អាល្លឺម៉ង់ឡើងដល់វគ្គជម្រុះការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៤
AKP ភ្នំពេញ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ -- ក្រុមកីឡាករបាល់ទាត់អាល្លឺម៉ង់បានយកឈ្នះក្រុមកូតឌីវ័រ ២-១ ក្នុងការប្រកួតពូល E លើកទីពីររបស់ពួកគេនៅក្នុងការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក (FIFA World Cup)។ ការប្រកួតនេះត្រូវបានធ្វើឡើងនៅទីក្រុងតូរ៉ុនតូរបស់ប្រទេសកាណាដា។
កីឡាករ ដេនីស អាន់ដេវ រកបានគ្រាប់បាល់ទាំងពីរគ្រាប់សម្រាប់ក្រុមអាល្លឺម៉ង់នៅនាទីទី ៦៨ និងនាទីទី៩០+៤។ កីឡាករ ហ្រ្វេនក៍ កេសស៊ី រកបានគ្រាប់បាល់មួយគ្រាប់ឱ្យក្រុមកូតឌីវ័រនៅនាទីទី៣០។ គ្រាប់បាល់ពីរគ្រាប់របស់អាល្លឺម៉ង់នៅតង់ទីមួយមិនត្រូវបានអនុញ្ញាតទេដោយសារការបំពានច្បាប់។
ក្រុមកីឡាករបាល់ទាត់អាល្លឺម៉ង់ទទួលបានប្រាំមួយពិន្ទុ ដណ្តើមបានចំណាត់ថ្នាក់លេខមួយក្នុងពូល E និងទទួលបានកៅអីមួយក្នុងវគ្គជម្រុះWorld Cup។ ក្រុមអាល្លឺម៉ង់បានឡើងពីវគ្គចែកពូលជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៤ មក នៅពេលដែលពួកគេបានឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកលើកទីបួនរបស់ពួកគេ។ ក្រុមបាល់ទាត់អាល្លឺម៉ង់បានបរាជ័យក្នុងការឡើងហួសពីវគ្គចែកពូលនៅការប្រកួតឆ្នាំ២០១៨ និងឆ្នាំ២០២២។ ក្រុមអាល្លឺម៉ង់បានក្លាយជាក្រុមទីបីដែលធានាបានកៅអីក្នុងវគ្គ ៣២ក្រុមចុងក្រោយ បន្ទាប់ពីសហរដ្ឋអាមេរិក និងម៉ិកស៊ិក។ គូប្រកួតរបស់ពួកគេនៅវគ្គ ៣២ក្រុមចុងក្រោយនឹងត្រូវបានកំណត់នៅពេលក្រោយ។
ព្រឹត្តិការណ៍ប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក កំពុងត្រូវបានធ្វើឡើងនៅសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក។ ការប្រកួតនេះ ដំបូងមានក្រុមចំនួន៤៨ ចូលរួម នឹងបញ្ចប់នៅថ្ងៃទី ១៩ ខែកក្កដា។ អាហ្សង់ទីនគឺជាក្រុមការពារតំណែងជើងឯក៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





