ឧត្តមសេនីយ៍ទោ ហេង សុផល ដឹកនាំកងកម្លាំងចូលរួមរំលែកទុក្ខជាមួយគ្រួសារសពមន្ត្រីនគរបាលស្រុកស្ទោង
AKPកំពង់ធំទី២២ខែមិថុនា ឆ្នាំ២០២៦--លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី២១ខែមិថុនាឆ្នាំ២០២៦ បានដឹកនាំកងកម្លាំងគោរពវិញ្ញាណក្ខន្ធនិងបំពាក់ឋានន្តរសក្តិ ថ្នាក់វរសេនីយ៍ត្រីសពមន្ត្រីនគរបាលជាតិ ជាកិច្ចបច្ឆាមរណៈ ។

លោកអនុសេនីយ៍ឯក ទូច សុជាតិ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលបន្ទាយស្ទោងបានទទួលមរណភាពកាលពីថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ២០២៦ វេលាម៉ោង ៥ និង ៣០ នាទី ដោយរោគាពាធ ក្នុងជន្មាយុ ៥១ ឆ្នាំ ហើយត្រូវបានក្រុមគ្រួសារសពបានរៀបចំធ្វើបុណ្យតាមទំនៀមទម្លាប់ ប្រពៃណីព្រះពុទ្ធសាសនា ស្ថិតនៅគេហដ្ឋានសពក្នុងភូមិពន្លាជ័យឃុំបន្ទាយស្ទោង ស្រុក ស្ទោង ខេត្តកំពង់ធំ។

ស្ថិតក្នុងវេលាដ៏សែនក្រៀមក្រំនេះ លោកឧត្តមសេនីយ៍ទោ ហេង សុផល បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើពីសំណាក់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពនិងមានការសោកស្តាយយ៉ាងក្រៃលែងបំផុតចំពោះមរណភាពលោក ទូច សុជាតិ គឺការបាត់បង់ មេគ្រួសារ ស្វាមី ឪពុក ប្រកបដោយព្រហ្មវិហារធម៌និងជាមន្ត្រីគំរូមួយរូបក្នុងជួរកងកម្លាំងនគរបាលជាតិនៃអធិដ្ឋាននគរបាលស្រុកស្ទោង ដែលអ្នកផងទាំងពួង គោរពស្រឡាញ់ ។

ខណៈនោះផងដែរ លោកស្នងការ បានលើកឡើង អំពីស្នាដៃ គុណបំណាច់ ចំពោះជាតិមាតុភូមិនាពេលកន្លងមក។ លោកទូច សុជាតិបានគោរពអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ បទបញ្ជាដែលថ្នាក់ដឹកនាំប្រគល់ជូន សម្រេចបានលទ្ធផលជោគជ័យ ជាបន្តបន្ទាប់ ជាពិសេសការចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដែលជាសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាពលរដ្ឋ ។

លោកស្នងការបានគូសបញ្ជាក់ថា បន្ទាប់ពីមរណភាពលោក ទូច សុជាតិ មន្ត្រីការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្ត បានរៀបចំចាត់ចែងដោយយកចិត្តទុកដាក់ធ្វើសំណើ ជូនថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ ដើម្បីទទួលបានថវិកា ឧបត្ថម្ភ ជូនគ្រួសារលោកស្រី បន្ថែមទៀត ។
ក្រុមឱកាសនោះលោកឧត្តមសេនីយ៍ទោហេង សុផលបានឧបត្ថម្ភ អង្ករចំនួន ១០០គីឡូក្រាមទឹកបរិសុទ្ធ ថវិកាមិត្តជួយមិត្តចំនួន ២លានរៀលនិងប្រគល់ថវិកាសមាគម មិត្តនគរបាលជាតិ កម្ពុជាចំនួន៦លានរៀលជូនក្រុមគ្រួសារសពសម្រាប់ដោះស្រាយក្នុងពិធីបុណ្យ ៕
ដោយ៖ ស៊ុម វណ្ណា





