រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម លើកទឹកចិត្តសហគ្រិនស្ត្រីកម្ពុជាឱ្យពង្រឹងតួនាទីក្នុងវិស័យផលិតកម្ម
AKP ភ្នំពេញថ្ងៃទី0៥ ខែមីនា ឆ្នាំ ២០២៦– ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកទឹកចិត្តឱ្យ សមាគមសហគ្រិនស្ត្រីកម្ពុជា ស្វែងរកប្រភពធនធានផ្សេងៗ ដើម្បីធានានិរន្តរភាពប្រតិបត្តិការ ព្រមទាំងពង្រឹងសមត្ថភាពសមាជិក ដើម្បីភ្ជាប់អាជីវកម្មសក្តានុពលដឹកនាំដោយស្ត្រី ជាមួយក្រុមហ៊ុនចែកចាយធំៗ ដែលអាចគាំទ្រផ្នែកទីផ្សារ ការធ្វើប្រេនឌីង និងលទ្ធភាព ទទួលបានហិរញ្ញប្បទាន។

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានលើកឡើងនៅក្នុងជំនួបជាមួយគណៈប្រតិភូសមាគមសហគ្រិនស្ត្រីកម្ពុជា ដើម្បីពិនិត្យលទ្ធផលការងាររបស់សមាគម និងពិភាក្សាកិច្ចសហប្រតិបត្តិការ ក្នុងការពង្រឹងអាជីវកម្មដឹកនាំដោយស្ត្រី នៅកម្ពុជា កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានអបអរសហគ្រិនស្ត្រីក្នុងឱកាសនៃទិវានារីអន្តរជាតិដែលនឹងខិតជិតមកដល់ និងបាន កោតសរសើរចំពោះការរួមចំណែកជាបន្តបន្ទាប់របស់សមាគម ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិន ភាពនៅកម្ពុជា។

ឯកឧត្តមបានលើកឡើងថា៖"សហគ្រិនស្ត្រីកំពុងដើរតួនាទីកាន់តែសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ បេសកកម្មរបស់សមាគម ក្នុងការគាំទ្រកំណើនធុរកិច្ច និងពង្រីកទីផ្សារ មានសហថាមភាពជិតស្និទ្ធជាមួយនឹងការងាររបស់ក្រសួង និងស្ថាប័ន ដូចជាសហគ្រិនខ្មែរ។”
ឯកឧត្តមបានបន្ថែមថា សហគ្រិនស្ត្រីកម្ពុជាមានសក្តានុពលដឹកនាំក្នុងវិស័យផលិតកម្ម និងឧស្សាហកម្ម។ តាមរយៈការលើកកម្ពស់ផលិតភាព និងសមាហរ័ណកាន់តែជ្រៅទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់នៃឧស្សាហកម្ម ធំៗ សហគ្រាសដឹកនាំដោយស្ត្រីអាចពង្រីកវិសាលភាព និងប្រកួតប្រជែងបានកាន់តែមានប្រសិទ្ធភាព។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកទឹកចិត្តឱ្យសមាគម បង្កើនកម្រិតជាដៃគូសន្ទនាគោលនយោបាយ ជាមួយក្រសួង-ស្ថាប័ន ដើម្បីរួមចំណែកដល់ការរៀបចំគោលនយោបាយ និងបទប្បញ្ញត្តិ ដែលគាំទ្រដល់ការរីកចម្រើននៃអាជីវកម្ម។
លោកជំទាវ យូ បូរី បានលើកឡើងពីកម្មវិធីសំខាន់ៗរបស់សមាគមក្នុងឆ្នាំ២០២៥ រួមមាន WE Academy, WE Talk, WE Share, WE Market Hub និងការត្រៀមដាក់ឱ្យដំណើរការកម្មវិធី WE Financial Hub ដើម្បីគាំទ្រសហគ្រិនស្ត្រីឱ្យទទួលបានហិរញ្ញប្បទាន និងទីផ្សារ។
គួរបញ្ជាក់ដែរថា បច្ចុប្បន្ន សមាគមដែលមានអាយុ១៤ឆ្នាំនេះ បានពង្រីកសមាជិករហូតដល់ជាង ១ពាន់នាក់ នៅ ទូទាំងប្រទេស និងបន្តពង្រីកសាខាតាមបណ្តាខេត្តបន្ថែមទៀត៕
ដោយ៖ ស្រីពេជ្រ





