ប្រធានក្រុមការងារចុះមូលដ្ឋានឃុំទ្រាដាក់ចេញចលនា«លំនៅឋានស្អាត»និងធ្វើបច្ចុប្បន្នភាពទិន្នន័យសមាជិកបក្សសំដៅប្រែក្លាយឃុំទ្រាជាឃុំគំរូ
AKP កំពង់ធំ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦--លោក ផាង វី ប្រធានក្រុមការងារចុះមូលដ្ឋានឃុំទ្រាស្រុកស្ទោង ខេត្តកំ ពង់ធំបានដាក់ចេញចលនា«លំនៅឋានស្អាត»និងធ្វើបច្ចុប្បន្នភាពទិន្នន័យសមាជិកបក្សសំដៅប្រែក្លាយឃុំទ្រាជាឃុំគំរូនិងឈ្នះរាល់ការបោះឆ្នោត។
លោកផាង វីប្រធានក្រុមការងារចុះមូលដ្ឋានឃុំទ្រាបានលើកឡើងដូច្នេះក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារធ្វើបច្ចុប្បន្នភាពទិន្នន័យសមាជិកបក្សនិងផ្សព្វផ្សាយពីចលនាប្រកួតប្រជែង «លំនៅឋានស្អាត»កាលពីពេលថ្មីៗកន្លងទៅនេះនៅសា្នក់ការគណបក្សប្រជាជនកម្ពុជាឃុំទ្រាស្រុកស្ទោង ខេត្តកំពង់ធំដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី អនុប្រធាន សមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានឃុំប្រធាន អនុប្រធាន និងសមាជិកក្រុមការងារចុះមូលដ្ឋានភូមិទាំង១៦ គណៈកម្មាធិការគណបក្សឃុំ-ភូមិ ព្រមទាំងសមាជិក សមាជិកាគណបក្សជាច្រើនរូបទៀត។

លោកផាង វីប្រធានក្រុមការងារបានសម្តែងនូវការកោតសរសើរនិងលើកទឹកចិត្តដល់ក្រុមការងារ ព្រមទាំងសមាជិកសមាជិកាគណបក្សគ្រប់លំដាប់ថ្នាក់ឱ្យបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុងជាធ្លុងមួយ ដើម្បីចុះអនុវត្តតួនាទីនិងភារកិច្ចនៅតាមមូលដ្ឋានប្រកបដោយការទទួលខុសត្រូវខ្ពស់។

លោកបានសង្កត់ធ្ងន់ថាការចុះធ្វើបច្ចុប្បន្នភាពទិន្នន័យសមាជិកបក្សតាមភូមិនីមួយៗឱ្យបានច្បាស់លាស់គឺជាកិច្ចការអាទិភាព ដោយសហការជិតស្និទ្ធជាមួយសាខាបក្សនិងក្រុមបក្សភូមិ ដើម្បីពង្រឹងនិងពង្រីកកម្លាំងសមាជិកបក្សឱ្យកាន់តែរឹងមាំ ក្នុងគោលដៅត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់គ្រាន់ ឆ្ពោះទៅដណ្តើមជ័យជម្នះក្នុងការបោះឆ្នោតនាពេលខាងមុខ។

លោកផាង វីក៏បានជំរុញឱ្យក្រុមការងារនិងអាជ្ញាធរមូលដ្ឋានព្រមទាំងសមាជិកសមាជិកាបន្តយកចិត្តទុកដាក់ខ្ពស់លើការកែលម្អសោភ័ណភាពអនាម័យបរិស្ថាននៅតាមទីសាធារណៈនានាដើម្បីប្រែក្លាយឃុំទ្រា ឱ្យទៅជាឃុំគំរូដែលមានបរិស្ថានស្អាតនិងគួរឱ្យចង់រស់នៅប្រចាំស្រុកស្ទោង ខេត្តកំពង់ធំ៕

ដោយ៖ ស៊ុម វណ្ណា





