សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យពង្រឹងសមត្ថភាពយុវជនបន្តវេន តាមរយៈវគ្គបណ្ដុះបណ្ដាលវិជ្ជាសង្គ្រោះបឋម និងគោលការណ៍គ្រឹះ
AKP បន្ទាយមានជ័យ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦ -- ដើម្បីពង្រីកវិសាលភាពនៃស្មារតីមនុស្សធម៌ និងត្រៀមលក្ខណៈឆ្លើយតបចំពោះគ្រោះថ្នាក់ជាយថាហេតុក្នុងសហគមន៍ សាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ បានបើកវគ្គបណ្ដុះបណ្ដាលយ៉ាងសំខាន់មួយដល់យុវជនសិស្សានុសិស្ស ដើម្បីបណ្តុះស្មារតីជួយសង្គម និងជំនាញសង្គ្រោះជីវិត។

កាលពីថ្ងៃព្រហស្បតិ៍ ទី០៥ ខែមីនា ឆ្នាំ២០២៦ ក្រោមការចាត់តាំងពីឯកឧត្តម អ៊ុ រាត្រី ប្រធានគណៈកម្មាធិការសាខាខេត្តបន្ទាយមានជ័យ លោកស្រី មឿត លាបភា នាយិការងសាខា បានដឹកនាំក្រុមប្រតិបត្តិចុះផ្ទាល់ទៅកាន់វិទ្យាល័យមង្គលបូរី។ ក្នុងឱកាសនោះ មានយុវជនស្ម័គ្រចិត្តថ្មីចំនួន៤៧នាក់ (ស្រី៣៤នាក់) បានចូលរួមយ៉ាងសកម្មក្នុងវគ្គបណ្ដុះបណ្ដាលស្តីពី «ប្រវត្តិចលនា គោលការណ៍គ្រឹះ និងវិជ្ជាសង្គ្រោះបឋម»។

វគ្គបណ្ដុះបណ្ដាលនេះមិនត្រឹមតែជាការផ្ទេរចំណេះដឹងតាមទ្រឹស្ដីប៉ុណ្ណោះទេ ប៉ុន្តែមានគោលបំណងស៊ីជម្រៅរួមមាន ការយល់ដឹងពីឫសគល់៖ ឱ្យយុវជនយល់ច្បាស់ពីប្រវត្តិនៃការកកើតចលនាកាកបាទក្រហម និងតួនាទីដ៏សំខាន់របស់កាកបាទក្រហមកម្ពុជាក្នុងសង្គមជាតិ។បំប៉នជំនាញសង្គ្រោះ៖ បំពាក់នូវវិជ្ជាសង្គ្រោះបឋមដែលជា "ជំនាញជីវិត" សម្រាប់ជួយសង្គ្រោះជនរងគ្រោះក្នុងករណីមានគ្រោះថ្នាក់ដោយចៃដន្យ នៅកន្លែងការងារ សាលារៀន ឬក្នុងសហគមន៍បានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។

ក្រុមការងារបច្ចេកទេសបានផ្ដោតសំខាន់លើខ្លឹមសារចំនួន២ផ្នែកធំៗ៖ ១. ការយល់ដឹងពីចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម៖ ប្រវត្តិគំនិតផ្ដួចផ្ដើម និងសមាសភាគរបស់ចលនា។ការប្រើប្រាស់បដិរូប និងសញ្ញាសម្គាល់ឱ្យបានត្រឹមត្រូវ។ គោលការណ៍គ្រឹះទាំង៧នៃចលនាមនុស្សធម៌អន្តរជាតិ។ លក្ខខណ្ឌ និងតួនាទីក្នុងការចូលជាសមាជិកយុវជនកាកបាទក្រហមកម្ពុជា។ ២. បច្ចេកទេសវិជ្ជាសង្គ្រោះបឋម (First Aid)៖ យុវជនបានសិក្សាទាំងទ្រឹស្ដី និងការអនុវត្តជាក់ស្ដែងលើ៖ ការវាយតម្លៃសភាពការណ៍ និងតួនាទីអ្នកសង្គ្រោះ។ ការជួយសង្គ្រោះអ្នកសន្លប់បាត់ស្មារតី និងការដាក់ដំណេកសុវត្ថិភាព។បច្ចេកទេសបេះដូង និងសួត (CPR) និងការជួយអ្នកស្លាក់ចំណីអាហារ។ ការឃាត់ឈាម ការរុំរបួស និងការបំបាក់ឆ្អឹង។ វិធីសាស្ត្របញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យដោយសុវត្ថិភាព។

ក្នុងឱកាសបិទវគ្គ លោកស្រី មឿត លាបភា ក៏បាននាំយកនូវប្រសាសន៍សួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់ ឯកឧត្តម ឌិត ទីណា ប្រធានកិត្តិយសសាខា និង ឯកឧត្តម អ៊ុ រាត្រី ប្រធានគណៈកម្មាធិការសាខា ជូនដល់យុវជនទាំងអស់។ លោកស្រីបានសង្កត់ធ្ងន់ថា៖ "ចំណេះដឹងដែលប្អូនៗទទួលបាននៅថ្ងៃនេះ គឺជាអាវុធដ៏មានតម្លៃសម្រាប់ជួយខ្លួនឯង និងអ្នកដទៃ។ សូមយកចំណេះដឹងនេះទៅប្រើប្រាស់ឱ្យចំគោលដៅ និងជួយផ្សព្វផ្សាយបន្តដល់ក្រុមគ្រួសារ និងមិត្តភក្តិ ដើម្បីឱ្យសហគមន៍របស់យើងកាន់តែមានសុវត្ថិភាព"។

សកម្មភាពនេះឆ្លុះបញ្ចាំងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់កាកបាទក្រហមកម្ពុជា ក្នុងការកសាងធនធានយុវជនឱ្យក្លាយជា "ភ្នាក់ងារនៃការផ្លាស់ប្តូរ" និងជាបង្អែកដ៏រឹងមាំសម្រាប់កិច្ចការមនុស្សធម៌នៅមូលដ្ឋាន៕
ដោយ ឈុន សារ៉ាត





