ក្រុមប្រឹក្សាខេត្តព្រះសីហនុ បើកកិច្ចប្រជុំសាមញ្ញអាណត្តិទី៤ លើកទី២២ លើរបៀបវារៈចំនួន៦ ដើម្បីយកមកពិនិត្យ និងពិភាក្សា
AKP ព្រះសីហនុ ថ្ងៃទី0៥ ខែមីនា ឆ្នាំ២០២៦--ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២២ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤ លើរបៀបវារៈចំនួន៦ យកមកពិនិត្យ និងពិភាក្សា ដែលរួមមាន៖ ១.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបៀបវារៈ នៃកិច្ចប្រជុំសាមញ្ញលើកទី២២ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤។

២.ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២១ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤។ ៣.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែកុម្ភៈ ឆ្នាំ២០២៦ ស្តីពីការ អនុវត្តការងាររបស់រដ្ឋបាលខេត្ត (គិតចាប់ពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦)។ ៤.ស្តាប់របាយការណ៍របស់គណៈកម្មាធិការសម្របសម្រួលបច្ចេកទេសខេត្ត, គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត, គណៈកម្មាធិការលទ្ធកម្មខេត្ត, គណៈកម្មាធិការរៀបចំដែនដី នគរូបនីយកម្មខេត្ត និង ការិយាល័យប្រជាពលរដ្ឋខេត្ត។ ៥.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ជូនមន្ត្រីរាជការសាលាខេត្តព្រះសីហនុ ប្រចាំខែកុម្ភៈ ឆ្នាំ២០២៦ និង ៦.បញ្ហាផ្សេងៗ។ ក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុម ប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលខេត្ត ប្រធានមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ និងទីចាត់ការ-អង្គភាព ការិយាល័យចំណុះសាលាខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ។

ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ម៉ាង ស៊ីណេត បានធ្វើការណែនាំដល់លោក លោកស្រីជា អភិបាល អភិបាលរងក្រុងស្រុកទាំង៦ នៃខេត្តព្រះសីហនុ ត្រូវបន្តយកចិត្តទុកដាក់ស្រាវជ្រាវបទល្មើស ស្កេម អនឡាញ នៅតាមទីតាំងរបស់ខ្លួន ជាពិសេសបញ្ហាគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងក្មេងទំនើងដូចភ្លៀងរលឹម ដើម្បីធានាសន្តិសុខ សុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ និងអ្នកវិនិយោគិន ។ ឯកឧត្ដមបានបញ្ជាក់ថា ការពង្រឹងសន្ដិសុខ សុវត្ថិភាពនេះ គឺការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព គ្មានចោលួច ឆក់ ដែលជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ។

ជាមួយគ្នានេះដែរ ឯកឧត្តម វង្ស ផាណាត បានមានប្រសាសន៍វាយតម្លៃចំពោះការខិតខំប្រឹងប្រែងរបស់មន្ទីរ អង្គភាព ក្រុង ស្រុក ដែលបានបំពេញការងារតាមប្រតិទិនរបស់ខ្លួនបានកាន់តែល្អ ទន្ទឹមនឹងការងារល្អ យើងក៏មិនត្រូវមានការធ្វេសប្រហែសនោះទេ ត្រូវតែបន្តតាមដានយកចិត្តទុកដាក់អនុវត្តន៍ការងាររបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលបន្ថែមទៀត ដើម្បីបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ឪ្យពួកគាត់មានទំនុកចិត្តមកទទួលសេវារបស់យើងកាន់តែច្រើន ត្រូវបំផុសប្រជាពលរដ្ឋដែលមានអត្តសញ្ញាណបណ្ណហួសសុពលភាព ត្រូវធ្វើធ្វើឡើងវិញឪ្យបានគ្រប់គ្នា ៕

ដោយ៖ ងូ សុមុនី





