រយៈពេល៣ថ្ងៃនេះ នៅព្រះរាជាណាចក្រកម្ពុជាអាចមានភ្លៀងធ្លាក់ លាយឡំជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្ដប់លើផ្ទៃដី២៥ភាគរយ
AKP ភ្នំពេញ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦--ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដី ជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជានាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦នេះថា ព្យុះទី៥ ឈ្មោះហាហ្គូពីត (Hagupit) T2605 នៅតែមានឥទ្ធិពលលើរបបខ្យល់មូសុង និរតីដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេ មេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជា ណាចក្រកម្ពុជា។ តែព្រះរាជាណាចក្រកម្ពុជាពុំស្ថិតនៅលើ គន្លងផ្លូវដើររបស់ព្យុះនេះទេ។

ក្រសួងធនធានទឹកបានបញ្ជាក់ថា ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាសចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ នៅតំបន់មួយចំនួននឹងទទួលរងពីឥទ្ធពលនេះ៖
១-តំបន់វាលទំនាប៖ សីតុណ្ហភាពមធ្យមអប្បបរមា២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៦°C។ ខ្យល់បក់ មកពីទិសបូព៌ និងទិសអាគ្នេយ៍មានល្បឿនមធ្យម ៣ម៉ែត្រក្នុង១វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ស្វាយរៀង ព្រៃវែ តាកែវ កណ្តាល និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ នឹងផ្គររន្ទះគ្របដណ្តប់ លើផ្ទៃដី ១៥%។

២-តំបន់ខ្ពង់រាប៖ សីតុណ្ហភាពមធ្យមអប្បបរមា២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៦°C។ ខ្យល់បក់ មកពីទិសឦសាន និងទិសបូព៌មានល្បឿនមធ្យម ៣ម៉ែត្រក្នុង១វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ១៥%។

៣-តំបន់មាត់សមុទ្រ៖ សីតុណ្ហភាពមធ្យមអប្បបរមា២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៥°C។ ខ្យល់បក់ មកពីទិសនិរតី និងទិសអាគ្នេយ៍មានល្បឿនមធ្យម ២ម៉ែត្រក្នុង១វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី២៥%។
-រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,០០ម៉ែត្រ៕
ដោយ សួស សំរិត





