នាយករដ្ឋមន្ត្រីអង់គ្លេស លោក គ័រ ស្តាមើរ នឹងលាលែងពីតំណែងនៅថ្ងៃចន្ទនេះ
AKP ភ្នំពេញ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ -- នាយករដ្ឋមន្ត្រីអង់គ្លេសលោក គ័រ ស្តាមើរ ត្រូវបានគេរំពឹងថានឹងលាលែងពីតំណែងនៅថ្ងៃចន្ទនេះបន្ទាប់ពីទទួលយកថា ពេលវេលារបស់លោកនៅក្នុងតំណែងនេះបានអស់ហើយ។ នេះបើយោងតាមការចុះផ្សាយរបស់ The Observer ដោយដកស្រង់សម្តីសមាជិកសភា និងរដ្ឋមន្ត្រីមកពីគណបក្សពលករ។
ឥឡូវនេះ លោកនាយករដ្ឋមន្ត្រីកំពុងប្រឈមមុខនឹងឱសានវាទពីគណបក្សរបស់លោកផ្ទាល់។ សមាជិកសភាភាគច្រើនមកពីគណបក្សពលករកំពុងគាំទ្រលោក អេនឌី បឺនហាំ អភិបាលក្រុងហ្រ្គេតធើរ មេនឆេស្ទ័រ ដែលទើបតែឈ្នះការបោះឆ្នោតជ្រើសរើសសមាជិកសភា ហើយគ្រោងនឹងស្បថចូលកាន់តំណែងជាសមាជិកសភានៅថ្ងៃចន្ទនេះ។
លោក បឺនហាំ អតីតរដ្ឋមន្ត្រីក្នុងរដ្ឋាភិបាលរបស់លោក ហ្គោដុន ប្រោនបានកម្ចាត់គូប្រជែងអភិរក្សនិយមរបស់លោក និងបានយកឈ្នះលើ Reform UK នៅក្នុងអាសនៈនៃអភិបាលក្រុងហ្រ្គេតធើរ មេនឆេស្ទ័រ ដែលជាលទ្ធផលដែលបានពង្រឹងជំហររបស់លោកយ៉ាងខ្លាំង។
យោងតាមប្រភពព័ត៌មានមួយពីគណបក្សពលករ ដែលត្រូវបានដកស្រង់សម្តីដោយ The Observer បានឱ្យដឹងថា លោក ស្តាមើរ ត្រូវបានគេនិយាយថា បានតស៊ូមតិប្រឆាំងនឹងការពិតដែលថាមិនមានការគាំទ្រ។ការពិត គឺមនុស្សគ្រប់គ្នាដឹងថា នេះលែងជាសំណើដែលអាចទទួលយកបានទៀតហើយ។
អ្នកគាំទ្ររបស់លោក បឺនហាំ បានអះអាងថា លោកទទួលបានការគាំទ្រពីសមាជិកសភាមកពីគណបក្សពលករជាង ២០១រូប ដែលស្មើនឹងជាងពាក់កណ្តាលសមាជិកសភាមកពីគណបក្សពលករ - នេះមានន័យថា លោកស្តាមើរ លែងអាចប្រាប់ព្រះមហាក្សត្រថា លោកទទួលបានទំនុកចិត្តពីសភាទៀតហើយ។ ប្រសិនបើលោក ស្តាមើរ មិនចុះចេញពីតំណែងដោយស្ម័គ្រចិត្តទេ លោក បឺនហាំ ត្រូវបានគេរំពឹងថានឹងប្រកួតប្រជែងជាមួយគាត់សម្រាប់តំណែងជាអ្នកដឹកនាំគណបក្សពលករ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ស្ពុតនីក)





