉ាត





