បញ្ជាការយោធា៖ អ៊ីរ៉ង់នឹងបិទច្រកសមុទ្រហ័រមុសជុំវិញការវាយប្រហាររបស់អ៊ីស្រាអែលនៅលីបង់
AKP ភ្នំពេញ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ -- យោងតាមសេចក្តីថ្លែងការណ៍មួយពីទីស្នាក់ការកណ្តាលប្រតិបត្តិការនៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ បានឱ្យដឹងថា អ៊ីរ៉ង់នឹងបិទច្រកសមុទ្រហ័រមុស ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារជាបន្តបន្ទាប់របស់អ៊ីស្រាអែលលើប្រទេសលីបង់ និងការរំលោភលើអនុស្សរណៈនៃការយោគយល់គ្នារបស់សហរដ្ឋអាមេរិកទាក់ទងនឹងបទឈប់បាញ់នៅគ្រប់ទិសទី រួមទាំងនៅក្នុងប្រទេសលីបង់ផងដែរ។
ទីស្នាក់ការកណ្តាលនៃបញ្ជាការយោធាខាតាំ អាល់-អាន់ប៊ីយ៉ា ត្រូវបានដកស្រង់សម្តីដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ IRIB ថា «ដោយមើលឃើញពីការរំលោភបំពានយ៉ាងច្បាស់លាស់លើការសន្យារបស់សហរដ្ឋអាមេរិក និងការបរាជ័យក្នុងការអនុវត្តប្រការទីមួយនៃអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបញ្ចប់សង្គ្រាម ក៏ដូចជាការឆ្លើយតបទៅនឹងការរំលោភបំពានបទឈប់បាញ់ដែលកំពុងបន្តរបស់អ៊ីស្រាអែលនៅភាគខាងត្បូងប្រទេសលីបង់ ការបិទច្រកសមុទ្រហ័រមុសត្រូវបានប្រកាសឡើង»។
សេចក្តីថ្លែងការណ៍នេះបាននិយាយថា ប្រសិនបើអ៊ីស្រាអែលបន្តឈ្លានពានលើប្រទេសលីបង់ទៀត ទីក្រុងតេអេរ៉ង់នឹងចាត់វិធានការបន្ថែមទៀត ដើម្បីបង្ខំឱ្យខ្លួនបំពេញកាតព្វកិច្ចរបស់ខ្លួន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ស្ពុតនីក)





