ប្រជាពលរដ្ឋខ្មែរគ្រប់រូបនៅតែចាំមិនភ្លេចពីសោកនាដកម្មប្រល័យពូជសាសន៍របស់ពួកខ្មែរក្រហមទោះបីកន្លងផុតទៅប្រមាណ៤៦ឆ្នាំហើយក្តី
AKP ភ្នំពេញ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ -- ក្នុងឱកាសខួបលើកទី៨នៃទិវាជាតិនៃការចងចាំ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ រដ្ឋបាលរាជធានីភ្នំពេញបាននិមន្តព្រះសង្ឃចំនួន១០៨អង្គ បង្សុកូលរាប់បាត្រនៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ដែលជាទីលានពិឃាត មនុស្សអស់ជាង១ម៉ឺននាក់ដ៏សាហាវយង់ឃ្នងក្នុងរបបខ្មៅងងឹតប៉ុល ពត ស្ថិតនៅសង្កាត់ជើងឯក ខណ្ឌដង្កោ ដើម្បីឧទិ្ទសកុសលជូនវិញ្ញាណក្ខន្ធជនរងគ្រោះស្លូតត្រង់ជាង៣លាននាក់ផងដែរដែលត្រូវបានពួកប៉ុលពតកាប់សម្លាប់យ៉ាងរង្គាល ដោយប្រែក្លាយប្រទេសកម្ពុជាទៅជាគំនរឆ្អឹង ស្ទឹងទឹកភ្នែក បន្សល់ទុកជនជរា ស្រ្តីមេម៉ាយ ក្មេងកំព្រា ហេដ្ឋារចនាសម្ពន្ធ័ជាតិទាំងមូលត្រូវបានបំផ្លាញអស់គ្មានសល់ ប្រទេសជាតិធ្លាក់ដល់ចំណុចសូន្យ។ ប្រជាជនកម្ពុជាគ្រប់រូបនៅតែចងចាំមិនភ្លេចចំពោះសោកនាដកម្មរបស់ពួកឃាតករអាវខ្មៅរយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ បើទោះបីជាស្រមោលអន្ធកាលនេះបានកន្លងផុតទៅអស់៤៦ឆ្នាំទៅហើយក្តី។

ពិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ។
ក្នុងសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបលើកទី៨ នៃទិវាជាតិនៃការចងចាំ ២០ ឧសភា ឆ្នាំ២០២៥ ដែលអានដោយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បញ្ជាក់ថា ទិវាជាតិនៃការចងចាំបង្កើតឡើងក្នុងគោលបំណងគោរពវិញ្ញាណក្ខន្ធ និងឧទ្ទិសដល់ជនរងគ្រោះដែលបានស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ រំឭកដល់ជនរងគ្រោះ ស្តារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ ទោះជានៅរស់រានមានជីវិត ឬបានបាត់បង់ជីវិតក៏ដោយ។

រដ្ឋសភានៃសាធារណរដ្ឋប្រជាមានិតកម្ពុជាបានអនុម័តយកថ្ងៃទី២០ ខែឧសភា ជា «ទិវាចងកំហឹង» កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ១៩៨៣ ដើម្បីជាការចងកំហឹងចំពោះ «បនប្រល័យពូជសាសន៍ ប៉ុល ពត អៀង សារី និងខៀវ សំផន» ដែលបានកាប់សម្លាប់ ជិះជាន់ និងធ្វើទារុណកម្មយ៉ាងព្រៃផ្សៃលើប្រជាជនកម្ពុជា ហើយត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំចាប់ពីឆ្នាំ១៩៨៤មក។ ក្រោយឆ្នាំ១៩៩៣ រាជរដ្ឋាភិបាលកម្ពុជា បានប្តូរពី «ទិវាចងកំហឹង» ទៅជា «ទិវាជាតិនៃការចងចាំ» ដោយនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យលេខ១៩ អនក្រ.បក កំណត់យកថ្ងៃទី២០ ខែឧសភា នេះជា «ទិវាជាតិនៃការចងចាំ» វិញ។ មូលហេតុនៃការកំណត់យកថ្ងៃ ២០ ឧសភា ជាទិវាជាតិនៃការចងចាំ មានពីរ៖ ទី១. ថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៧៣ គឺជាថ្ងៃបង្កើតសហករណ៍ដើម្បីប្រមូលផ្តុំប្រជាជនធ្វើការងារក្រុមសាមគ្គី ដោយលុបបំបាត់កម្មសិទ្ធិឯកជន នៅក្នុងតំបន់មួយចំនួនដែលហៅថាតំបន់រំដោះ ដែលស្ថិតក្រោមការគ្រប់គ្រងនៃកងទ័ពរំដោះខ្មែរក្រហម។ គោលនយោបាយនេះត្រូវបានចាប់ផ្តើមអនុវត្តជាថ្មីឡើងវិញនៅឆ្នាំ១៩៧៦ បន្ទាប់ពីខ្មែរក្រហមឡើងគ្រប់គ្រងអំណាចចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ រហូតដល់ថ្ងៃទី០៦ ខែមករា ឆ្នាំ១៩៧៩។ ទី២. មុនពេលឈានដល់ថ្ងៃជ័យជម្នះ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ពោលគឺនៅចន្លោះថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ១៩៧៤ ក្រុមមេដឹកនាំរបបកម្ពុជាប្រជាធិបតេយ្យ ប៉ុលពត និង នួន ជា បានរៀបចំផែនការ និងប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជាទ្រង់ទ្រាយធំ រួមមានការជម្លៀសដោយបង្ខំពីទីក្រុង និងភូមិនានា ពលកម្មដោយបង្ខំ និងការធ្វើបាបនៅតាមការដ្ឋានការងារនិងសហករណ៍ ការចាប់ខ្លួន តាមអំពើចិត្ត ការធ្វើទារុណកម្ម ការបាត់ខ្លួន និងការសម្លាប់ ការរៀបអាពាហ៍ពិពាហ៍ដោយបង្ខំ និងការរើសអើង ប្រឆាំងនឹងក្រុមមនុស្សមួយចំនួនដែលពួកគេចាត់ទុកថាជាខ្មាំង។

ដូច្នេះ ដើម្បីកុំឱ្យរបបនេះវិលត្រឡប់មកវិញ យើងទាំងអស់ត្រូវចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស ព្រោះសន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខទៀត ដោយហេតុថា បើគ្មានសន្តិភាព គឺមានសង្គ្រាម ហើយសង្គ្រាមនឹងធ្វើឱ្យប្រទេសជាតិកាន់តែក្រីក្រ អសន្តិសុខ គ្មានស្ថិរភាព គ្មានការអភិវឌ្ឍ អាចនិយាយបានថាសន្តិភាព គឺមានសក្តានុពល និង សកម្មភាពគ្រប់យ៉ាងដើម្បីការរីកចម្រើនទៅមុខរបស់ប្រទេសជាតិ។
តាមរយៈការអនុវត្តនយោបាយឈ្នះ ឈ្នះ ដោយឈរលើស្មារតីសាមគ្គីភាព និងឯកភាពជាតិក្នុងគោលដៅ បង្រួបបង្រួមប្រជាជាតិទាំងមូល ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ចប់សង្គ្រាមរាំរ៉ៃដោយពុំមានការបង្ហូរឈាមជាតិសាសន៍ឯង សំដៅស្តាឡើងវិញ រក្សាបាននូវសន្តិសុខ និងសុខសន្តិភាព ជូនប្រជាជន ហើយជាប្រទេសដែលកំពុងដើរតួនាទីយ៉ាងសកម្ម ដោយស្មើសិទ្ធិ ស្មើភាព ក្នុងគ្រប់កិច្ចការតំបន់ និងនៅលើឆាកអន្តរជាតិ និងសេចក្តីថ្លៃថ្នូររបស់ប្រជាជនកម្ពុជា។ ក្រោមដំបូលនៃសុខសន្តិភាព ជនរងគ្រោះពីឧក្រិដ្ឋកម្មទាំង ឡាយដែលបានប្រព្រឹត្តឡើងក្នុងរបបខ្មែរក្រហមទទួលបានយុត្តិធម៌តាមរយៈការជំនុំជម្រះក្តី នៅចំពោះមុខអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះដែលរស់រានមានជីវិត និងអ្នកបានបាត់បង់ជីវិតក្តី ក៏ត្រូវបានស្តារឡើងវិញ និងទទួលបានការប៉ះប៉ូវចំពោះការឈឺចាប់ខាងផ្លូវចិត្ត និងផ្នែកសង្គម។
នាថ្ងៃប្រារព្ធទិវាជាតិនៃការចងចាំនេះ មានរៀបចំពិធីសាសនានៅចំពោះមុខស្តូបតម្កល់អដ្ឋិធាតុជាងមួយម៉ឺននាក់ដែលបានគាស់ចេញពីរណ្តៅសពរួមនៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ ដែលត្រូវបានរដ្ឋបាលរាជធានីភ្នំពេញប្រារធ្ធធ្វើពិធីបង្សុកូលជារៀងរាល់ឆ្នាំ ដើម្បីឧទ្ទិសកុសលជូនជនរងគ្រោះដែលបានបាត់បង់ជីវិតយ៉ាងអយុត្តិធម៌ក្នុងរបបវាលពិឃាតខ្មែរក្រហម៕
ដោយ សួស សំរិត





