ឯកឧត្តម កែ គឹមយ៉ាន ផ្តល់ស័ង្កសីជាង ៣ពាន់សន្លឹក និងស្បៀងអាហារ ជូនពលរដ្ឋរងគ្រោះដោយសារសង្គ្រាមឈ្លានពាននៅស្រុកអូរជ្រៅ
AKPបន្ទាយមានជ័យថ្ងៃទី១៣ ខែមីនាឆ្នាំ២០២៦ --ដើម្បីជួយសម្រាលទុក្ខលំបាក និងស្តារជីវភាពប្រជាពលរដ្ឋដែលធ្លាប់រងផលប៉ះពាល់ដោយសារសង្គ្រាមឈ្លានពានពីសំណាក់ភាគីថៃមកលើដែនអធិបតេយ្យភាពកម្ពុជាកន្លងមកនេះ ឯកឧត្តម កែ គឹមយ៉ាន និងលោកជំទាវ បាននាំយកអំណោយជាសម្ភារសំណង់ និងគ្រឿងឧបភោគបរិភោគយ៉ាងច្រើនសន្ធឹកសន្ធាប់ ចែកជូនគ្រួសាររងគ្រោះចំនួន ២០១ គ្រួសារ ក្នុងស្រុកអូរជ្រៅ។

កាលពីរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ លោក កែ សួនសុភាព អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កែ គឹមយ៉ាន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ព្រមទាំង លោកជំទាវអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លាទៅប្រគល់ជូនប្រជាពលរដ្ឋដោយផ្ទាល់។

ក្នុងឱកាសនោះ លោកអភិបាលរងខេត្តបានពាំនាំនូវការសួរសុខទុក្ខដោយក្តីនឹករលឹកបំផុតពីសំណាក់ឯកឧត្តម និងលោកជំទាវ ដោយបានសង្កត់ធ្ងន់ថាឯកឧត្តម កែ គឹមយ៉ាន តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់បងប្អូន ជាពិសេសអ្នកដែលបានឆ្លងកាត់ និងរងផលប៉ះពាល់ដោយផ្ទាល់ពីព្រឹត្តិការណ៍សង្គ្រាម។ អំណោយទាំងនេះគឺជាសក្ខីភាពនៃការរួមសុខរួមទុក្ខ និងស្មារតីគ្រួសារខ្មែរតែមួយ ដែលមិនបោះបង់ពលរដ្ឋណាម្នាក់ចោលឡើយ។

អំណោយដែលបានចែកជូននាពេលនេះ រួមមានស័ង្កសីសរុបចំនួន ៣,៧៥៤ សន្លឹក រួមជាមួយគ្រឿងឧបភោគបរិភោគ និងថវិកាលើកទឹកចិត្តដល់កម្លាំងជួរមុខក្នុងមូលដ្ឋានរួមមាន ប្រជាពលរដ្ឋ (២០១ គ្រួសារ) ដោយក្នុង១គ្រួសារទទួលបាន| អង្ករ ២០គីឡូក្រាម, ទឹកសុទ្ធ ២យួរ, ឃីតឈុតធំ ១កញ្ចប់ និងស័ង្កសីតាមតម្រូវការជាក់ស្តែង។

រដ្ឋបាលស្រុក (១០ រូប) ថវិកា ២០,០០០រៀល, សារុង ១ និងទឹកសណ្តែក ២យួរ។ រដ្ឋបាលឃុំ (៤ រូប) អង្ករ ១០គីឡូក្រាម, ទឹកសុទ្ធ ១យួរ, ឃីតឈុតធំ ១, ថវិកា ៥០,០០០រៀល និងសារុង ១។ អាជ្ញាធរភូមិ (១៧ រូប) អង្ករ ១០គីឡូក្រាម, ទឹកសុទ្ធ ១យួរ, ឃីតឈុតធំ ១, ថវិកា ២០,០០០រៀល និងសារុង ១។ ប្រជាការពារភូមិ (១០ រូប) ទឹកសណ្តែក ២យួរ, ថវិកា ២០,០០០រៀល និងសារុង ១។ ស.ស.យ.ក ស្រុក (៣៦ នាក់) ថវិកា ១០,០០០រៀល, សារុង ១, ទឹកសណ្តែក ២យួរ និងឃីតនំ ១។
តំណាងប្រជាពលរដ្ឋដែលបានទទួលអំណោយ បានសម្តែងនូវក្តីរំភើបរីករាយជាពន់ពេក។
លោកពូម្នាក់ដែលជាជនរងគ្រោះបានរៀបរាប់ទាំងក្តីរំភើបថា «ខ្ញុំពិតជាត្រេកអរណាស់ដែលថ្នាក់ដឹកនាំមិនដែលបំភ្លេចយើង។ ស័ង្កសីទាំងនេះនឹងជួយឱ្យផ្ទះរបស់ខ្ញុំលែងលេចភ្លៀងទៀតហើយ វាគឺជាការលើកទឹកចិត្តដ៏ធំធេងសម្រាប់យើងដែលរស់នៅតាមព្រំដែន»។
ជាមួយនោះ លោកអភិបាលរងខេត្តក៏បានដាស់តឿនឱ្យបងប្អូនប្រជាពលរដ្ឋបន្តខិតខំប្រកបរបរចិញ្ចឹមជីវិត និងរួមគ្នាថែរក្សាសន្តិភាពឱ្យបានគង់វង្ស ដើម្បីអភិវឌ្ឍភូមិឃុំឱ្យកាន់តែរីកចម្រើនតទៅមុខទៀត។ សកម្មភាពមនុស្សធម៌នេះមិនត្រឹមតែជួយសម្រាលការលំបាកភ្លាមៗប៉ុណ្ណោះទេ ប៉ុន្តែបានបង្ហាញពីសាមគ្គីភាពយ៉ាងរឹងមាំរវាងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋនៅមូលដ្ឋានដាច់ស្រយាល៕
ដោយ៖ឈុនសារ៉ាត





