រដ្ឋបាលស្រុកភ្នំស្រុក បានរៀបចំ «មហាសន្និបាតកំណើតដំបូង របស់សមាគមសិប្បករតម្បាញសូត្រមាសភ្នំស្រុក»
AKPបន្ទាយមានជ័យថ្ងៃទី0៥ខែមីនាឆ្នាំ២០២៦– រដ្ឋបាលស្រុកភ្នំស្រុក បានរៀបចំ «មហាសន្និបាតកំណើតដំបូង របស់សមាគមសិប្បករតម្បាញសូត្រមាសភ្នំស្រុក» ក្នុងគោលបំណងអភិរក្សកេរដំណែលដូនតា និងពង្រឹងសក្តានុពលសេដ្ឋកិច្ចមូលដ្ឋានតាមរយៈវិស័យសូត្រខ្មែរ នាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦នេះ។

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តម កឹម សុខុន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងមានការចូលរួមពីមន្ត្រីជំនាញ និងសមាជិកសមាគមយ៉ាងច្រើនកុះករ។

សមាគមសិប្បករតម្បាញសូត្រមាសភ្នំស្រុក ត្រូវបានបង្កើតឡើងក្នុងគោលដៅចម្បងគឺ ដើម្បីប្រមូលផ្ដុំសិប្បករ ជាងតម្បាញ និងអ្នកពាក់ព័ន្ធក្នុងខ្សែច្រវាក់ផលិតកម្មសូត្រ ឱ្យមកស្ថិតក្រោមដំបូលតែមួយ។ នេះគឺជាជំហានយុទ្ធសាស្ត្រក្នុងការរៀបចំខ្លួនដើម្បីចុះបញ្ជី «ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI)» នាពេលអនាគត ដែលនឹងជួយឱ្យសូត្រភ្នំស្រុកមានតម្លៃខ្ពស់លើទីផ្សារអន្តរជាតិ។

ក្នុងឱកាសនោះ លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ បានសម្តែងនូវការកោតសរសើរចំពោះកិច្ចខំប្រឹងប្រែងរបស់អាជ្ញាធរស្រុក និងបងប្អូនសិប្បករ។ លោកបានបញ្ជាក់ថា សិប្បកម្មតម្បាញសូត្រនៅស្រុកភ្នំស្រុក មិនត្រឹមតែជាមុខរបរប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាដួងព្រលឹង និងអត្តសញ្ញាណរបស់បងប្អូននៅទីនេះដែលបានបន្សល់ទុកតាំងពីដូនតា។ ការបង្កើតសមាគមនេះ នឹងក្លាយជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជួយជ្រោមជ្រែងជីវភាពគ្រួសាររបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង តាមរយៈការរក្សាបាននូវស្ថិរភាពតម្លៃ និងការផលិតដែលមានគុណដ្ឋានខ្ពស់។

ឯកឧត្តម កឹម សុខុន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកម្មសិទ្ធិបញ្ញា និងការប្រកួតប្រជែងលើទីផ្សារក្រសួងពាណិជ្ជកម្ម តែងតែជំរុញ និងគាំទ្រដល់ការបង្កើតសមាគមផលិតផលក្នុងស្រុក។ សូត្រមាសភ្នំស្រុក មានសក្ដានុពលខ្លាំងណាស់។ កាលណាមានសមាគមត្រឹមត្រូវ យើងអាចការពារបាននូវតម្លៃម៉ាកយីហោ ទប់ស្កាត់ការក្លែងបន្លំ និងពង្រីកវិសាលភាពនាំចេញ ដែលវានឹងនាំមកនូវប្រាក់ចំណូលដោយផ្ទាល់ដល់ដៃកសិករ និងជាងតម្បាញនៅមូលដ្ឋាន។

ស្រុកភ្នំស្រុក ត្រូវបានគេស្គាល់ថាជាទឹកដីនៃ «សូត្រមាស» ដែលមានភាពល្បីល្បាញខាងគុណភាពសរសៃសូត្រទន់រលោង និងបច្ចេកទេសតម្បាញដ៏ផ្ចិតផ្ចង់។ តាមរយៈសមាគមថ្មីនេះ បងប្អូនសិប្បករនឹងទទួលបានការបណ្ដុះបណ្ដាលបន្ថែមលើ ការកែលម្អគុណភាពផលិតផល ការរចនាម៉ូដឱ្យទាន់សម័យកាល ប៉ុន្តែនៅរក្សាទម្រង់សិល្បៈបុរាណ។
ការស្វែងរកទីផ្សារ កាត់បន្ថយការពឹងផ្អែកលើឈ្នួញកណ្ដាល និងបង្កើនការលក់ត្រង់ទៅកាន់អ្នកប្រើប្រាស់ និងការនាំចេញ។
ការធានានិរន្តរភាព ជំរុញការដាំមន និងការចិញ្ចឹមដង្កូវនាងក្នុងស្រុក ដើម្បីផ្គត់ផ្គង់វត្ថុធាតុដើមដោយខ្លួនឯង។
សូមបញ្ជាក់ថាមហាសន្និបាតកំណើតដំបូងនេះ គឺជាសក្ខីភាពនៃការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ផលិតផលខ្មែរ។ វាមិនត្រឹមតែជួយស្រោចស្រង់មុខរបរប្រពៃណីដែលស្ទើរតែបាត់បង់ទៅហើយនោះទេ ប៉ុន្តែវាគឺជាការកសាងគ្រឹះសេដ្ឋកិច្ចដ៏រឹងមាំសម្រាប់សហគមន៍ស្រុកភ្នំស្រុកទាំងមូល ឱ្យរស់នៅក្នុងភាពថ្លៃថ្នូរ និងមោទនភាព៕
ដោយ៖ ឈុន សារ៉ាត





