អង្គការ Oxfam និងឯកអគ្គរាជទូតបែលហ្ស៊ិកជួបអ្នកលក់ដូរតាមដងផ្លូវរាជធានីភ្នំពេញ
AKP ភ្នំពេញថ្ងៃទី0៥ ខែមីនា ឆ្នាំ ២០២៦–អង្គការអុកស្វាម Oxfam មានកិត្តិយសក្នុងការស្វាគមន៍ ឯកឧត្តម Michel Parys ឯកអគ្គរាជទូតនៃព្រះរាជាណាចក្របែលហ្ស៊ិកទទួលបន្ទុកកម្ពុជា និងលោក Marc Fransen មន្ត្រីទទួលបន្ទុកកិច្ចការនៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអភិវឌ្ឍន៍ និងជំនួយមនុស្សធម៌ (DGD) របស់ប្រទេសបែលហ្ស៊ិក ក្នុងអំឡុងពេលបេសកកម្មរបស់ពួកគាត់មកកាន់រាជធានីភ្នំពេញ ។នេះបើតាមការឱ្យដឹងពីអង្គការ Oxfam នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ ។

ជាផ្នែកមួយនៃដំណើរទស្សនកិច្ចនេះ ឯកឧត្តមឯកអគ្គរាជទូត Michel Parys និងលោក Fransen បានជួបជាមួយអង្គការអុកស្វាម Oxfam ដៃគូ បានជួបអ្នកលក់ដូរតាមដងផ្លូវ ដែលពាក់ព័ន្ធនឹងកម្មវិធីតំបន់អាស៊ានរយៈពេលប្រាំឆ្នាំ ការធ្វេីឱ្យប្រសេីរឡេីងនូវគាំពារសង្គម និងសិទ្ធិការងារសម្រាប់កម្មករស្ត្រីក្នុងវិស័យកសិ-ស្បៀងអាហារ (២០២២-២០២៦) ។
កម្មវិធីនេះផ្តល់មូលនិធិដោយរាជរដ្ឋាភិបាលបែលហ្ស៊ិក និងអនុវត្តក្នុងប្រទេសកម្ពុជា ឡាវ និងវៀតណាម ដើម្បីផ្តល់សិទ្ធិអំណាចដល់ស្ត្រី និងកម្មករដែលងាយរងគ្រោះក្នុងវិស័យកសិ-ស្បៀងអាហារ និងកម្មករក្រៅប្រព័ន្ធដោយការពង្រឹងសិទ្ធិការងារ គាំពារសង្គម និងកិច្ចសន្ទនាសង្គម។

តាមរយៈកិច្ចសន្ទនាដ៏មានអត្ថន័យជាមួយអ្នកលក់ដូរតាមដងផ្លូវ និងតំណាងសហគមន៍ គណៈប្រតិភូទទួលបានការយល់ដឹងដ៏មានតម្លៃអំពីវឌ្ឍនភាព ផលប៉ះពាល់ និងបញ្ហាប្រឈមដែលកំពុងបន្តកេីតមាននៃអន្តរាគមន៍ដែលគាំទ្រដោយប្រទេសបែលហ្ស៊ិក។ ការចូលរួមរបស់ពួកគាត់ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ប្រទេសបែលហ្ស៊ិកក្នុងការជំរុញការងារសមរម្យ និងគាំពារសង្គមសម្រាប់ទាំងអស់គ្នា។

អង្គការ Oxfamសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកអគ្គរាជទូត Michel Parys លោក Fransen និងរាជរដ្ឋាភិបាលបែលហ្ស៊ិក ចំពោះការបន្តគាំទ្រក្នុងការកសាងជីវភាពរស់នៅរបស់ពលរដ្ឋប្រកបដោយយុត្តិធម៌ និងបរិយាបន្ននៅទូទាំងតំប ៕

ដោយ៖ ណយ នឿន (ប្រភព៖Oxfam)





