លោក ឡុង ឌីម៉ង់៖ ខេត្តព្រះសីហនុកំពុងបង្កើនជើងហោះហើរត្រង់ តភ្ជាប់ជាមួយទីក្រុងសំខាន់ៗ នៃប្រទេសចិនដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងទេសចរណ៍
AKP ភ្នំពេញ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦--«ចំពោះវិស័យអាកាសចរណ៍វិញ យើងក៏បាននឹងកំពុងបង្កើនជើងហោះហើរត្រង់ (direct flights) តភ្ជាប់ខេត្តព្រះសីហនុនៃប្រទេសកម្ពុជា ជាមួយទីក្រុងសំខាន់ៗ នៃប្រទេសចិន រួមមាន Shenzhen, Chengdu, Kunming, Wuxi និង Xiamen ក្នុងគោលបំណងបន្តពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម, ទេសចរណ៍ និងការផ្លាស់ប្តូរទំនិញរវាងប្រទេសទាំងពីរ»។ នេះជាការថ្លែងរបស់ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ក្នុងសន្និសីទសារព័ត៌មាននៃកម្មវិធីដំណើរកម្សាន្តស្វែងយល់ពីការវិនិយោគកម្ពុជា-ចិន នារសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។
ក្នុងឱកាសនោះ អភិបាលរងខេត្តព្រះសីហនុ ក៏បានគូសរំលេចបន្ថែមថា ដើម្បីឆ្លើយតបនឹងតម្រូវការនៃទីផ្សារជុំវិញពិភពលោក ខេត្តព្រះសីហនុ កំពុងពង្រឹងជំហរខ្លួនជាលំដាប់ក្នុងនាមជាមជ្ឈមណ្ឌលយុទ្ធសាស្ត្រសម្រាប់ថាមពលបៃតង និង ការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងប្រទេសកម្ពុជា។ ខេត្តមានចក្ខុវិស័យអភិវឌ្ឍន៍រយៈពេលវែង ដោយ តម្រង់ទិសយ៉ាងច្បាស់លាស់ឆ្ពោះទៅរកការកសាងមូលដ្ឋានឧស្សាហកម្មដែលកាន់តែបៃតង មានចីរភាព និង បច្ចេកវិទ្យាកម្រិតខ្ពស់ ដោយផ្តោតសំខាន់លើប្រភពថាមពលកកើតឡើងវិញ។ គំនិតផ្តួចផ្តើមនៃថាមពលក កើតឡើងវិញ ឬ ថាមពលស្អាត (Clean Energy) និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ឧស្សាហកម្ម និងផលិតករដែលតម្រង់ទិសនាំចេញ ដើម្បីឆ្លើយតបទៅនឹងស្តង់ដារបរិស្ថានអន្តរជាតិបានកាន់តែប្រសើរ និង អាចឈានជើងចូលទៅប្រកួតប្រជែងក្នុងទីផ្សារអឺរ៉ុប ក៏ដូចជាទីផ្សារនាំចេញសំខាន់ៗផ្សេងទៀតនៅជុំវិញពិភពលោក។

ទន្ទឹមនឹងនេះ ខេត្តព្រះសីហនុក៏កំពុងស្វែងរកយ៉ាងសកម្មនូវអ្នកវិនិយោគដែលមានសមត្ថភាព និងបទពិសោធន៍ ដើម្បីចូលមកវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធបរិស្ថានចាំបាច់នានា មានការគ្រប់គ្រងសំណល់ ឧស្សាហកម្មជាអាទិ៍ ដើម្បីគ្រប់គ្រងបរិមាណកាកសំណល់ដែលកំពុងកើនឡើងយ៉ាងរហ័ស ស្របតាមល្បឿន នៃការអភិវឌ្ឍផងដែរ។«ដូច្នេះ យើងខ្ញុំសូមស្វាគមន៍រាល់ការបង្ហាញចំណាប់អារម្មណ៍ពីសំណាក់វិនិយោគិនចិន ដែលមានជំនាញច្បាស់លាស់ ដើម្បីមកបំពេញចន្លោះខ្វះខាតនេះ និងចូលរួមចំណែកក្នុងការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងសំណល់នៅទូទាំងខេត្តទាំងមូល»។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានបង្ហាញទស្សនៈថា សន្និសីទសារព័ត៌មាននៃកម្មវិធីដំណើរកម្សាន្តស្វែងយល់ពីការវិនិយោគកម្ពុជា-ចិននេះ គឺជាវេទិកាដ៏មានតម្លៃ ក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងបរិយាកាសវិនិយោគនៅកម្ពុជា។ ខណៈកម្ពុជាមានបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប ទេសភាពធម្មជាតិស្រស់ស្អាត និងសន្តិភាព ស្ថិរភាពនយោបាយ ដែលជាគ្រឹះដ៏រឹងមាំសម្រាប់ការវិនិយោគ និងការអភិវឌ្ឍ។
ឯកឧត្តម រដ្ឋលេខាធិការក្រសួងព័ត៌មាន ថ្លែងថា«ក្នុងបរិបទនៃសេដ្ឋកិច្ចសកល ការចងក្រងភាពជាដៃគូរវាងវិស័យទេសចរណ៍ និងធុរកិច្ច គឺមានសារៈសំខាន់ខ្លាំង។ ទេសចរណ៍ធុរកិច្ច មិនត្រឹមតែជាការធ្វើដំណើរទស្សនកិច្ចទេ ប៉ុន្តែជាឱកាសក្នុងការបង្កើតបណ្តាញទំនាក់ទំនង ចាប់ដៃគូពាណិជ្ជកម្ម និងបង្កើនការវិនិយោគទ្វេភាគី»។
បើតាម ឯកឧត្តម កឹម គុណវឌ្ឍន៍ កម្មវិធីនេះនាំមកនូវអត្ថប្រយោជន៍ជាច្រើន៖ទី១ ការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា និងចិន,ទី២ បង្កើនឱកាសវិនិយោគក្នុងវិស័យសំខាន់ៗ ដូចជា វិស័យទេសចរណ៍ សេវាកម្ម អចលនទ្រព្យ កសិកម្ម និងឧស្សាហកម្មធំៗនៅក្រុងព្រះសីហនុ។ ,ទី៣ បង្កើតឱកាសការងារ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅក្នុងតំបន់, និងទី៤ ជំរុញការផ្សព្វផ្សាយព័ត៌មានវិជ្ជមានអំពីកម្ពុជា តាមរយៈសារព័ត៌មានជាតិ និងអន្តរជាតិ។
ក្នុងនាមក្រសួងព័ត៌មាន ឯកឧត្តម នឹងបន្តគាំទ្រ និងសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីធានាថា ព័ត៌មានអំពីកម្ពុជា ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ និងត្រឹមត្រូវ ពីព្រោះសារព័ត៌មានដើរតួនាទីសំខាន់ក្នុងការបង្កើនភាពជឿជាក់ និងទំនុកចិត្តរបស់វិនិយោគិន។

ជាមួយគ្នានេះ លោកស្រី ហាន លី អ្នកគ្រប់គ្រងទូទៅ សារព័ត៌មានត្នោត ញ៉ូស បានឱ្យដឹងថា នៅក្រោមការគាំទ្រពី ក្រសួងទេសចរណ៍ ក្រសួងព័ត៌មាន ក្រសួងសេដ្ឋកិច្ច លេខាធិការដ្ឋានផែនការមេ ខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា និងរដ្ឋបាលខេត្តព្រះសីហនុ ព្រមទាំងការផ្សព្វផ្សាយយ៉ាងសកម្មពី សារព័ត៌មាន ត្នោត ញ៉ូស និងកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ម្ចាស់ឧបត្ថម្ភ និងបណ្តាដៃគូសហការរបស់សារព័ត៌មានត្នោត ញ៉ូស។ សារព័ត៌មានត្នោត ញ៉ូស មាន កិត្តិយស និងពោរពេញទៅដោយការរពឹងទុកយ៉ាងខ្ពស់ក្នុងការរៀបចំនូវកម្មវិធីទេសចរណ៍ធុរកិច្ចកម្ពុជា-ចិន និងវេទិកាវិនិយោគកម្ពុជា-ចិន នៅខេត្តព្រះសីហនុ នៅថ្ងៃទី១៨-១៩ ខែមីនា ឆ្នាំ២០២៦។

លោកស្រី ហាន លី ក៏បានបញ្ជាក់ដែរថា បច្ចុប្បន្ននេះ ជាមួយនឹងការរៀបចំរចនាសម្ព័ន្ធខ្សែសង្វាក់ឧស្សាហកម្មជាសកល និងការពង្រីកខ្លួនយ៉ាងឆាប់រហ័សរបស់សហគ្រាសចិននៅក្រៅប្រទេស អាស៊ីអាគ្នេយ៍បានក្លាយជាតំបន់មួយដែលមានសន្ទុះកំណើន ខ្ពស់បំផុត។ ប្រទេសកម្ពុជាជាមួយនឹងសក្តានុពលដ៏សម្បូរបែបរបស់ខ្លួន ក្នុងនោះរួមមានទីតាំងភូមិសាស្ត្រ គោលនយោបាយ រចនាសម្ព័ន្ធ និងសក្តានុពលទីផ្សារជាដើម កំពុងក្លាយជាចំណុចដ៏ទាក់ទាញក្នុងការស្វាគមន៍អ្នកវិនិយោគមកពីក្រៅ៕
ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ យឹម សុវឌ្ឍនា





