ក្រុមការងារអភិរក្ស អាជ្ញាធរទន្លេសាប ចុះសិក្សាតំបន់អភិរក្សអតីតឡូតិ៍នេសាទលេខ២ ខេត្តបាត់ដំបង
AKP ភ្នំពេញ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦-- ក្រុមការងារការិយាល័យអភិរក្ស អាជ្ញាធរទន្លេសាប នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ បានចុះសិក្សាស្វែងយល់ និងពិគ្រោះយោបល់ជាមួយសហគមន៍ ព្រមទាំងអ្នកពាក់ព័ន្ធនានា ដើម្បីអាចកំណត់វិភាគមុខងារ លើតំបន់អភិរក្សជលផលអតីតឡូតិ៍នេសាទលេខ២ ស្ថិតក្នុងភូមិសាស្រ្ត ឃុំកោះជីវាំង ស្រុកឯកភ្នំ និងឃុំតាប៉ុន កំពង់ព្រះ កំពង់ព្រៀង រកា ស្រុកសង្កែ ខេត្តបាត់ដំបង។

ក្នុងដំណើរនៃការចុះបំពេញបេសកកម្មនេះមានគោលបំណងវំនួនពីរគឺ ទី១. ស្វែងយល់ពីរចនាសម្ព័ន្ធនៃការគ្រប់គ្រង អ្នកចូលរួមគ្រប់គ្រង អភិរក្ស ទស្សនៈវិស័យ និងផែនការគ្រប់គ្រងនៅក្នុងតំបន់អភិរក្សជលផលអតីតឡូតិ៍នេសាទលេខ២។ ទី២. សិក្សាស្វែងយល់ពីសក្តានុពល និងបម្រែបម្រួលនៃធនធានជលផល ជីវចម្រុះ ព្រៃលិចទឹក និងប្រព័ន្ធអេកូឡូស៊ី ព្រមទាំងស្ថានភាពទូទៅផ្សេងៗទៀត។ ក្នុងការចុះបំពេញបេសកកម្មនេះ ក្រុមការងារបាន ជួបពិភាក្សា និងប្រមូលព័ត៌មានជាមួយអាជ្ញាធរមូលដ្ឋាន សហគមន៍នេសាទ និងប្រជានេសាទ ជួបប្រមូលព័ត៌មានជាមួយកងកំលាំងយោធភូមិភាគទី៤ ដែលនៅប្រចាំការយាមល្បាតនៅតំបន់អភិរក្ស និងចុះពិនិត្យ និងអង្កេតផ្ទាល់ពីស្ថានភាពទូទៅតំបន់អភិរក្សជលផលអតីតឡូតិ៍នេសាទលេខ២។

សូមជម្រាបជូនថា សកម្មភាពចុះសិក្សាស្វែងយល់ និងពិគ្រោះយោបល់ជាមួយសហគមន៍នេសាទ ព្រមទាំងអ្នកពាក់ព័ន្ធនានា គឺដើម្បីអាចកំណត់វិភាគមុខងារ លើតំបន់អភិរក្សជលផលអតីតឡូតិ៍នេសាទលេខ២ គឺជាផ្នែកមួយរបស់សកម្មភាពមួយក្នុងចំណោមសកម្មភាពសំខាន់ៗជាច្រើនដែលត្រូវបានអនុម័តដាក់អនុវត្តនៅក្នុងផែនការសកម្មភាពប្រចាំ ឆ្នាំ២០២៦ របស់អាជ្ញាធរទន្លេសាប៕

ដោយ ណយ នឿន (ប្រភព៖ អាជ្ញាធរទន្លេសាប)





