វគ្គបណ្តុះបណ្តាលស្តីពីការជំរុញការប្រើប្រាស់ និងអភិបាលកិច្ចបញ្ញាសិប្បនិម្មិត AI ជូនដល់មន្ត្រីរាជការ
AKP កណ្តាលថ្ងៃទី0៥ ខែមីនា ឆ្នាំ ២០២៦– បញ្ញាសិប្បនិម្មិត AI មិនមែនជាគំនិតថ្មីស្រឡាងទើបតែកើតឡើងទេ តែជាបច្ចេកវិទ្យាមួយក្នុងចំណោមបច្ចេកវិទ្យាដ៏សំខាន់ សម្រាប់ បដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ នេះជាការលើកឡើងរបស់លោក ខុន សេរីរដ្ឋា អភិបាលរងខេត្តកណ្ដាល ក្នុងឱកាសដែលឯកឧត្តមអញ្ជើញក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការជំរុញការប្រើប្រាស់ និងអភិបាលកិច្ចបញ្ញាសិប្បនិម្មិត (AI) ជូនដល់មន្ត្រីរាជការរបស់រដ្ឋបាលខេត្ត មន្ទីរ និងអង្គភាពនានាជុំវិញ ខេត្ត ដោយបានការអញ្ជើញចូលរួមពីសំណាក់លោក ឡេង បុន្នី អនុប្រធានវិទ្យាស្ថានអភិបាលកិច្ចឌីជីថល នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ នៅមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តកណ្ដាល។

លោក អភិបសលរងខេត្ត បានមានប្រសាសន៍បន្ថែមទៀតថា បច្ចុប្បន្នបច្ចេកវិទ្យាឌីជីថលកំពុងតែរីកចម្រើនយ៉ាងឆាប់រហ័ស ពីមួយថ្ងៃទៅមួយថ្ងៃ ដែលជាកត្តាចម្បងតម្រូវឱ្យគ្រប់អង្គភាព ស្ថាប័ននានា ជាពិសេសបុគ្គលម្នាក់ៗ ត្រូវតែ ប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានយ៉ាងទូលំទូលាយ ហើយបច្ចេកវិទ្យាទាំងនេះបានក្លាយជាផ្នែកសំខាន់នៃ ការងារប្រចាំថ្ងៃ ការគ្រប់គ្រងទិន្នន័យសំខាន់ៗ ការទំនាក់ទំនងសង្គម និងជីវភាពរស់នៅក្នុងចំណោមបច្ចេកវិទ្យាទាំងអស់នោះ បញ្ញាសិប្បនិម្មិត (AI) គឺជាបច្ចេកវិទ្យាដ៏មានឥទ្ធិពលដែលយើងត្រូវការប្រើប្រាស់ ជាប្រចាំថ្ងៃ ទាំងសម្រាប់ការងារ និងការកម្សាន្ត។

ការនាំយក AI មកប្រើប្រាស់នៅថ្នាក់មូលដ្ឋាននៅខេត្តកណ្តាល របស់យើងនាពេលនេះ គឺមានគោលបំណងច្បាស់លាស់ ពន្លឿនលំហូរការងារ (Workflow Acceleration) បង្កើនតម្លាភាព និងគុណភាពសេវាសាធារណ:លើកកម្ពស់សក្តានុពលខេត្ត ហើយយើងត្រូវប្រែក្លាយបញ្ញាសិប្បនិម្មិត ពីឧបករណ៍ដ៏ស្មុគស្មាញទៅជាដៃគូដែលមិនចេះនឿយហត់ និងពោរពេញដោយប្រសិទ្ធភាពនៅក្នុងការិយាល័យរបស់យើងម្នាក់ៗ និងសូមចាំថា AI នឹងមិនមកដកហូតការងាររបស់យើងទេ តែ AI នឹងពង្រឹងកម្លាំងរបស់យើង ឲ្យកាន់តែខ្លាំងក្លា មានផលិតភាព និងត្រូវក្លាយជាមន្ត្រី រាជការដែលមានលក្ខណៈ ឆ្លាតវៃ (Smart) តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា។

លោក ឡេង បុន្នី អនុប្រធានវិទ្យាស្ថានអភិបាលកិច្ចឌីជីថល មានប្រសាសន៍ថា វិទ្យាជាតិវិទ្យាស្ថានជាតិ ប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន បានប្រែក្លាយជាបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថល កម្ពុជា ហៅថាCADT ដោយមាន វិទ្យាស្ថានចំណុះចំនួន ៣ ទី១ វិទ្យាស្ថានបច្ចេកឌីជីថល ដែលផ្តល់ការបណ្តុះបណ្តាលដល់សិស្ស និស្សិត កម្រិតថ្នាក់ បរិញ្ញបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ លើជំនាញធុរកិច្ចឌីជីថល ទូរគមនាគមន៍និងបណ្តាញ វិទ្យាសាស្ត្រកុំព្យូទ័រ វិទ្យាសាស្ត្រទិន្នន័យ និងសន្តិសុខសាប័រ ទី២ វិទ្យាស្ថានស្រាវជ្រាវនិងនវានុវត្តន៍ឌីជីថល ដែលជាមជ្ឈមណ្ឌលសិក្សា ស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យាឌីជីថលថ្មីៗដូចជា បញ្ញាសិប្បនិម្មិត អ៊ុនធឺណិតនៃវត្ថុ រ៉ូប៉ូតទឹក វិទ្យាសាស្ត្រទិន្នន័យ និងបច្ចេកវិទ្យាថ្មីៗ និងនវានុវត្តឌីជីថល វិទ្យាស្ថានទី៣ ដែលជាសេនាធិការរបស់បណ្ឌិត្យសភា CADT ក្នុងបេសកកម្មបណ្តុះបណ្តាលជំនាញឌីជីថល ចាប់ពីកម្រិតអក្ខរកម្មឌីជីថល ជំនាញបច្ចេកទេសឌីជីថល រហូតដល់ភាពជាអ្នកដឹកនាំបរិរវត្តកម្មឌីជីថល។

លោក អៀង ប៊ុនហាក់ ប្រធានមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តកណ្ដាល បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះបានរៀបចំឡើងតាមគំនិតផ្តួចផ្តើមនិងការ គាំទ្ររបស់ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និង ទូរគមនាគមន៍ និងតាមការចង្អុលបង្ហាញរបស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល ក្នុងគោលបំណងពង្រឹងការយល់ដឹងជាមូលដ្ឋានអំពី បញ្ញាសិប្បនិម្មិត ជូនដល់មន្ត្រីរាជការ ហើយរាជរដ្ឋាភិបាលក្នុងអាណត្តថ្មីនេះ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលមាន គន្លឹះអត្ថិភាពទាំង៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាពិសេស បច្ចេកវិទ្យាឌីជីថល ដែលមានសរសរស្គម៣សំខាន់ គឺរដ្ឋាភិបាលឌីជី ថល ធុរកិច្ចឌីជីថល និងពលរដ្ឋឌីជីថល សម្រាប់ទ្រទ្រង់បដិវត្តន៍ ឧស្សាហកម្ម៤.០ ដែលសំដៅលើ Cloud និងAI ទាំងនេះគឺជាតម្រូវការ ដែលមនុស្សលោកត្រូវការប្រើប្រាស់បច្ចេកវិទ្យាទាំងនេះដើម្បីជួយការងារ នៅគ្រប់ស្ថប័ន ចំណេញពេលវេលា ថវិកា សុវត្ថិភាព និងទំនុកចិត្ត ៕
ដោយ៖ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តកណ្តាល)





