សមត្ថកិច្ចចម្រុះសមត្ថកិច្ចរាជធានីភ្នំពេញ ឃាត់ខ្លួនជនជាតិកូរ៉េខាងត្បូងចំនួន១០នាក់ ពាក់ព័ន្ធបទល្មើស online scam
AKP ភ្នំពេញ ថ្ងៃទី0៥ ខែមីនា ឆ្នាំ២០២៦--កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបានបង្ក្រាប ទីតាំងសង្ស័យឆរបោកតាមបច្ចេកវិទ្យាក្រោមរូបភាពទាក់ទាញអតិថិជនឱ្យលេងល្បែងអនឡាញចំនួនពីរករណីផ្សេងគ្នា ក្នុងនោះ មួយកន្លែងនៅខណ្ឌសែនសុខ និងមួយកន្លែងទៀតនៅខណ្ឌឫស្សីកែវ ដោយឃាត់ខ្លួនជនជាតិ កូរ៉េខាងត្បូង សរុបចំនួន១០នាក់។ ក្នុងចំណោមជនជាតិកូរ៉េខាងត្បូង ទាំង១០នាក់នេះ ចំនួន៥នាក់ ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ នៅបុរីវិមានភ្នំពេញ ផ្ទះលេខ111R ផ្លូវ372 ភូមិ៤ សង្កាត់ ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ, និងកាលពីថ្ងៃទី២ ខែមីនា ចំនួន៥នាក់ ផ្សេងទៀត ត្រូវបានឃាត់ខ្លួន នៅបុរីពិភពថ្មី ផ្ទះលេខ ២៩ និង ៣១ ភូមិប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដែលពួកគេ គឺជាក្រុមតែមួយ។

ការបង្ក្រាបទាំងពីរករណីនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ថវិកាចំនួន ១៩ ៧០០ ដុល្លារអាម៉េរិក, ធុង CPU ចំនួន៨គ្រឿង, ម៉ូនីទ័រ ចំនួន១៨គ្រឿង, កំព្យូទ័រ Latop ចំនួន៣គ្រឿង, ទូរសព្ទដៃ ចំនួន៤គ្រឿង និងលិខិតឆ្លងដែន ចំនួន៦ច្បាប់។ ប្រតិបត្តិការបង្ក្រាបនេះ ត្រូវបានធ្វើឡើងក្រោមការបញ្ជារបស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កងរាជអាវុធហត្ថ និងអាជ្ញាធរខណ្ឌសែនសុខ និងខណ្ឌឫស្សីកែវ ព្រមទាំងមានការសម្របសម្រួលនីតិវិធី ដោយតំណាងអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ផងដែរ។
តាមការសន្និដ្ឋានបឋមដោយផ្អែកលើរបាយការណ៍របស់សមត្ថកិច្ចជំនាញក្រុមជនសង្ស័យបានបង្កើត Website ដើម្បីបម្រើឱ្យសកម្មភាពល្បែងស៊ីសង អនឡាញ ដែលជាទង្វើខុសច្បាប់ និងប្រើប្រាស់ទីតាំងក្នុងប្រទេសកម្ពុជា សម្រាប់ការប្រព្រឹត្តសកម្មល្បែងស៊ីសងអនឡាញខុសច្បាប់នេះ ក្នុងទិសដៅ ទៅប្រទេសកូរ៉េខាងត្បូង និងប្រទេសផ្សេងៗ។

ក្នុងចំណោមជនសង្ស័យ ទាំង១០នាក់នោះ មានឈ្មោះ Kim Changhan ជាមេខ្លោង ហើយមានដីកា ចាប់ខ្លួនពីបទប្រតិបត្តិវេបសាយល្បែងស៊ីសងខុសច្បាប់ ត្រូវបានស្ថានកុងសុល និងអនុព័ន្ធប៉ូលីសកូរ៉េខាងត្បូង ស្នើសុំមកអគ្គស្នងការដ្ឋាននគរបាលជាតិ តាមរយៈស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងការបញ្ជូនជនសង្ស័យទាំងនេះចេញពីប្រទេសកម្ពុជា ដើម្បីបន្តនីតិវិធីផ្លូវច្បាប់ នៅប្រទេសដើមរបស់ពួកគេវិញ។
ក្នុងប្រតិបត្តិការបង្ក្រាប online scam ករណីផ្សេងទៀត កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ ជនសង្ស័យចំនួន២៤នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងភូមិសាស្ត្រខណ្ឌចំការមន ក្នុងនោះ ជនជាតិចិន ៦នាក់ ឃាត់ខ្លួនពី អគារ The peak tower ២, ឥណ្ឌូណេស៊ី ៦នាក់ ពីអគារ The bridge និងជនជាតិឥណ្ឌូណេស៊ី ចំនួន១២នាក់ ពីអគារ Noden hotel and apartment ហើយបច្ចុប្បន្ន សមត្ថកិច្ចកំពុងបន្តនីតិវិធីចំពោះករណីទាំងនេះ ដោយអនុវត្តន៍តាមច្បាប់ ជាធរមានរបស់ព្រះរាជណាចក្រកម្ពុជា។

ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦ នៅព្រឹកថ្ងៃទី ៤ ខែមីនា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា កម្ពុជាបានប្ដេជ្ញាចិត្តបោសសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចេញពីកម្ពុជានៅត្រឹមខែមេសា ឆ្នាំ២០២៦ខាងមុខនេះ ដើម្បីបង្កើនបរិយាកាសវិនិយោគល្អប្រសើរដល់វិនិយោគិន។
សម្តេចធិបតីនាយករដ្ឋមន្រ្ដីក៏បានសង្កត់ធ្ងន់ថា៖ «កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជន បច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តការឆបោក ឬបទល្មើសឆ្លងដែនឡើយ។ រាល់បុគ្គល ឬអង្គភាពទាំងឡាយណាដែលនៅពីក្រោយសកម្មភាព ឆបោកទាំងនេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុតដោយ គ្មានការយោគយល់ ឬការអន្តរាគមន៍ណាមួយឡើយ»៕
ដោយ៖ រិទ្ធី, ប្រភព៖ លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)





