ក្រុមការងារ សមាគមអតីតយុទ្ធជនខេត្តកណ្តាលចុះសួរសុខទុក្ខ អតីតយុទ្ធជននៅឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ
AKP ភ្នំពេញ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦--ក្រុមការងារ សមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា អ.ន.ក ខេត្ត មន្ទីរសង្គមកិច្ចខេត្តកណ្តាល នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយជូនគ្រួសារអតីតយុទ្ធជន ឈ្មោះ សេង សាមឿន ដែលពីមុនរស់នៅក្នុងខេត្តកណ្តាលបានទៅរស់នៅតំបន់អភិវឌ្ឍន៍ ក្នុងភូមិអូរកខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ដើម្បីជួយលើកស្ទួយជីវភាព ដោះស្រាយ និងសម្រាលទុក្ខលំបាកដល់គ្រួសារអតីតយុទ្ធជនសេង សាមឿន ដែលមករស់នៅទីនេះ តាមយន្តការចងសម្ព័ន្ធមេត្រីភាព មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកណ្តាល បានឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគរួមមាន អង្ករ ១០០គីឡូក្រាម ទឹកត្រី២យួរ ទឹកស៊ីអ៊ីវ ២យួរ ប្រេងឆា២ដប កូនមៀន២០ដើម មន្ទីរ អភិវឌ្ឍន៍ជនបទ ខេត្តកណ្តាល ឧបត្ថម្ភការជីកអណ្តូង០១ សម្រាប់បានទឹកប្រើប្រាស់ ។

សូមបញ្ជាក់ផងដែរថា គ្រួសារអតីតយុទ្ធជន ឈ្មោះ សេង សាមឿន បានទទួល ផ្ទះ និងដីនៅក្នុង មណ្ឌលអភវឌ្ឍន៍ សមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា អ.ន.ក ក្នុងភូមិអូរកខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង កាលពីខែឧសភា ឆ្នាំ២០២៦ កន្លងទៅ ៕

ដោយ ណយ នឿន (ប្រភព៖សមាគមអតីតយុទ្ធជន)





