សម្តេចមហាមន្ត្រី គុយ សុផល ចុះសួរសុខទុក្ខនិងសំណេះសំណាលជាមួយប្រជាពលរដ្ឋជួបការលំបាក
AKP កំពង់ឆ្នាំង ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦–សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងមន្ត្រីអ្នកមុខអ្នកការក្រសួងព្រះបរមរាជវាំងបានចុះសួរសុខទុក្ខប្រជាពលរដ្ឋជួបការលំបាកនៅស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ពិធីនេះអមដំណើរដោយឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម លោកជំទាវ ជាសមាជិកព្រឹទ្ធសភា និង អ្នកតំណាងរាស្រ្ត កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦។
ថ្លែងក្នុងឱកាសនោះសម្តេចមហាមន្ត្រី គុយ សុផល បានមានប្រសាសន៍ថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្ដេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្ដាប់ធ្នាប់សង្គមនិងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ។ នាពេលបច្ចុប្បន្នបាននិងកំពុងយកចិត្តទុកដាក់ក្នុងការស្ដារហេដ្ឋារចនាសម្ព័នដូចជា ផ្លូវ ថ្នល់ ស្ពាន សាលារៀនគ្រប់កម្រិត វត្តអារាម ស្រះទឹក ប្រឡាយ សំណង់អគារខ្ពស់ៗ ដែលកត្តាទាំងនេះបានធ្វើឱ្យប្រជាពលរដ្ឋកាន់តែមានជីវភាពកាន់តែប្រសើឡើង ស្របតាមកម្មវិធីគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។


ទន្ទឹមនឹងនេះសម្តេចមហាមន្ត្រីបានថ្លែងអំណរគុណដល់ ប្រជាពលរដ្ឋជនរួមជាតិទាំងអស់ដែលបានរួមសាមគ្គីគ្នាថែរក្សានូវសុខសន្តិភាព និងសូមបន្តថែរក្សានូវអ្វីៗដែលជាសមិទ្ធផល យើង មាន សព្វថ្ងៃនេះ គឺជាមោទនភាពរបស់រាជរដ្ឋាភិបាល ដែលដឹកនាំ ការដាក់ចេញនិងអនុវត្តន៍ដោយជោគជ័យនូវនយោបាយឈ្នះ-ឈ្នះ សុខសន្តិភាព របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្រជាពលរដ្ឋនៅក្នុងខេត្ត អាចគោរពព្រះពុទ្ធសាសនា និងជំនឿសាសនាដទៃទៀតបានដោយមិនប្រកាន់ជាតិសាសន៍ណាឡើយ។
សម្តេចមហាមន្ត្រី បានក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋនៅតំបន់ទំនាប សមត្ថកិច្ចពាក់ព័ន្ធ មន្ត្រីធនធានទឹក មន្ត្រីបរិស្ថាន និងអ្នកសារព័ត៌មាន សូមយកចិត្តទុកដាក់ និងតាមដានរាល់កការបំរែបំរួលធាតុអាកាស បើមានការសង្ស័យផ្ទៃមេឃងងឹត ខ្យល់បក់បោកខ្លាំង និងបញ្ហាប្រឈមនានាដោយសារខ្យល់ព្យុះ សូមប្រញាប់រាយការណ៍ជាបន្ទាន់ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលា។ សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់ នៅពេលប្រជាពលរដ្ឋរងគ្រោះដោយធម្មជាតិផ្សេងៗ។


នៅក្នុងឱកាសនោះ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំខេត្តបាននាំយកអំណោយចែកជូនគ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់និងពលរដ្ឋជួបការលំបាកចំនួន១០០គ្រួសារ ក្នុង១គ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម, មី១កេះ, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, និងថវិកាចំនួន១០ម៉ឺនរៀលផងដែរ៕
ដោយ បៃ ស៊ីថុន





