រដ្ឋបាលខេត្តបន្ទាយមានជ័យ ចុះពង្រឹងសន្តិសុខ និងសណ្ដាប់ធ្នាប់ដល់ទីជម្រកបណ្ដោះអាសន្ននៅស្រុកស្វាយចេក
AKPបន្ទាយមានជ័យថ្ងៃទី ២២ ខែមិថុនាឆ្នាំ២០២៦– រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាព និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋភៀសសឹក ដោយបានចុះជម្រុញផ្ទាល់ក្នុងការរៀបចំសណ្ដាប់ធ្នាប់ និងពង្រឹងការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» នៅតាមទីជម្រកបណ្ដោះអាសន្ន។

កាលពីរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ លោក ឃ្លោក នួយ អភិបាលរងខេត្ត តំណាងឲ្យឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំដោះស្រាយ និងគ្រប់គ្រងសន្តិសុខសណ្ដាប់ធ្នាប់ ជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅជម្រកបណ្ដោះអាសន្ន (ផ្ទះអតីតយុទ្ធជន) ស្ថិតនៅក្នុងភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ កិច្ចប្រជុំនេះមានការចូលរួមយ៉ាងផុសផុលពីសំណាក់កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន ព្រមទាំងបងប្អូនប្រជាការពារភូមិផងដែរ។

នៅក្នុងឱកាសនោះ លោក ឃ្លោក នួយ បានសង្កត់ធ្ងន់ថា ទោះបីជាបងប្អូនប្រជាពលរដ្ឋកំពុងស្នាក់នៅក្នុងជម្រកបណ្ដោះអាសន្នក៏ដោយ ប៉ុន្តែការគាំពារផ្នែកសន្តិសុខ សុវត្ថិភាព និងជីវភាពរស់នៅ គឺជាកាតព្វកិច្ចចម្បងដែលអាជ្ញាធរខេត្តមិនអាចមើលរំលងបានឡើយ។ លោកបានថ្លែងអំណរគុណ និងកោតសរសើរដល់កងកម្លាំងគ្រប់ប្រភេទ និងអាជ្ញាធរមូលដ្ឋានស្រុកស្វាយចេក ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការមើលថែទាំបងប្អូននាពេលកន្លងមក។
ដើម្បីធានាឲ្យបាននូវប្រសិទ្ធភាពខ្ពស់ក្នុងការគ្រប់គ្រង លោកអភិបាលរងខេត្ត បានដាក់ចេញនូវណែនាំសំខាន់ៗមួយចំនួន រួមមានពង្រឹងការយាមល្បាតជម្រុញឲ្យកងកម្លាំងសមត្ថកិច្ច និងប្រជាការពារ រៀបចំវេទិកាយាមល្បាតជាប្រចាំ ២៤ម៉ោងលើ២៤ម៉ោង ដើម្បីបង្ការនិងទប់ស្កាត់បទល្មើសផ្សេងៗ។
ការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពត្រូវយកចិត្តទុកដាក់បង្ក្រាបរាល់ល្បែងស៊ីសង គ្រឿងញៀន និងអំពើហិង្សាគ្រប់ទម្រង់ ដើម្បីផ្តល់ភាពកក់ក្តៅផ្នែកផ្លូវចិត្តដល់ពលរដ្ឋភៀសសឹក។

ការសម្របសម្រួល និងសហការ បង្កើនកិច្ចសហការជិតស្និទ្ធរវាងអាជ្ញាធរ និងប្រជាពលរដ្ឋនៅក្នុងជម្រក ដើម្បីងាយស្រួលក្នុងការក្តាប់ព័ត៌មាន និងដោះស្រាយបញ្ហាប្រឈមនានាបានទាន់ពេលវេលា។
«យើងត្រូវរួមគ្នាបង្កើតបរិយាកាសរស់នៅមួយដែលមានសុវត្ថិភាព និងសេចក្តីសុខជូនបងប្អូនប្រជាពលរដ្ឋភៀសសឹក ព្រោះពួកគេបានឆ្លងកាត់ការលំបាករួចមកហើយ ដូច្នេះទីតាំងជម្រកនេះត្រូវតែជាកន្លែងដែលមានសុវត្ថិភាពបំផុតសម្រាប់ពួកគេ»។ នេះជាប្រសាសន៍ បញ្ជាក់បន្ថែមរបស់លោក ឃ្លោក នួយ។
កិច្ចប្រជុំនេះ មិនត្រឹមតែជាការរៀបចំយន្តការសន្តិសុខប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការឆ្លុះបញ្ចាំងឲ្យឃើញពីស្មារតីយកចិត្តទុកដាក់ និងការគិតគូរយ៉ាងស៊ីជម្រៅរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ក្នុងការលើកកម្ពស់គុណភាពជីវិត និងផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនទុកនរណាម្នាក់ចោលនោះឡើយ៕
ដោយ៖ ឈុន សារ៉ាត





