ឯកឧត្តម សុខ ប៊ុនថា ចូលរួមវេទិកាស្តីពីការរួមបញ្ចូល សមភាព និងការមិនរើសអើងចំពោះសហគមន៍
AKP ភ្នំពេញថ្ងៃទី0៥ ខែមីនា ឆ្នាំ ២០២៦– ឯកឧត្ដម សុខ ប៊ុនថា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកិច្ចការសិទ្ធិមនុស្សក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អមដោយមន្ត្រីបច្ចេកទេស នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមកម្មវិធី "វេទិកាស្តីពីការរួមបញ្ចូល សមភាព និងការមិនរើសអើងចំពោះសហគមន៍ LGBT+ ការផ្លាស់ប្ដូរចំណេះដឹង និងបទពិសោធរវាងកម្ពុជានិង អូស្ត្រាលី”នៅសណ្ឋាគារសាន់អែនមូនរីវើសាយ រាជធានីភ្នំពេញ ។

ឯកឧត្ដម សុខ ប៊ុនថា បានលើកឡើងថា គោលបំណងបីសំខាន់ ទី១ បញ្ជ្រាបការយល់ដឹងរបស់អ្នកចូលរួមអំពីតម្រូវការនិងអាទិភាព នៃសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា (LGBT+) ការអនុវត្តល្អៗសម្រាប់ធានាសមភាពនិងការរួមបញ្ចូលចំពោះសហគមន៍ LGBT+ និងអត្ថប្រយោជន៍សេដ្ឋកិច្ចនិងសង្គមនៃសមភាពជាក់ស្តែង ទី២ ពង្រឹងការចែករំលែកចំណេះដឹងរវាងកម្ពុជា និងអូស្ត្រាលី ដើម្បីគាំទ្រដល់ការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការជំរុញការអនុវត្តអនុសាសន៍ UPR ស្តីពីសមភាពចំពោះ សហគមន៍ LGBT+ ដែលកម្ពុជាបានទទួលយកនៅឆ្នាំ២០២៤ និងទី៣ បង្កើនការប្ដេជ្ញាចិត្តរបស់អ្នកចូលរួម ក្នុងការតស៊ូមតិសម្រាប់វិធានការសមភាពចំពោះសហគមន៍ LGBT+ និងការមិនរើសអើង ។

ក្នុងវេទិកានេះក៏មានការអញ្ជើញលោកជំទាវ ឡុង សូនីតា អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅសណ្ឋាគារសាន់អែនមូនរីវើសាយ រាជធានីភ្នំពេញ ។

លោកស្រីBridget Collier ឯកអគ្គរដ្ឋទូតរង នៃវិទ្យាស្ថានអូស្រ្តាលីប្រចាំកម្ពុជា លោក Benjamin Moreau មន្ត្រីទទួលបន្ទុកការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ឯកឧត្តម លោកជំទាវ ក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាល អង្គទូត ស្ថាប័នអង្គការសហប្រជាជាតិ អង្គការសង្គមស៊ីវិល និងមន្ត្រីជំនាញពាក់ព័ន្ធ ៕

ដោយ៖ ណយ នឿន (ប្រភព៖ក្រសួងសង្គមកិច្ច)





