មេបញ្ជាការ កងការពារព្រំដែនលេខ ៦០១ បានផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ជាតិ-អន្តរជាតិ
AKP ភ្នំពេញ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦—លោកវរសេនីយ៍ឯក លន់ លុច មេបញ្ជាការ កងការពារព្រំដែនលេខ ៦០១ បានអញ្ជើញផ្សព្វផ្សាយពីព្រឹត្តិការណ៍ជាតិ-អន្តរជាតិ និងសភាពការណ៍លើខែ្សបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្រ្តទទួលខុសត្រូវរបស់អង្គភាព ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ ។

លោកមេបញ្ជាការ បានលើកទឹកចិត្តដល់នាយ-ពលទាហានទាំងអស់ ត្រូវយកចិត្តទុកដាក់អំពីតួនាទីភារកិច្ចចំពោះមុខ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវ បទវិន័យ លក្ខន្តិកៈទូទៅរបស់កងយោធពលខេមរភូមិន្ទ ។
ទន្ទឹមនឹងនោះ ត្រូវត្រៀមកម្លាំងចល័តចុះជួយប្រជាពលរដ្ឋជាយថាហេតុ និងចាត់តាំងកម្លាំងបណ្តាកងល្បាតទាំងអស់ ត្រូវបង្កើនការដើរល្បាត ឱ្យបានជាប់ជាប្រចាំក្ដាប់សភាពការណ៍ ស្រាវជ្រាវព័ត៌មានតាមខ្សែបន្ទាត់ព្រំដែន ត្រូវអនុវត្តតាមបទបញ្ជារបស់ថ្នាក់លើ ក៏ដូចជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការកសាងព្រំដែន ជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការល្អ និងការអភិវឌ្ឍ ។

ក្នុងពេលនោះដែរ លោកមេបញ្ជាការកងការពារព្រំដែនលេខ៦០១ មានប្រសាសន៍បញ្ជាក់ថា កងយោធពលខេមរភូមិន្ទ ជាកូនចៅរបស់ប្រជាជន ដូច្នេះត្រូវតែចូលរួមយ៉ាងសកម្មក្នុងការការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ និងសន្តិសុខសង្គមឱ្យបានល្អប្រសើរ៕
ដោយ៖ សំ សាម៉ន ប្រភព៖ បញ្ជាការដ្ឋានកងទ័ពជើងគោក





